ចិនបង្ហាញការព្រួយបារម្ភចំពោះការដកខ្លួនផ្នែកការទូតរបស់សហរដ្ឋអាមេរិក
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសរបស់លោកបានសម្តែងការព្រួយបារម្ភ និងការមិនពេញចិត្តយ៉ាងខ្លាំងរបស់ខ្លួន ចំពោះការពិចារណារបស់សហរដ្ឋអាមេរិក ក្នុងការដកអ្នកការទូតរបស់ខ្លួនត្រលប់ទៅស្រុកវិញ ដោយសារចិនដាក់បម្រាមកូវីដ១៩តឹងតែងពេក ស្របពេលដែលព្រឹត្តិការណ៍អូឡាំពិករដូវរងា នឹងឈានមកដល់។
លោក Zhao បានសង្កត់ធ្ងន់ថា វិធានការត្រួតពិនិត្យជំងឺរាតត្បាតរបស់ប្រទេសចិន គឺស្របតាមអនុសញ្ញាទីក្រុងវីយែ្យន ស្តីពីទំនាក់ទំនងការទូត និងអនុសញ្ញាទីក្រុងវីយែ្យន ស្តីពីទំនាក់ទំនងកុងស៊ុល។ លោកបន្ថែមថា ចិនគឺជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ហើយការដកខ្លួនចេញពីកន្លែងដែលមានសុវត្ថិភាពបំផុត នឹងបង្កើនហានិភ័យនៃការឆ្លងដល់បុគ្គលិកអាមេរិកយ៉ាងខ្លាំង។ តក្កវិជ្ជានៃការសម្រេចចិត្តរបស់ភាគីសហរដ្ឋអាមេរិក គឺមិនអាចយល់បាន និងពិបាកក្នុងការបង្ហាញអំពីភាពត្រឹមត្រូវ។
គួរបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង បានស្នើសុំក្រសួងការបរទេសរបស់ខ្លួនអនុញ្ញាតឱ្យអ្នកការទូត និងគ្រួសាររបស់ពួកគេត្រលប់ទៅស្រុកវិញជាផ្លូវការ ដោយសារតែចិនដាក់បម្រាមកូវីដ-១៩តឹងតែងពេក។ បម្រាមទាំងនោះ រួមមានការបង្ខំឱ្យចូលព្យាបាលទៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក៏ដូចជាការពង្រាត់ចេញពីកូនៗរបស់អ្នកការទូតនោះ នៅពេលព្យាបាលជំងឺ៕ ប្រភព៖ CGTN

