រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើខុសច្បាប់ ២ កន្លែងដែលមានផ្ទៃដីសរុប ៧៨៤ ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់

រាជធានីភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញដីកាប្រកាសបដិសេធនិងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើទីតាំងចំនួន ២ កន្លែងដែលមានផ្ទៃដីសរុប ៧៨៤ ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ត្រង់ចំណុចភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការប្រកាសបដិសេធការកាន់កាប់ និងដក ហូតដីព្រៃឈើនេះធ្វើឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ តាមរយៈដីកាស្តីពីការប្រកាសបដិ សេធ និងដកហូតដីព្រៃនៅក្នុងដែនជម្រកសត្ចព្រៃឱរ៉ាល់របស់រដ្ឋបាលខេត្តកំពង់ស្ពឺចុះហត្ថលេខាដោយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្តកំពង់ស្ពឺក៏ បានទុកពេលវេលាចំនួន ៣០ ថ្ងៃនៃថ្ងៃតវ៉ាដើម្បីទុកសិទ្ធិតវ៉ា។

គួររំលឹកថាដីការបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះគឺជាដីកាទី ៣៥ ដែលបានចេញដើម្បីប្រកាសដកហូតដីព្រៃដែលរុករានទន្ទ្រានកាន់កាប់ដោយខុសច្បាប់មកជាសម្បត្តិរដ្ឋវិញ។ ទាក់ទិនក្នុងរឿងនេះលោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានថ្លែងថា មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានដាក់លិខិតស្នើសុំអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តដើម្បីចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ទុកជាសម្បត្តិរដ្ឋ និងសម្រាប់ស្តារព្រៃឈើឡើងវិញ។

បើតាមលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចាប់តាំងពីឆ្នាំ២០២០ មក រដ្ឋបាលខេត្តកំពង់ស្ពឺបាន ឯកភាពនិងបានចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើតំបន់ការពារ ធម្មជាតិស្ថិតក្នុងភូមិ សាស្រ្តខេត្ត កំពង់ស្ពឺ សរុបចំនួន ៣៥ដីកា ស្មើនឹង ៤១កន្លែង លើផ្ទៃដីសរុបទំហំ ៨,០០០.៥៩ ហិកតា ហើយក្នុងនោះបានដកហូតនូវវត្ថុតាង មួយចំនួនហើយសំណុំរឿងមួយចំនួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុងនោះរួមដីកាទាំង ៣៥ ដែល ចេញក្នុងការប្រកាសបដិសេធនិងដកហូតដៃព្រៃឈើដែលទន្ទ្រានខុសច្បាប់រួមមាន ១-ឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ«គិរីរម្យ» ចំនួន ៦ដីកា ស្មើនឹង ៨ទីតំាង លើ ផ្ទៃដីសរុបទំហំ ២,០៣៧.៣២ ហិកតា ២-ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ចំនួន ១ដីកា ស្មើនឹង ២កន្លែង លើផ្ទៃដីសរុបទំហំ១០៧ ហិកតា ៣-ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលចំនួន ២ដីកា ស្មើនឹង ២កន្លែង លើផ្ទៃដីសរុបទំហំ ២១៣.៨១ ហិកតា ៤-ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចំនួន ២៦ដីកា ស្មើនឹង ២៩ កន្លែងមានផ្ទៃដីសរុប ទំហំ ៥,៦៤៣.០៩៣ហិកតា។

ចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺក្នុងចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលរុករាន ទន្ទ្រានកាន់កាប់ដោយខុសច្បាប់នេះមកជាសម្បត្តិរដ្ឋវិញនេះ ត្រូវបានទទួលស្វាគមន៍ និងកោតសរសើរពីក្រសួងបរិស្ថាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួង បរិស្ថានបានថ្លែងថា៖«នេះគឺជាវិធានការដ៏ម៉ឺងម៉ាត់របស់មន្ទីរបរិស្ថាន និងជាពិសេសរដ្ឋបាលខេត្ត ក្នុង កិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ សូមអរគុណឯក ឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលបានចាត់វិធានការ និងចេញដីកាដកហូតដីព្រៃដែលទន្ទ្រានកាន់កាប់ដោយខុសច្បាប់នេះមកជា សម្បត្តិរដ្ឋ»។

គួរបញ្ជាក់ថាក្រៅពីខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តដែលបានចេញដីកាដកហូតដីព្រៃដែលទន្ទ្រានកាន់កាប់ដោយខុស ច្បាប់ក្នុងតំបន់ការពារធម្មជាតិគ្រប់គ្រងអភិរក្សដោយក្រសួងបរិស្ថានក៏បានដកហូតដីព្រៃតាមសំណើរបស់មន្ទីរបរិស្ថានដែលជាសេនាធិការឱ្យក្រសួងបរិស្ថានផងដែរមានដូចជាខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងបណ្តាខេត្តមួយចំនួនទៀត។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើសុំដល់ អភិបាលខេត្តនានាដែលមានតំបន់ការពារធម្មជាតិដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្តរឹតបន្តឹងនិងពង្រឹងវិធានការច្បាប់បង្ក្រាបនិងទប់ស្កាត់សកម្មភាពនៃការលួចទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យមន្ត្រីឧទ្យានុរក្ស បន្តបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និង ប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមានឱ្យនៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា គ្មានជនណាម្នាក់មានសិទ្ធិ ទិញ លក់ដូរដីក្នុងតំបន់ការពារធម្មជាតិបានទេ។ ក្រសួងបរិស្ថាន ក៏មិនទទួលស្គាល់ការកាន់កាប់ដី ក្នុង តំបន់ការពារដោយខុសច្បាប់នោះដែរ។ កន្លងទៅ ក្រសួងបរិស្ថានក៏ណែនាំទៅអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់និងត្រូវធ្វើមោឃភាពចោលរាល់ការចុះហត្ថលេខាឬការបញ្ជាក់ការកាន់កាប់ដីដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិរួមទាំងតំបន់របៀងអភិរក្សជីវចម្រុះផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា៖ «ខ្ញុំសុំបញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ឬក៏ទិញលក់ដីធ្លីក្នុងតំបន់ធម្មជាតិបានទេ។ ក្រសួងបរិស្ថានសុំឱ្យប្រជាពលរដ្ឋដែល មិនបានយល់ ដឹងអំពីច្បាប់ សូមឈប់ចាញ់បោកជនខិលខូចបន្តទៀតនិងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុស ច្បាប់ទាំងឡាយនិងបញ្ឈប់ជាបន្ទាន់នូវការទិញដូរដីរដ្ឋនិងការបញ្ជាក់ការទិញដូរដីរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ហើយរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង ហើយប្រគល់ដីនោះឱ្យក្រសួង បរិស្ថានគ្រប់គ្រងវិញ។ បើពុំនោះទេ នឹងប្រឈមមុខនឹងផ្លូវច្បាប់»៕ ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner