ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន និងទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញសម្ពោធស្ពានចំនួន ៧កន្លែង ក្នុងនោះ ២កន្លែង នៅខេត្តព្រៃវែង និង៥កន្លែង នៅខេត្តក្រចេះ
ក្រចេះ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៧កន្លែង ក្នុងនោះស្ពានចំនួន ៥កន្លែងនៅខេត្តក្រចេះ និងស្ពាន ២កន្លែងទៀត នៅខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅត្រង់ចំណុចស្ពានតេ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។ ស្ពានទាំង៧កន្លែងនេះ គឺជាគំរោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។
ស្ពានដែលបានសាងសង់នេះមាន ៖ ស្ពានចំនួន ៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ គឺ ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ, ស្ពានព្រែកឬស្ស ប្រវែង ៦២ម៉ែត្រ, ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ, ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ, និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ។ ស្ពានចំនួន ២កន្លែងទៀត ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និងស្ពានបាបោងលេខ២ ប្រវែង ១០៥ម៉ែត្រ។ គម្រោងនេះ បានស្ថាបនាច្រាំងការពារការហូរច្រោះទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ។
គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពានទាំង ៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៩ខែ សាងសង់ដោយក្រុមហ៊ុន Hazama Ando Corporation ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International Co., Ltd. ចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកកាន់ខេត្តក្រចេះម្តងរួចមកហើយ កាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២២ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ៕ ដោយ វណ្ណលុក