ឯកឧត្តម ស សុខា៖ បើមិនស្គាល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាច្បាស់ទេ កុំនិយាយល្អជាង!
ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រុមប្រឆាំងគ្មានគំនិតបង្កើតថ្មី គ្មានផែនការយុទ្ធសាស្ត្រជាក់ច្បាស់ ដើម្បីយកឈ្នះគណបក្សប្រជាជនកម្ពុជា ក្រៅតែពីប្រើសិល្ប៍បំបែកផ្ទៃក្នុងនោះទេ។ យុវជន និងប្រជាពលរដ្ឋខ្មែរយល់ច្បាស់ប្រកបដោយសុភវិនិច្ឆ័យលើយុទ្ធវិធីទុច្ចរិតដដែលៗទាំងនេះ។ បើមិនស្គាល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាច្បាស់ទេ កុំនិយាយល្អជាង។
នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី០៣ ខែកុម្ភៈនេះ ឯកឧត្តម ស សុខា បានសរសេរថា “ជាដដែលៗ ខ្ញុំនៅតែមានការសោកស្ដាយ ដែលបានឃើញសកម្មភាពកាត់តរូបភាពក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះ។ ដូចគ្នាដែរ ការលាបពណ៌ដើម្បីកេញចំណេញនយោបាយខុសពីភាពពិតជាក់ស្ដែង ដោយបង្កើតប្រធានបទវាយប្រហាររាជរដ្ឋាភិបាលក្ដី គណបក្សប្រជាជនកម្ពុជាក្ដី ឬបង្កើតរឿងវាយប្រហារត្រង់ៗលើបុគ្គលក្ដី គ្មានអ្វីក្រៅតែពីចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សនោះឡើយ។ នេះមានន័យថា ក្រុមប្រឆាំង គ្មានគំនិតបង្កើតថ្មី គ្មានផែនការយុទ្ធសាស្ត្រជាក់ច្បាស់ ដើម្បីយកឈ្នះគណបក្សប្រជាជនកម្ពុជា ក្រៅតែពីប្រើសិល្ប៍បំបែកផ្ទៃក្នុងនោះ។”
ឯកឧត្តម ស សុខា យល់ថា យុវជន និងប្រជាពលរដ្ឋពលរដ្ឋខ្មែរ លោកយល់ច្បាស់ប្រកបដោយសុភវិនិច្ឆ័យលើយុទ្ធវិធីទុច្ចរិតដដែលៗទាំងនេះ។ ទាំងសកម្មភាពកាត់តរូបភាពទម្លាក់កំហុសលាបពណ៌ និងសំណេរញុះញុងជាបន្តបន្ទាប់ពីសំណាក់ក្រុមប្រឆាំងនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាព និងសីលធម៌នយោបាយរបស់ពួកគេ! ជារួម វាគ្រាន់តែជារបៀបវារៈនយោបាយចាស់គំរិលបែបច្រំដែលៗ ក្នុងចេតនាញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា តែដែលពុំអាចទៅរួច ឬគ្មានប្រសិទ្ធភាពនោះឡើយ។
ឯកឧត្តម ស សុខា បានផ្ញើសារទៅក្រុមប្រឆាំងថា ប្រសិនបើយុទ្ធសាស្ត្រ និងយុទ្ធវិធីនយោបាយចាស់ៗទាំងឡាយណាដែលដាក់ចេញទៅគ្មានប្រសិទ្ធផល និងគ្មានស័ក្ដិសិទ្ធិភាពទេ គួរណាស់ផ្លាស់ប្ដូរវិធី។ លើសពីនេះ បើរបៀបវារៈនយោបាយណាមានចរិតអវិជ្ជមាន គ្មានសីលធម៌ មិនបានផល គប្បីដាក់ចេញរបៀបវារៈបែបវិជ្ជមាន មានសីលធម៌វិញប្រសើរជាង។ សូមចាំថា បើមិនស្គាល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាច្បាស់ទេ កុំនិយាយល្អជាង!៕
ដោយ:ពលជ័យ