ម្ចាស់ប្រាក់ពាន ULTIMATE BOXING CHAMPIONSHIP វី សុភ័ស អះអាងថា ការហ្វឹកហាត់បិទខ្ទប់នឹងធ្វើរូបគេអភិវឌ្ឍសមត្ថភាពកាន់តែខ្លាំង
ជម្រើសជាតិកីឡាប្រដាល់សកលកម្ពុជា កីឡាករ វី សុភ័ស កំពុងតែបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង នៅជំរុំបិទខ្ទប់ ក្នុងក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ដើម្បីសម្រួចសមត្ថភាព ត្រៀមចូលរួមប្រជែងដណ្តើមមេដាយ ស៊ីហ្គេម លើកទី៣១ នាឆ្នាំ២០២២ នៅវៀតណាម ។
វី សុភ័ស អះអាងថា ការប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់ រយៈពេលជាង១ខែនេះ បានធ្វើអោយមានការរីកចំរើនខ្លាំងទាំងបច្ចេកទេស និងកម្លាំង ដោយសារតែមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកីឡា នៃក្រសួងអប់រំយុវជន និងកីឡា មានផែនការហ្វឹកហាត់ច្បាស់លាស់ ។
កីឡាករ វ័យ២១ឆ្នាំ កំពុងឡើងកូដខ្លាំង ក្នុងវិស័យប្រដាល់សកល បានបញ្ជាក់ទៀតថា ការហ្វឹកហាត់បិទខ្ទប់ គឺពេលវេលាហ្វឹកហាត់គ្រប់គ្រាន់ តាមកាលវិភាគ មិនអាចអវត្តមាន ពិសេសទទួលបានការបង្ហាត់ផ្ទាល់ពីគ្រូបរទេស និងគ្រូខ្មែរយ៉ាងយកចិត្តទុកដាក់បំផុត ។ ប៉ុន្តែទោះយ៉ាងណាក្តី វី សុភ័ស ប្តេជ្ញាចិត្តខិតខំហ្វឹកហាត់បំប៉នសមត្ថភាពឲ្យខ្លាំង ដើម្បីដណ្តើមមេដាយឲ្យបានជូនកម្ពុជា ពីស៊ីហ្គេម នៅវៀតណាម ក៏ជាការបង្ហាញខ្លួនលើកដំបូងក្នុងអាជីពប្រដាល់ ។
សូមបញ្ជាក់ថា វី សុភ័ស ជាកីឡាករជម្រើសជាតិប្រដាល់សលកកម្ពុជា មានអាយុ២១ឆ្នាំ និងជាម្ចាស់ប្រាក់លាន កម្មវិធីប្រដាល់ ULTIMATE BOXING CHAMPIONSHIP 2021 កាលពីពេលថ្មីៗនេះផងដែរ ៕