រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានអនុញ្ញាតិឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកនិងគណ:តិភូចូលជួបភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ
ជំនួបពិភាក្សា បានធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានអនុញ្ញាតិឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំកម្ពុជាលោក Martin Vavra រួមជាមួយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Antonin Palizek ប្រធានមជ្ឈមណ្ឌលសិក្សាពីកំណើត (Perinatology) និងគ្លីនិករោគស្ត្រីនិងសម្ភពនមហាវិទ្យាល័យវេជ្ជសាស្ត្រទី១ សាកលវិទ្យាល័យ Charles ទីក្រុងប្រាគ និងសាកលវិទ្យាល័យមន្ទីរពេទ្យ ទូទៅទីក្រុងប្រាគ ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខា ភិបាលនៃប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន របស់ ឯកអគ្គរដ្ឋទូត និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត និងគណៈប្រតិភូ ដែលបានអញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ ចំពោះការជួយឧបត្ថម្ភរបស់ប្រទេសឆែក ដូចជាការសាងសង់មណ្ឌលសុខភាពចំនួន ០៣ គឺមណ្ឌល សុខភាពរាមអណ្ដើក មណ្ឌលសុខភាពធ្លាប្រជុំ និងមណ្ឌលសុខភាពត្រពាំងក្រញូង និងអគារសម្ភពក្នុង មន្ទីរពេទ្យបង្អែកកោះអណ្តែត និងការបណ្ដុះបណ្ដាលដល់មន្ត្រីសុខាភិបាលខេត្តតាកែវ។
ឯកអគ្គរដ្ឋទូត បានជម្រាបថា ចាប់តាំងពីឆ្នាំ២០១៩មក ឆែកបានជួយគាំទ្រដល់មូល ដ្ឋានសុខាភិបាលមួយចំនួនតាមរយៈអង្គការជាដៃគូរបស់ខ្លួន ដូចជាមន្ទីរពេទ្យកុមារជាតិ ,វិទ្យាស្ថានជាតិសុខភាពសាធារណៈ , មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង តាមរយៈគម្រោង ការផ្គត់ផ្គង់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ និងសម្លៀកបំពាក់សុវត្ថិភាពសម្រាប់បុគ្គលិកសុខាភិបាល (PPE)។លោកសាស្ត្រាចារ្យ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសុខាភិបាល ដែល តែងតែសហការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់ឆែកក្នុងការអនុវត្តគម្រោងនានា។ លោកសាស្ត្រាចារ្យបានស្នើសុំការគាំទ្រពី រដ្ឋមន្ត្រី ដើម្បីចុះទៅធ្វើការសិក្សាទៅលើគម្រោងដែលបានអនុម័ត និង ពិភាក្សាការងារជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។ជាការឆ្លើយតប រដ្ឋមន្ត្រី បានគាំទ្រចំពោះសំណើសុំទៅទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង និងបានជូនពរដល់គណៈប្រតិភូឱ្យទទួលបានជោគជ័យ និងស្នាក់នៅខេត្តកំពង់ឆ្នាំងប្រកបដោយសុវត្ថិ ភាព។ រដ្ឋមន្ត្រី ក៏បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាលនៃប្រទេសទាំងពីរមិនត្រឹមតែពង្រឹងប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ តែចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែកនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកជាលំដាប់៕