រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា បានអំពាវនាវដល់យុវជនយុវនារីត្រូវយកថ្ងៃ១៤កុម្ភៈ ប្រែក្លាយជាទិវានៃក្តីស្រឡាញ់និងដើម្បីតបស្នងនូវការដឹងគុណចំពោះឪពុកម្តាយ ក្រុមគ្រួសារ មិត្តភ័ក្ត្ររបស់ខ្លួន និងកុំធ្វើអ្វី ដែលប្រាសចាកពីប្រពៃណីដ៏ល្អ របស់ខ្មែរ
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម សខេង បានថ្លែងអំពាវនាវដល់ស្រទាប់យុវវ័យជាយុវជន-យុវនារីទាំងអស់ត្រូវប្រែក្លាយ និងយកថ្ងៃទី១៤ខែកុម្ភៈខាងមុខនេះ ឲ្យប្រែក្លាយនូវទង្វើក្នុងការប្រតិបត្តិនិងការគោរពតបស្នងដល់អ្នកមានគុណដោយត្រូវផ្តល់នូវសេចក្តីស្រឡាញ់របស់ខ្លួន ជូនចំពោះអ្នកមានគុណ និងការដឹងគុណូបក្ការៈ របស់មាតាបិតា ឪពុកម្តាយ ខ្លួនឲ្យបានប្រសើរ ហើយសុំកុំយកថ្ងៃ១៤កុម្ភៈនាំគ្នាប្រព្រឹត្តនូវទង្វើប្រាសចាកពីទំនៀមទំលាប់និងប្រពៃណីដ៏ល្អរបស់ខ្មែរយើងឲ្យសោះ។
ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញអមដំណើរ លោកជំទាវ ញ៉ែម សាខន – ស ខេង ជាប្រធានក្រុមអ្នកម្តាយមនុស្សធម៌ និងប្រតិភូថ្នាក់ដឹកនាំសំខាន់ៗរួមមានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ឯកឧត្តម អភិបាលខេត្តបាត់ដំបង និងលោកជំទាវ និងវត្តមានថ្នាក់ដឹកនាំ រួមនិងក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ និងលោកជំទាវ ខណៈពាំនាំយកអំណោយជាស្បៀង និងសម្ភារៈមួយចំនួនព្រមទាំងបានផ្តល់នូវភោជនាហារ១ពេល ជូនដល់លោកគ្រូ-អ្នកគ្រូចំនួន៣៧នាក់ និងសិស្សានុសិស្ស សរុបចំនួន៩០នាក់ នៃវិទ្យាល័យអប់រំពិសេសខេត្តបាត់ដំបងផងដែរដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២២ចុងសប្តាហ៍ថ្មីៗនេះ។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានថ្លែងគូសបញ្ជាក់បន្ថែមថា៖ ជួសមុខឲ្យលោកជំទាវ ញ៉ែម សាខន សខេង ប្រធានក្រុមអ្នកម្តាយមនុស្សធម៌និងក្នុងនាមផ្ទាល់ខ្លួន លោកសូម ចូលរួមរំលែកនូវការខ្វះខាតនិងផ្តល់ក្តីសលាញ់ ដោយមិនរើសអើងជាមួយអ្នកម្តាយមនុស្សធម៌ ដឹកនាំដោយលោកជំទាវ ញ៉ែម សាខន-សខេង និងថ្នាក់ដឹកនាំក្រុមការងារជាពិសេសជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាត់ដំបង ដែលជានិច្ចជាកាលតែងយកចិត្ត ជាមួយលោកអ្នកគ្រូគ្រូនិងក្មួយៗសិស្សានិសិស្ស នៅវិទ្យាល័យអប់រំពិសេសនេះ។
តាមរយៈនៃរបាយការណ៍របស់លោក ងៀង សោភ័ណ្ឌ នាយកវិទ្យាល័យអប់រំពិសេសបាត់ដំបង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ដោយបានថ្លែងគូសបញ្ជាក់សង្កត់ធ្ងន់បន្ថែមថា៖ លោកនិងផ្តល់នូវអាហារូបករណ៍១០០%កម្រិតថ្នាក់ឧត្តមសិក្សាជូនដល់សិស្សានុសិស្សនៅទីនេះដែលចង់បន្តការសិក្សាក្នុងកម្រិតឧត្តមសិក្សា ក្នុងនោះឯកឧត្តមនិងភរិយាផ្ទាល់ គឺជាអ្នករ៉ាប់រងផ្តល់ការសិក្សាដោយមិនបង់ថ្លៃ១០០%ដល់ក្មួយៗដែលចង់បន្តសិក្សានៅកម្រិតឧត្តមសិក្សា។ ក្នុងឱកាសនោះផងដែរលោកជំទាវសម្តេចក្រឡាហោមនិងជាប្រធានក្រុមអ្នកម្តាយមនុស្សធម៌ព្រមទាំងប្រតិភូនិងថ្នាក់ដឹកនាំទាំងអស់បានរៀបចំនូវអាហារ ១ពេលជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទីនោះផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )