វៀតណាមគ្រោងទិញ Pfizer ជិត២២លានដូស ចាក់ឲ្យកុមារពី៥ទៅ១១ឆ្នាំ
ក្រសួងសុខាភិបាលវៀតណាមបានស្នើទិញ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួន២១.៩លានដូស ដើម្បីចាក់ជូនកុមារ អាយុចាប់ពី៥ទៅ១១ឆ្នាំ។
សំណើនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ទី២០ មករា ២០២២ ដោយក្រសួងឲ្យដឹងថា មានកុមារប្រមាណ១១លាននាក់ វ័យចាប់ពី៥ទៅ១១ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំង។
រដ្ឋាភិបាលវៀតណាមកំពុងពិចារណាលើសំណើនេះ ដោយនាយករដ្ឋមន្ត្រី ផាម ប៊ិញ មិញ បាននិយាយថា គម្រោងចាក់វ៉ាក់សាំងសម្រាប់កុមារ វ័យពី៥ទៅ១១ឆ្នាំនេហ គឺផ្អែកលើបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗដែលថា វាមានសុវត្ថិភាពនិងប្រសិទ្ធិភាព។
វៀតណាមកំពុងចាក់វ៉ាក់សាំងដល់កុមារដែរ តែវ័យចាប់ពី១២ឆ្នាំឡើង ជាមួយនឹងយុវវ័យរហូតដល់ ១៧ឆ្នាំ ក្នុងនោះ គិតត្រឹមថ្ងៃទី១០ មករា កុមារ ៧.៩លាននាក់បានទទួលការចាក់វ៉ាក់សាំងដូសទី១ ខណៈដែលកុមារ ៥.៩នាក់ បានចាក់ដូសទី២។ ចំពេញមនុស្សពេញវ័យវិញ ទូទាំងប្រទេសសុទ្ធតែបានចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ១ដូស ក្នុងនោះ ៩៣.៤ភាគរយ ទទួលបានចាក់គ្រប់២ដូស និង ១៣.១ភាគរយ ទទួលបានការចាក់គ្រប់ ៣ដូស៕