ប្រជាសហគមន៍លើខ្នងភ្នំគូលែនចិញ្ចឹមមាន់ស្រែលក់កាន់តែច្រើនបន្ទាប់ពីមាន់អាំងប្រឡាក់អំបិលម្ទេសកាន់តែមានឈ្មោះបោះសម្លេង

ខេត្តសៀមរាប៖ដើម្បីបង្កើនជីវភាពគ្រួសារ និងពិសេសក្នុងការរកចំណូលបន្ថែម ប្រជាសហគមន៍ ព្រៃធំ អន្លង់ធំ ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ខេត្តសៀមរាបមួយចំនួនបានងាកមកចិញ្ចឹមមាន់ស្រែ ក្រៅពីការចិញ្ចឹមជ្រូកកណ្តុរ ក៏ដូចជាការរបរកសិកម្មក្នុងសហគមន៍របស់ពួកគាត់។

         ប្រជាសហគមន៍បានលើកឡើងថារបរចិញ្ចឹមមាន់ស្រែមានលក្ខណៈងាយស្រួលដោយក្នុងនេះក្រៅពីចំណាយដើមទុនតិច​ ហើយមិនត្រូវការថែទាំច្រើន ឯការរកប្រាក់ចំណូលនោះក៏មានភាពងាយស្រួលផងដែរ។

          អ្នកស្រី និម ទុំ ប្រជាសហគមន៍រស់នៅក្នុងភូមិ អន្លង់ធំ ឃុំ ខ្នងភ្នំ ស្រុក ស្វាយលើ ខេត្តសៀមរាបបានឱ្យដឹងថា ការចិញ្ចឹមមាន់ស្រែរបស់គាត់មានលក្ខណៈសាមញ្ញដោយគាត់ធ្វើទ្រុងសម្រាប់ឱ្យមាន់ដេក និងមាន់ពង ហើយព័ទ្ធសំណាញ់ជុំវិញដើម្បីកុំឱ្យវាដើរពាសវាល ពាសកាល។គាត់ផ្តល់ចំណីវាក្នុងមួយថ្ងៃ៣ពេលយ៉ាងទៀតទាត់ដោយប្រើស្រូវ និងពេលខ្លះបបរជាមួយបន្លែឱ្យវាស៊ីជាការស្រេច។

           ស្រ្តីវ័យ ៦៩ឆ្នាំរូបនេះបានរៀបរាប់ឱ្យដឹងបន្ថែមថា “ការចិញ្ចឹមមាន់ស្រែឱ្យតែមាន់ធំល្មមខ្ញុំអាចលក់បានមួយគីឡូក្រាមថ្លៃ១៨០០០រៀល។ភាគច្រើនគេទិញយកទៅអាំងពីព្រោះថាមាន់នៅទីនេះជាប្រភេទមាន់ល្អ ហើយពិសេសគេទិញយកទៅអាំងប្រឡាក់អំបិលម្ទេសឃើញថាឆ្ងាញ់ពិសារណាស់”។

     ដោយឡែក លោក លោក ស៊ឹម សុខ ជាប្រជាសហគមន៍រស់នៅលើខ្នងភ្នំគូលែននេះដែរបានឱ្យដឹងថាក្រៅពីចិញ្ចឹមជ្រូក កណ្តុរ លោកចិញ្ចឹមមាន់ក៏អាចរកចំណូលគួរសមសម្រាប់ផ្តត់ផ្គង់គ្រួសារ។ទាំងការចិញ្ចឹមជ្រូកនិងមាន់ក្នុងមួយឆ្នាំចំណូលគាត់អាចរកបានចាប់ពី៤០០០ដុល្លារដល់ជាង៥០០០ដុល្លារ។

           លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំបានឱ្យដឹងថាប្រជាហសគមន៍ដែលរស់នៅលើខ្នងភ្នំគូលែននេះបន្ទាប់ពីតម្រូវការទីផ្សារមាន់ខ្ពស់ពិសេសភាពល្បីល្បាញពីមាន់អាំងអំបិលម្ទេសនិងមាន់ដុតបែបផ្សេងៗទៀតដែលមានរស់ជាតិឈ្ងុយឆ្ងាញ់នោះពួកគាត់ភាគច្រើនក្រៅពីចិញ្ចឹមជ្រូកណ្តុរ ក៏បាននាំគ្នាចាប់អារម្មណ៍មកចិញ្ចឹមមាន់កាន់តែច្រើនឡើង។

          ប្រធានសហគមន៍រូបនេះលើកឡើងដែរថាកន្លងមសហគមន៍បានជំរុញឱ្យប្រជាពលរដ្ឋចូលរៀនវគ្គបណ្តុះបណ្តាលក្នុងការចិញ្ចឹមសត្វ ដែលធ្វើឱ្យការចិញ្ចឹមរបស់ពួកគាត់ទទួលនូវភាពជោគជ័យ និងមិនជួបផលលំបាកដោយសារសត្វឈឺងាប់ច្រើនដូចកាលពីមុនទៀតទេ។

       លោកថាបច្ចុប្បន្នមានប្រជាពលរដ្ឋជាង៧០ភាគរយហើយនៅក្នុងសហគមន៍នេះបានជ្រើសររើសយកមុខរបរចិញ្ចឹមជ្រូកកណ្តុរនិងមាន់សម្រាប់លើកស្ទួយជីវភាពរបស់ខ្លួន។

          ទាក់ទិនក្នុងរឿងនេះដែរ លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ ខេត្ត សៀមរាបបានឱ្យដឹងថាអាជ្ញាធរមូលដ្ឋានតែងជំរុញឱ្យប្រជាសហគមន៍ចិញ្ចឹមសត្វ និងធ្វើកសិកម្ម ដើម្បី លើកកម្ពស់​ជីវភាព​ប្រជាសហគមន៍​មូលដ្ឋាន។

      លោកថាប្រជាពលរដ្ឋកម្ពុជានិយមចូលចិត្តបរិភោគសាច់មាន់ ពិសេសមាន់ស្រែ ឬមាន់​ដែល​ចិញ្ចឹម​ជាលក្ខណៈគ្រួសារ ដែលព្រលែងឱ្យស៊ីចំណីធម្មជាតិក្បែរៗលំនៅដ្ឋាន។ហេតុនេះបើមានភ្ញៀវទេសចរចូលកម្សាន្តភ្នំគូលែនកាន់តែច្រើនតម្រូវទីផ្សារទាំងជ្រូកកណ្តុរនិងមាន់ក៏ខ្ពស់ដែរ ហេតុនេះពលរដ្ឋតែងចាប់អារម្មណ៍ទីផ្សារនេះជានិច្ច។

      គួរបញ្ជាក់ថាមានប្រឡាក់អំបិលម្ទេសអាំងរបស់អ្នករស់នៅលើខ្នងភ្នំគូលែនមានគ្រឿងផ្សំដូចជា ៖អំបិល ម្ទេស ស្ករស ប៊ីចេង បុកបញ្ចូលគ្នាហើយយកមកប្រើញីច្របល់លើសាច់មាន់ឱ្យសព្វ រួចហើយដាក់អាំងឱ្យឆ្អិនជាការស្រេច។

        គួរបញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួនពីរគឺសហគមន៍ព្រៃធំពពេល និងសហគមន៍ព្រៃធំអន្លង់ធំនៅលើឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែនដោយគម្រោងបានយកចិត្តទុកដាក់ពង្រឹងលើផ្នែកទេសចរណ៍ធម្មជាតិ មានទាំងកិច្ចការងារបដិសណ្ឋារកិច្ច ការនាំភ្ញៀវនិងការអភិរក្សជាដើម។លើសពីនេះគម្រោងក៏ជួយឲ្យមានកំណើនជីវភាពប្រជាសហគមន៍តាមរយ:បង្កើនរចិញ្វឹមសត្វជ្រូកកណ្តុរ ការចិញ្ចឹម មាន់និងឃ្មុំព្រៃផងដែរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner