ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន សង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវ

ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា ពិតណាស់យើងមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ដូចប្រទេសដទៃដែរ ដែលនេះគឺការសោកស្តាយមួយ។ ប៉ុន្តែបើគ្មានការសម្រចចិត្តត្រឹមត្រូវនោះទេ គឺសោដនាដកម្មអាចនឹងមានសភាពធ្ងន់ធ្ងរជាងនេះ ហើយចុងក្រោយ សម្តេចតេជោ ក៏អាចសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ ដូចដែលអ្វីដែលសម្តេចធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់នៃរបប ប៉ុល ពត។ ទាំងនេះ គឺជាវីរភាពរបស់សម្តេចតេជោ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ទោះក្នុងកាលៈទេសៈស្មុគស្មាញយ៉ាងណា ក៏សម្តេចអាចគ្រប់គ្រងស្ថានការណ៍ក្នុងការដឹកនាំបញ្ជា ដោយអាចធ្វើការសម្រេចចិត្តអារកាត់ប្រកបដោយការពិចារណាវិនិច្ឆ័យគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងប្រកបដោយការទទួលខុសត្រូវ។

ការបញ្ជាក់នេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ បើកវគ្គបន្តជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្សភ្នំស្រង់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ពាក់ព័ន្ធនឹងស្ថានការណ៍ជំងឺកូវីដ-១៩ មកដល់បច្ចុប្បន្ននេះ ការបន្តរាតត្បាតនៅលើពិភពលោក និងក្នុងតំបន់ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសជាមួយនឹងការរកឃើញនៃវីរុសបំប្លែងថ្មីអូមីក្រុង។ យ៉ាងណាក៏ដោយ កម្ពុជាអាចបន្តការទប់ស្កាត់បានល្អ ហើយអត្រាឆ្លងរក្សានៅកម្រិតទាប។ ឯកឧត្តមបានបន្តថា ទាំងនេះ ក៏ដោយសារកត្តា០២សំខាន់ ទី១.គឺការចូលរួមរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយយន្តការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានបន្តធ្វើការជាប់ជាប្រចាំ ដើម្បីត្រៀមសភាពការណ៍។ ទី២.កត្តាកំណត់ចម្បងបំផុត គឺកត្តាថ្នាក់ដឹកនាំ។ នៅក្នុងដំណាក់កាលទាំងអស់នៃការប្រយុទ្ធនឹងជំងឺនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានទស្សនវិស័យខ្ពស់ និងការវាយតម្លៃសភាពការណ៍ច្បាស់លាស់ ដោយហ៊ានធ្វើការអារកាត់សម្រេចចិត្តបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា។ សំខាន់បំផុត គឺការជ្រើសរើសប្រភេទវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងទូទាំងប្រទេស រហូតបង្កើតបានភាពស៊ាំក្នុងសហគមន៍ ដែលនាំទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ និងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner