យើងកសាងភូមិ ឃុំ សង្កាត់ និងជីវភាពរស់នៅ​ប្រចាំថ្ងៃរបស់ប្រជាជន

ភ្នំពេញ៖ ក្នុងរយៈពេលជាង ៤៣ ឆ្នាំ កន្លងទៅ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិ ពីក្នុងស្ថានភាពមួយដែលវិស័យសេដ្ឋកិច្ច-សង្គមស្ថិតចំនុចលេខសូន្យរហូតឈានមកដល់ការបង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជាច្រើនរាប់មិនអស់រួមមាន ការរំដោះជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ការរំលត់ភ្លើងសង្គ្រាម បង្កើតបាននូវសុខសន្តិភាព ការស្តារ និងអភិវឌ្ឍប្រទេស ការការពារបាននូវខឿនឯករាជ្យ និងអធិបតេយ្យជាដើម។ តាមរយៈនេះ ប្រជាជនបានមើលឃើញច្បាស់នូវតួនាទីដឹកនាំមិនអាចខ្វះបានរបស់គណបក្ស ហើយបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការផ្តល់សច្ចធម៌ជូនគណបក្ស និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំប្រទេស ។ គ្រប់ការបោះឆ្នោត ទាំងការបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះគ្រប់អាណត្តិ និងមានឱកាសបានដឹកនាំប្រទេសជាតិ ឲ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅបំផុត លើគ្រប់វិស័យទាំងអស់ ។

នៅតាមបណ្តាមូលដ្ឋានភូមិ ឃុំ-សង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មី ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ ។ តាមរយៈសមិទ្ធផលដែលសម្រេចបាននេះ បានធ្វើឲ្យប្រជាជនមើលឃើញកាន់តែច្បាស់អំពីសមត្ថភាព លទ្ធភាព ការប្តេជ្ញាចិត្តរបស់គណបក្សក្នុងការជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ហើយសមិទ្ធផលដែលបានកើតឡើងជាបន្តបន្ទាប់នេះ បានក្លាយទៅជាប្រយោជន៍រួមរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ។ ជាក់ស្តែង ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា  ការកសាងសាលារៀន មន្ទីរពេទ្យ ការកសាងប្រព័ន្ធស្រោចស្រពលើដីកសិកម្ម ការលើកកម្ពស់ឧស្សាហកម្ម សិប្បកម្មកែច្នៃ ការបង្កើត និងពង្រីកមុខរបរការងារ ការមិនយកពន្ធលើដីកសិកម្ម ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សន្តិសុខទឹក និងសន្តិសុខថាមពលអគ្គិសនី ការអភិវឌ្ឍ និងគ្រប់គ្រងផ្សារ ការលើកកម្ពស់សមត្ថភាព និងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងសហគមន៍នានា ដូចជា សហគមន៍ការពាតំបន់ធម្មជាតិ សហគមន៍ការពារព្រៃឈើ សហគមន៍ទេសចរណ៍ សហគមន៍នេសាទ សហគមន៍កសិករប្រើប្រាស់ទឹក។ល។ សុទ្ធតែបានរួមចំណែកដ៏មានប្រសិទ្ធភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ។ គោលនយោបាយសំខាន់ៗជាច្រើន ត្រូវបានដាក់ចេញស្របតាមគោលបំណងសំណូមពរ និងបម្រើឲ្យផលប្រយោជន៍​ក្នុងជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាជន ។ ការផ្តល់សេវាសាធារណៈជូនប្រជាជនត្រូវបានជំរុញអនុវត្តយ៉ាងសកម្ម ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ក្នុងគ្រួសារកសិករក្រីក្រ រួមជាមួយការផ្តល់សេវាអប់រំ សេវាសុខាភិបាល និងបណ្តាសេវាដទៃទៀត បានជួយរួមចំណែកយ៉ាងសំខាន់ និងប្រកបដោយប្រសិទ្ធភាព សម្រាប់បម្រើឲ្យសំណូមពររបស់ប្រជាជន ។ នៅពេលដែលប្រទេសជាតិជួបនឹងគ្រោះវិបត្តិនៃជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ពុះពារការលំបាកសព្វបែបយ៉ាង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ យុទ្ធវិធី ប្រកបដោយភាពឈ្លាសវៃ សង្គ្រោះអាយុជីវិតរបស់ប្រជាជនទូទាំងប្រទេស​ ទាំងទីក្រុង ទាំងទីជនបទ ភូមិ ឃុំ-សង្កាត់ឆ្ងាយដាច់ស្រយាលឲ្យរួចផុតពីគ្រោះហានិភ័យនេះ ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលត្រូវធ្វើនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលកំពុងធ្វើដំណើរទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ប្រជាជនកម្ពុជា បានមើលឃើញច្បាស់ហើយនូវការផ្លាស់ប្តូរយ៉ាងធំធេងរបស់ប្រទេសជាតិ ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងទៅ ។ ដោយឡែកការប្រែប្រួលមុខមាត់ថ្មីនៅតាមភូមិ ឃុំ-សង្កាត់ ដែលប្រជាជនយើងរស់នៅដោយផ្ទាល់គឺជាភស្តុតាងជាក់ស្តែងនៃការរីកចម្រើនរបស់មូលដ្ឋាន គ្មានអ្នកណាអាចមកបំភ្លៃការពិតទាំងនេះបានឡើយ ហើយប្រជាជនយើងសុទ្ធតែទទួលបានដោយផ្ទាល់នូវផលប្រយោជន៍ទាំងនេះ ដោយក្តីមោទនភាព ។​ ដោយឡែក សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ ក៏ជាជោគជ័យ និងជាផ្លែផ្កាដ៏ត្រចះត្រចង់ កើតចេញពីការអនុវត្តគោលនយោបាយរបស់គណបក្ស ដើម្បីអភិវឌ្ឍភូមិ ឃុំ-សង្កាត់ឆ្នាំ ២០១៧-២០២២ ក្រោមម្លប់នៃសន្តិភាព។

