សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រតិភូអភិបាលក្រុងប្រើប្រាស់ភាសាបារាំងថា រាជធានីភ្នំពេញ កំពុងជួបបញ្ហា ប្រឈមថ្មីៗមួយចំនួន ដែលកំពុងយកចិត្តទុកដាក់ដោះស្រាយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម គ្រីស្យង់ រ៉ូហ្សេ អូគេមបា ( Christian Roger Okemba ) អភិបាលក្រុង ប្រាហ្សាវិល ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ចូល ជួបសម្តែងការគួរសម នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជធានីភ្នំពេញ កំពុងជួបបញ្ហាប្រឈមថ្មីៗមួយចំនួន ដែលកំពុងយកចិត្តទុកដាក់ដោះស្រាយ ។

តាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តម គ្រីស្យង់ រ៉ូហ្សេ អូគេមបា តំណាងឲ្យប្រតិភូទាំងមូល បានមានប្រសាសន៍ថា ប្រតិភូ អភិបាលក្រុងប្រើប្រាស់ ភាសាបារាំង បានមកកាន់កម្ពុជា ថ្វីត្បិតតែមិនទាន់បានធ្វើទស្សនកិច្ច នៅទូទាំងទីក្រុងភ្នំពេញក៏ដោយ ក៏ប៉ុន្តែ អ្វីដែលបណ្ដាអភិបាលក្រុងទាំងអស់សង្កេតឃើញ និងវាយតម្លៃនោះបានឃើញថា រាជធានីភ្នំពេញ គឺជាទីក្រុង មួយ ដែលមានភាពចំណាស់ ហើយក៏មានភាពធន់ និងស្រស់បំព្រងផងដែរ ក្នុងន័យនេះ ឯកឧត្តម និងប្រតិភូ ទាំងមូល នឹងប្រឹងប្រែង ធ្វើយ៉ាងណាធ្វើការសង្កេតការណ៍ ដើម្បីយកបទពិសោធន៍ទាំងនេះ ទៅអនុវត្តនៅតាម ប្រទេសរបស់គាត់ រៀងៗខ្លួនថែមទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទីក្រុងភ្នំពេញ បានកសាងឡើងជំនាន់ បារាំង ហើយក៏បានកសាងឡើងថែមទៀត នៅជំនាន់ ដែលកម្ពុជាទទួលបានឯករាជ្យ ប៉ុន្តែអ្វីដែលជាការសោក ស្ដាយនោះ ទីក្រុងភ្នំពេញ ត្រូវបានបំផ្លាញដោយរបបប្រល័យពូជសាសន៍ប៉ុលពត ។ នៅពេលដែល សម្ដេច តេជោ វិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ទីក្រុងទាំងមូល គឺមានប្រជាជន តែ៧០នាក់តែប៉ុណ្ណោះ ហើយ ទីក្រុងទាំងមូលពុំមានបញ្ហាប្រឈមច្រើនទេ បញ្ហាប្រឈមនៅពេលនោះ គឺពុំមានមនុស្សរស់នៅ ពុំមានចរាចរ ឡានបើកបរ ប៉ុន្តែផ្ទុយទៅវិញ នៅពេលនេះ រាជធានីភ្នំពេញ គឺជួបប្រឈមនឹងបញ្ហាថ្មីៗជាច្រើន ៖

ទី១.គឺបញ្ហា ចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលនាំទៅដល់ ការស្លាប់ប្រជាជនច្រើន ហើយការធ្វើដំណើរមានការយឺត យ៉ាវ។

ទី២ គឺបញ្ហាប្រឈមខ្វះចំណតរថយន្ត, ក្នុងន័យនេះ សម្ដេចតេជោ ក៏បានជម្រាបជូន ប្រតិភូទាំងមូលថា សម្ដេចបានណែនាំឯកឧត្តមអភិបាល ពិនិត្យនិងធ្វើយ៉ាងណា ជំរុញឲ្យមានការវិនិយោគ ទៅលើការបង្កើត ចំណតរថយន្តនៅក្រោមសួនច្បានានាដើម្បីដោះស្រាយបញ្ហានេះ។

ទី៣ គឺបញ្ហាសំរាម ដែលកំពុងតែប្រឈម, សម្ដេចលើកឡើងថា រាជធានីភ្នំពេញ គឺមានសំរាមប្រមាណ៣ពាន់តោនក្នុង១ថ្ងៃ ហើយបើយើងមិនប្រមូល ទាន់ទេ សម្រាម នេះនឹងពូនឡើង ធ្វើឲ្យមានបញ្ហាដល់សោភណភាពផង អនាម័យទីក្រុងផង។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ដើម្បីដោះស្រាយបញ្ហានេះ កម្ពុជា កំពុងជំរុញ ឲ្យមានការចូល រួមពី វិស័យផ្សេងៗក៏ដូចជាវិស័យឯកជនដែរ ដើម្បីធ្វើយ៉ាងណា កែប្រែសម្រាមនេះ ឲ្យទៅជាថាមពលអគ្គិសនី យក មកប្រើប្រាស់ឡើងវិញ និងបញ្ហាទី៤បញ្ហាអាសំណល់រាវ, រាជធានីភ្នំពេញ គឺជារាជធានីមួយ ដែលមានកំពស់ ទាប ហើយពីដើមឡើយ សុទ្ធសឹងតែបឹងបួរ ហើយក្នុងន័យនេះ ការបង្ហូរសំណល់រាវ ទៅទន្លេ ទៅបឹងបួរនោះ ពុំទាន់មានការធ្វើ អាងប្រព្រឹត្តិកម្មឬក៏អាងចម្រោះ បានត្រឹមត្រូវនៅឡើយ នេះក៏ជាបញ្ហាប្រឈមដែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហានេះ គប្បីណា យកមកពិចារណាដោះស្រាយ មុន នឹងជំរុញការអភិវឌ្ឍទីក្រុងថ្មី។ ជាមួយនឹង បញ្ហាប្រឈមនេះ សម្តេចតេជោ ក៏បានលើកឡើងដែរថា យើងមាន បញ្ហាប្រឈមនេះ បណ្ដាលមកពីការអភិវឌ្ឍ ដែលមានភាពជឿនលឿនជាទីបំផុត ហើយការអភិវឌ្ឍនេះ គឺបាន មកអំពីកត្តាសុខសន្តិភាព ស្ថេរភាព ដែលកម្ពុជាមាន, ទាំងនោះគឺជាកត្តាទាក់ទាញ នៃការវិនិយោគ ហើយការ វិនិយោគនេះហើយ ដែលលេចចេញ នូវបញ្ហាប្រឈមថ្មីៗ ដែលកម្ពុជាកំពុងតែជួបប្រទះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner