សម្ដេចតេជោ និងប្រធានាធិបតីឥណ្ឌូនេស៊ី គាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន និងជំរុញឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាសគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន និងជំរុញឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ។ ការប្រកាសគាំទ្រ និងជំរុញដូចនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបព័ត៌មានអំពីលទ្ធផលសំខាន់ៗរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទៅទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ាកន្លងទៅនេះ។ អ្វីដែលសំខាន់នៃទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ា គឺដើម្បីជំរុញដោះស្រាយស្ថានភាពទាល់ច្រក ដើម្បីរកច្រកចេញ ហើយជាពិសេស ស្ថានភាពនៅមីយ៉ាន់ម៉ា ពីមុនហើយនឹងស្ថានភាពនៅពេលនេះ គឺមិនដូចគ្នាទេ ដោយសារមីយ៉ាន់ម៉ា ពីមុនមានរដ្ឋាភិបាលតែមួយ ប៉ុន្តែបច្ចុប្បន្ននេះ គឺថាអាចមានរដ្ឋាភិបាល ២ ឯណោះ។

សម្ដេចតេជោ បានបន្តកិច្ចសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ពាក់ព័ន្ធនឹងអ្វីដែលសម្ដេចគិត និងមានយោបល់ថា អ្វីដែលមីយ៉ាន់ម៉ា ត្រូវការពេលនេះ គឺត្រូវការដំណោះស្រាយដែលមានលក្ខណៈពេញលេញ ហើយមានពេលវេលាយូរអង្វែង ដើម្បីដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ានេះ ដូច្នេះហើយគោលដៅរបស់សម្ដេចតេជោទៅទស្សនកិច្ច មិនមែនបង្កើតភាពស្មុគស្មាញ ឬមួយយ៉ាងណានោះទេ ប៉ុន្តែគឺរកមធ្យោបាយដោះស្រាយភាពទាល់ច្រកនេះ ទម្លាយភាពទាល់ច្រកនេះ ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា ។

សម្ដេចតេជោ បានគូសបញ្ជាក់អំពីការងារផ្សេងៗទៀតដែលពាក់ព័ន្ធនិងយន្តការ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកជាគំនិតនៅក្នុងការបង្កើតជាយន្តការ អាស៊ាន-ត្រយការ ដើម្បីធ្វើយ៉ាងណា ចូលរួមជួយដល់មីយ៉ាន់ម៉ា ហើយនឹងគំនិតផ្ដួចផ្ដើមរបស់ឥណ្ឌូនេស៊ី ដែលចង់បង្កើតក្រុមអ្នកសង្កេតការណ៍ ដោយប្រើប្រាស់មន្ត្រីស្ថានទូតរបស់បណ្ដាប្រទេសអាស៊ានប្រចាំនៅទីក្រុងយ៉ាំងហ្គូន នៃប្រទេសមីយ៉ាន់ម៉ានេះ ។ គំនិតាំងអស់នេះ ឬមួយក៏ការចាប់ផ្ដើមជំនួបការងារផ្សេងៗទាំងអស់នេះ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើសុំថា នឹងឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំគ្នានៅពេលខាងមុខនេះ គឺដើម្បីពិភាក្សា និងរកមធ្យោបាយ ក្នុងការជំរុញការងារនេះ ជាពិសេស នៅក្នុងការជំរុញការធ្វើយ៉ាងណា ជួយដល់មីយ៉ាន់ម៉ានៅពេលខាងមុខនេះ ។

អ្វីដែលសំខាន់នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកអំពីគំនិតផ្ដួចផ្ដើមទាំងអស់នេះ គឺសម្ដេចចង់ឱ្យ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ នឹងជួបគ្នានៅពេលខាងមុខ ដើម្បីពិភាក្សាទៅលើគំនិតផ្ដួចផ្ដើមមួយចំនួន ក៏ដូចជាអ្វីដែលសម្ដេចបានមានប្រសាសន៍នាពេលនេះ ក៏ដូចជាកន្លងមកនេះ រួមទាំងសមិទ្ធផលនៃទស្សនកិច្ចរបស់សម្ដេចតេជោ ទៅមីយ៉ាន់ម៉ាផងដែរ ។

ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ចាត់ទុកថា វិធីដែលសម្ដេចបានជំរុញនេះ គឺមានអត្ថប្រយោជន៍ ប៉ុន្តែសំខាន់ទៅទៀត គឺយើងទាំងអស់គ្នា បន្តអនុវត្តនូវគោលការណ៍ទាំង ៥ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចរួចហើយនេះ ធ្វើយ៉ាងណាជំរុញឲ្យភាគីមីយ៉ាន់ម៉ា អនុវត្តទៅតាមផែនការទាំង ៥នេះ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ និងកោតសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញការងារដែលសម្ដេចបានទៅទសស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ ដើម្បីជំរុញការទម្លាយភាពទាល់ច្រកនេះ។

ឯកឧត្តមក៏បានលើកផងដែរពាក់ព័ន្ធនឹងការធ្វើយ៉ាងណា មិនមែនតែអនុវត្ត ហើយត្រូវធ្វើយ៉ាងណាឱ្យមានការរីកចម្រើន នូវការអនុវត្តផែនការ ៥ចំណុចដែលបានឯកភាពជាឯកច្ឆ័ន្ទនេះ។ ឯកឧត្តមក៏ស្នើសុំ និងឯកភាពផងដែរ ធ្វើយ៉ាងម៉េចរកដំណោះស្រាយទាំងអស់នេះ គឺត្រូវមានការចូលរួមដោយភាគីទាំងអស់ ដូចដែលសម្ដេចធ្លាប់លើកមកហើយ គឺថា ការបង្រួបបង្រួមជាតិ រកដំណោះស្រាយ ត្រូវតែមានការចូលរួមពីភាគីទាំងអស់ ។ ឯកឧត្តមថា ដំណោះស្រាយនយោបាយនេះ គឺជាមធ្យោបាយដែលអាចទទួលយកដោយភាគីទាំងអស់ ។

ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានមានប្រសាសន៍ដែរថា ឥណ្ឌូនេស៊ី ពិតជាគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការងារនេះ។ រីឯចំណុចផ្ដួចផ្ដើមផ្សេងទៀតដូចជា អាស៊ាន-ត្រយការ និងយន្តការផ្សេងទៀតនេះ គឺយើងនឹងពិភាក្សាឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នា ដើម្បីរកមធ្យោបាយក្នុងការជំរុញការងារទៅមុខទៀត។

ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បានអរគុណសម្ដេចនូវកិច្ចសន្ទនាដែលមានសារៈសំខាន់នេះ ហើយឯកឧត្តមសង្ឃឹមថា យើងនឹងស្វែងរកនូវដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ានេះ នៅពេលខាងមុខ ។នៅក្នុងជំនួបនេះដែរ សម្តេចតេជោ ក៏បានថ្លែងនូវការអរគុណឯកឧត្តមប្រធានាធិបតី ចំពោះកិច្ចពិភាក្សានេះ ដើម្បីធ្វើយ៉ាងណា ឱ្យមានវឌ្ឍនភាពនៃការងាររបស់យើង ហើយសម្ដេចបានគូសបញ្ជាក់ដែរថា បច្ចុប្បន្ននេះ អាស៊ាន ពិតជាមានការងារធ្វើច្រើនណាស់ ហើយយើងទាំងអស់គ្នានៅក្នុងអាស៊ាន ក៏មិនត្រូវក្លាយជាចំណាប់ខ្មាំងនៃប្រទេសមីយ៉ាន់ម៉ាផងដែរ ហើយយើងត្រូវតែខិតខំជំរុញធ្វើយ៉ាងណា បោះជំហានទៅមុខ ដើម្បីជំរុញការងាររបស់យើង ដូច្នេះហើយយើងនឹងឱ្យរដ្ឋមន្ត្រីការបរទេសរបស់យើង ជួបពិភាក្សាគ្នានៅពេលខាងមុខនេះ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner