សម្តេចប្រធានព្រឹទ្ធសភា បានណែនាំឱ្យទូតខ្មែរ ទើបតែងតាំងថ្មីនៅប្រទេសចំនួនបីខិតខំពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយ ប្រទេសសាមីឱ្យបានរឹងមាំនិងខ្លាំងក្លាដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រជាជន
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឱ្យ ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ប្រចាំប្រទេសនានា ចំនួនបីរូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំមុននឹងចេញដំណើរ ទៅបំពេញភារកិច្ច។
សមាសភាពឯកអគ្គរាជទូតថ្មី ទាំងបីរូប រួមមានៈ លោក ទុយ រី ឯកអគ្គរាជទូត ប្រចាំប្រទេសជប៉ុន លោក កែវ ឈា ឯកអគ្គរាជទូត ប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងលោក ផន ពៅ ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋហ្វីលីពីន។
នៅក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរ សាទរ ចំពោះឯកអគ្គរាជទូត ទាំងបីរូប ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង ជាឯកអគ្គរាជទូតថ្មី ប្រចាំប្រទេសទាំង បី ។
ក្នុងអាណត្តិបំពេញបេសកកម្មការទូតនេះ សម្តេចប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើចំពោះ លោកទាំង បីរូប ត្រូវយកចិត្តទុកដាក់ សូមយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង ខិតខំពង្រឹងពង្រីក នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងប្រទេសសាមី ឱ្យបានរឹងមាំ និងខ្លាំងក្លា ដើម្បីជាគុណប្រយោជន៍ ដ៏ឧត្តុង្គឧត្តម សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ក្តាប់ជាប់គ្រប់សភាពការណ៍ របស់ប្រទេសជាតិយើង ក៏ដូជាសភាពការណ៍អន្តរជាតិ ដែលមានការពាក់ព័ន្ធនឹងប្រទេសជាតិយើង សំដៅនិងបង្កលក្ខណៈងាយស្រួល សម្រាប់យើងក្នុងការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងរស់នៅ ធ្វើការងារនៅប្រទេស ដែលលោកធ្វើជាឯកអគ្គរាជទូត ។
សូមយកចិត្តទុកដាក់ ក្តាប់គ្រប់សភាពការណ៍ ដែលកើតមានឡើង នៅប្រទេសដែល លោកធ្វើជាឯកអគ្គរាជទូត ហើយជូនព័ត៌មានទាំងអស់នោះ មកដល់ប្រទេសជាតិ យើងវិញ ដើម្បីជ្រាប ឬក៏ដើម្បីយើងមានគោលការណ៍ និងវិធានការ ជាការរឹតចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងបណ្តាប្រទេស ទាំងអស់នោះ។
សូមខិតខំប្រឹងប្រែង ឱ្យមានការផ្លាស់ប្តូរ ទស្សនកិច្ច រវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីជំនាញតាមស្ថាប័ននានា និងខិតខំឱ្យមាន កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកទេស…។ ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ ក៏ដូចជា គុណប្រយោជន៍ប្រទេសកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថាៈ បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោក និងអន្តរជាតិ បាននឹងកំពុងប្រែប្រួល យ៉ាងស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ដូចនេះ សូមលោកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើនយោបាយការទូត ជាមួយនឹងបណ្តាប្រទេសទាំងអស់ ទាំងក្របខណ្ឌទ្វេភាគី ទាំងពហុភាគី ព្រមទាំងជាមួយ ស្ថាប័នអន្តរជាតិនានាផងដែរ ហើយត្រូវគិតគូរពិចារណា ឱ្យបានម៉ត់ចត់ ជាពិសេសមុនធ្វើអ្វីមួយ ត្រូវមានការរាយការណ៍ សុំយោបល់ណែនាំ ពីក្រសួងអាណាព្យាបាល ឬពីរាជរដ្ឋាភិបាល ឱ្យបានច្បាស់លាស់។
ក្នុងនាមឯកអគ្គរាជទូត ទាំងបីរូប លោក ទុយ រី បានសន្យាថា នឹងខិតខំអនុវត្ត តាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រធានព្រឹទ្ធសភា និងខិតខំផ្សព្វផ្សាយ នូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហប្រតិបត្តិការ ជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត និងខិតខំទាក់ទាញជំនួយ នៃប្រទេសជាមិត្ត វិនិយោគិន អ្នកទេសចរ ឱ្យមកកម្ពុជា កាន់តែច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ច សង្គម នៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើន ឡើងថែមទៀត៕