ដើម្បីបន្តអភិវឌ្ឍភូមិ ឃុំ-សង្កាត់ឲ្យមានការរីកចម្រើនថ្មីទៀត គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ ឆ្នាំ ២០២២-២០២៧ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកសមិទ្ធផលទាំងឡាយនៅតាមភូមិ ឃុំ-សង្កាត់រយៈពេល ៥ ឆ្នាំបន្តទៀត ។ ប្រជាជននៅទូទាំងប្រទេសសុទ្ធតែបានមើលឃើញច្បាស់នូវសមត្ថភាពដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន ប្រសូត្រចេញពីប្រជាជន និងដើម្បីប្រជាជន ពិតជាមានគុណតម្លៃខ្ពស់បំផុត ហើយគ្មានគណបក្សនយោបាយណាមួយអាចប្រៀបប្រដូចបានឡើយ ។ ដោយធ្លាប់បានរស់នៅរួមសុខ រួមទុក្ខ និងឆ្លងកាត់ឧបសគ្គក៏ដូចជាការងាយស្រួលជាមួយគ្នាអស់រយៈពេលរាប់សិបឆ្នាំហើយនោះ ប្រជាជនកម្ពុជា តែងតែជឿជាក់ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិ ជាមួយនឹងជំនឿទុកចិត្តយ៉ាងមុតមាំថា មានតែគណបក្សប្រជាជនកម្ពុជា ដែលជាក្តីសង្ឃឹម និងជាបង្អែកដ៏កក់ក្តៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ។ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ គណបក្សប្រជាជនកម្ពុជា នឹងបន្តទទួលការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា ដើម្បីដឹកនាំធ្វើឲ្យមានការអភិវឌ្ឍធំៗថ្មីៗថែមទៀតនៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner