ការប្រកួតបាល់ទាត់ពានរង្វាន់យុវជន ៧មករា ឆ្នាំ ២០២២ បានបញ្ចប់ដោយជោគជ័យ

ការប្រកួតបាល់ទាត់ ពានរង្វាន់យុវជន ៧មករា ឆ្នាំ២០២២ ដែលរៀបចំដោយ​សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយក្លិបបាល់ទាត់បឹងកេត ដោយធ្វើការប្រកួតរយៈពេល ០១ថ្ងៃ នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ បានបញ្ចប់ដោយជោគជ័យ ។

ដោយការប្រកួតនេះមានការចូលរួមក្រោមអធិបតី លោកជំទាវ តិមា វិច្ឆិកាល អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ តំណាង ឯកឧត្តម សាយ សំអាល់ ប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត ឯកឧត្តម កែប ជុតិមា កីឡាករកិត្តិយស ឯកឧត្តម​ ជួប​ ប៉ារីស៍ អគ្គនាយក​ នៃអគ្គនាយកដ្ឋាន​ ចំណេះដឹង​ និងព័ត៌មាន​បរិស្ថាន​ នៃក្រសួងបរិស្ថាន និង លោក បែ មករា ប្រធានកម្មវិធីកីឡា ស.ស.យ.ក រាជធានីភ្នំពេញ និងជាអគ្គលេខាធិកាក្លិបបាល់ទាត់បឹងកេត ។

លោកជំទាវ តិមា វិច្ឆិកាល បានមានប្រសាសន៍ថា ការប្រកួតនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរ អបអរសាទរទិវាជ័យជម្នះ ៧មករា និងដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើម្បីបង្កើតភាពសប្បាយរីករាយ និងបណ្តុះភាពក្លាហាន និងស្មារតីស្រលាញ់កីឡាដល់កុមារ។ ជាពិសេសដើម្បីស្វែងរកក្មេងៗដែលមានទេពកោសល្យ យកទៅបណ្តុះបណ្តាល និងជួយសម្រេចក្តីសុបិន្តចង់ក្លាយជាកីឡាករអាជីពរបស់ពួកគេ។

សូមបញ្ជាក់ថា ការប្រកួត ពានរង្វាន់យុវជន ៧មករា ឆ្នាំ ២០២២ នេះរៀបចំជា ៣ប្រភេទអាយុ គឺអាយុក្រោម ១០ឆ្នាំ អាយុក្រោម ១២ឆ្នាំ និងអាយុក្រោម ១៥ឆ្នាំ ( Under10, Under12, Under15 ) ដែលមានការចូលរួមដោយក្រុមយុវជនមកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងរាជធានីភ្នំពេញ។ សម្រាប់ជ័យលាភីក្រុមដែលទទួលបាន ចំណាត់ថ្នាក់លេខ១ ទទួលបានពានរង្វាន់មួយ អមនឹងមេដាយមាស ១៥គ្រឿង និងឈុតកីឡា ១២ឈុត រួមនឹងបាល់ ១០គ្រាប់ ។ ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ ១៥គ្រឿង និងបាល់ ៦គ្រាប់ និង ចំណាត់ថ្នាក់លេខ ៣ ទទួលបាន មេដាយសំរិទ្ធិ ១៥គ្រឿង និងបាល់ ៤គ្រាប់ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមដែលចូលរួមទាំងអស់ នឹងទទួលបានលិខិតថ្លែងអំណរគុណមួយក្នុង១ក្រុមនិងសម្ភារៈគ្រប់គ្រងបរិស្ថានផងដែរ ។ក្រោយពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីនៃការប្រកួតក៏មានការចូលរួមដាំដើមឈើ ដើម្បីគាំទ្រដល់ការស្រលាញ់បរិស្ថាននិងទុកជាកម្រងអនុស្សាវរីផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner