មន្រ្តីកម្ពុជា ចាត់ទុកសុន្ទរកថារបស់សម្តេចតេជោ ថ្លែងក្នុងពិធីទទួលពានរង្វាន់ស៊ុនហាក់ ឆ្នាំ២០២២ បានផ្តល់នូវការរំជួលចិត្តមិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានផ្តល់នូវភាពរំជួយចិត្តដល់ពិភពលោកទាំងមូល

ភ្នំពេញ៖ មន្រ្តីកម្ពុជា បានចាត់ទុកសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីទទួលពានរង្វាន់ស៊ុនហាក់ឆ្នាំ២០២២ បានផ្តល់នូវការរំជួលចិត្តមិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានផ្តល់នូវភាព រំជួយចិត្តដល់ពិភពលោកទាំងមូល ។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យគណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកល ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ក្នុងពេលដែលគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជូនពរ និងចំរៀងជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ
នាព្រឹកថ្ងៃទី១៣ កុម្ភៈ មុនពេលអញ្ជើញចូលរួមសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ ។

ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍ថា សុន្ទរកថារបស់សម្តេច ថ្លែងក្នុង ពិធីទទួលពានរង្វាន់ស៊ុនហាក់ឆ្នាំ២០២២ ដែលបានថ្លែងកាលពីថ្ងៃទី១២កុម្ភៈ ផ្តល់នូវការរំជួយចិត្តមិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានផ្តល់នូវភាព រំជួយចិត្តដល់ពិភពលោកទាំងមូល តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីសាធារណរដ្ឋកូរ៉េ។

សូមរំលឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលពានរង្វាន់ស្នាដៃសន្តិភាពពិសេសរបស់ស្ថាបនិក អង្គការសន្តិភាពសកល នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងសុន្ទរកថារបស់សម្ដេចតេជោ បានបញ្ជាក់ថា សម្រាប់ខ្ញុំ, ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២នេះ មិនមែនបានមកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសាកសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា ។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា សម្រាប់ខ្ញុំ, សន្តិភាព មានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវ ទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហឹង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃប៉ុណ្ណានោះ។

ជាមួយគ្នានេះ សម្ដេចតេជោ បានឯកភាពចំពោះទស្សនៈរបស់ លោក ស៊ុន ម៉ុងមូន និងលោកស្រីបណ្ឌិត ហាក់ ចាហានមូន ដែលបានលើកឡើងថា “សន្តិភាព គឺជាសកម្មភាពជាក់ស្តែង មិនមែនជាក្តីសុបិនដែលស្រពេចស្រពិលនោះទេ»។ នេះជាមូលហេតុដែលរដ្ឋា ភិបាលរបស់ខ្ញុំ បានយកសន្តិភាព ជាអាទិភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និងបោសសម្អាតមីនរបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការស្ដារសន្តិភាពនៅបណ្តាតំបន់ទាំងនោះ។ ជាងនេះទៅទៀត, ទោះបីជាប្រទេសកម្ពុជាតូចក៏ដោយ ក៏កម្ពុជាបានចូលរួមចំណែកដល់ដំណើរការ នៃការស្វែងរកសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ប្រកបដោយសុច្ឆន្ទៈ, ការទទួលខុសត្រូវ និងភាពស្មោះត្រង់ផងដែរ។

សូមជម្រាបថា បើតាមឯកសារដែលផ្ដល់ដោយ SUNHAK Peace Prize បានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព ដោយបានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាសន្តិភាពអន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាព រួមទាំងកម្មវិធី ដែលរៀបចំដោយសហព័ន្ធសន្តិភាពសកល (UPF) ហើយជាពិសេស បានបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅអាស៊ីអាគ្នេយ៍។ ជាពិសេស សម្រាប់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើជាសហប្រធាននៃ“កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ” ស្របតាមគម្រោងសន្តិភាពកូរ៉េតែមួយ ដែលជាដំណើរការសន្តិភាពថ្មី នៅលើឧបទ្វីបកូរ៉េ ហើយដែលស្នើឡើងដោយលោកស្រីបណ្ឌិត ហាក់ ចា ហាន់មូន៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner