AVIVoice Ep60: ជោគជ័យរបស់កម្ពុជានៅក្នុងទីផ្សារឥណទានកាបូន

នៅក្នុងការអនុវត្តយន្តការទីផ្សារឥណទានការបូនស្ម័គ្រចិត្ត កម្ពុជាបានទទួលបានជោគជ័យដ៏ធំមួយនៅក្នុងការលក់ឥណទានកាបូនទៅក្នុងទីផ្សារអន្តរជាតិ នៅប៉ុន្មានឆ្នាំកន្លងមកនេះ។ កម្ពុជាក៏បានបង្ហាញពីការតាំងចិត្តរបស់ខ្លួនក្នុងការចូលរួមយ៉ាងសកម្មទៅលើវិស័យអភិរក្សព្រៃឈើ តាមរយៈការអនុវត្តគម្រោង REDD+ របស់ខ្លូន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត កែន សេរីរដ្ឋា បានពន្យល់អំពីយន្តការទីផ្សារឥណទានការបូន និងផលប្រយោជន៍ពីការលក់ឥណទានកាបូន ក៏ដូចជាភាពជោគជ័យកន្លងមកដែលកម្ពុជាសម្រេចបាននៅក្នុងយន្តការនេះ។

សំណួរទី ១៖ តើអ្វីទៅជាឥណទានកាបូន? ទីផ្សារឥណទានការបូន?

ឥណទានកាបូនគឺ ជាការលក់ដោយផ្អែកទៅលើវិញ្ញាបនបត្រ និងបទបញ្ញត្តិដែលអាចធ្វើការជួញដូរបាន ដោយធ្វើការតំណាងជាការកាត់បន្ថយនូវការសាយភាយនូវឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតនៃកាបូន ១តោន។ ការចេញនូវវិញ្ញាបនបត្រ ឬការអនុញ្ញាតនេះគឺ អាចចេញបានដោយស្ថាប័នណាមួយនៃរដ្ឋាភិបាលនៃប្រទេសណាមួយ ឬក៏តាមអង្គភាពឯករាជ្យណាមួយ ដែលមានការចុះបញ្ជីច្បាស់លាស់ និងទទួលបាននូវការយល់ព្រមជាកម្រិតអន្តរជាតិ ដែលពិនិត្រទៅលើគម្រោងនៅលើពិភពលោកទាំងអស់ដោយហ្មត់ចត់។ មានន័យថា គម្រោងហ្នឹងបង្ហាញអំពីសកម្មភាពដើម្បីគាំទ្រទៅដល់ការកាត់បន្ថយនូវឧស្ម័នកាបូនិកដែលសាយភាយទៅក្នុងបរិយាកាស។ អញ្ចឹងនិយាយឱ្យខ្លី ទាក់ទងគម្រោងសម្រាប់ឥណទានកាបូននេះវាអាចមានទម្រង់ជាគម្រោង ដែលធ្វើសកម្មភាពកែលម្អនូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រើប្រាស់ថាមពល ឬក៏ជាគម្រោងដែលការពារអភិរក្សព្រៃឈើ ដែលនេះគឺជាទម្រង់នៃគម្រោងសម្រាប់ធ្វើឥណទានកាបូននៅលើសកលលោក ហើយក៏ដូចនៅក្នុងប្រទេសនីមួយៗដែលបាននឹងកំពុងធ្វើ។ អញ្ចឹងគម្រោងបង្កើតនូវឥណទានកាបូនបាន ទាល់តែបណ្ដាលគម្រោងទាំងឡាយណាបានគោរពយ៉ាងត្រឹមត្រូវទៅនឹងលក្ខណៈវិនិច្ឆ័យ និងគោលការណ៍បង្ហាញអំពីផែនការច្បាស់លាស់ក្នុងការកាត់បន្ថយនូវការភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ឬក៏បានបង្ហាញអំពីសុច្ឆ័នៈនៃផែនការរបស់ខ្លួនក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល។ ហើយគេធ្វើរបៀបណា? គឺយើងមានទិន្នន័យដើមរបស់យើងដើម្បីប្រៀបធៀបនៅពេលដែលគម្រោងមិនទាន់ចាប់ផ្ដើម តើអ្វីដែលជាព័ត៌មានដើមរបស់យើង។ ហើយនៅពេលដែលយើងចាប់ផ្ដើមអនុវត្តគម្រោង សកម្មភាពដែលយើងធ្វើនេះបង្ហាញឬបញ្ជាក់ឱ្យឃើញថាវាចូលរួមកាត់បន្ថយនូវការប្រើប្រាស់ថាមពល ឬបង្កើននូវប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ឬក៏យើងបានចូលរួមការពារព្រៃឈើដោយមានលក្ខណៈវិនិច្ឆ័យពីភាគីឯករាជ្យដែលខ្ញុំបានលើកឡើងខាងលើ។ អញ្ចឹងបានយើងធ្វើការប្រៀបធៀបលទ្ធផលដែលយើងអនុវត្តគម្រោង និងព័ត៌មានដើមរបស់យើងនេះ។

សំណួរទី ២៖ តើកាបូនមានតម្លៃប៉ុន្មាននៅក្នុងទីផ្សារ? ហើយហេតុអ្វីបានជាយន្តការទីផ្សារការបូនមានសារៈសំខាន់ និងមានសារៈសំខាន់ទៅលើអ្វីខ្លះ?

ទាក់ទងទៅនឹងការលក់ឥណទានការបូននេះគឺ យើងមានយន្តការទីផ្សារសម្រាប់ការលក់ ហើយទីផ្សារនេះគឺនិយាយអំពីចរន្តនៃការផ្លាស់ប្ដូរ ឬការលក់ទិញទៅលើឥណទានកាបូននេះ។ មុននឹងចូលដល់តម្លៃខ្ញុំចង់ជម្រាបជូនអំពីប្រភេទនៃទីផ្សារសិន។ នៅលើពិភពលោកយើងមានទីផ្សារសំខាន់ពីរ ទីមួយហៅថាទីផ្សារដែលតម្រូវដោយបទបញ្ញត្តិឬច្បាប់ដែលតម្រូវឱ្យបណ្ដាប្រទេសមួយចំនួន ត្រូវតែមានកាតព្វកិច្ចទិញលក់ឥណទានកាបូន ភាគច្រើននៅប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិក អូស្រ្តាលី។ល។ ហើយប្រទេសចិនថ្មីៗនេះ យើងឃើញថាគាត់គិតគូរពីបញ្ហានេះផងដែរ។ ទីពីរគឺ ទីផ្សារស្ម័គ្រចិត្ត ដែលភាគីច្រើនធ្វើនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាយើង ដែលមានរាជរដ្ឋាភិបាលបាននឹងកំពុងសកម្មនៅក្នុងការលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តនេះ។ អញ្ចឹងនៅក្នុងការលក់នេះ ប្រសិនជាលក់នៅក្នុងទីផ្សារតម្រូវដោយបទបញ្ញត្តិភាគច្រើនគេលក់បានតម្លៃថ្លៃ ប៉ុន្តែតម្លៃទាបនៅក្នុងទីផ្សារស្ម័គ្រចិត្ត។ ប៉ុន្តែយើងសង្កេតឃើញថា កាលពីមុនក្នុងមួយឥណទានកាបូនមានតម្លៃត្រឹមតែ ៤-៥ដុល្លាទេ ដែលបានកើនជាបន្តបន្ទាប់រហូតទៅដល់ ៦ដុល្លា ហើយនៅចុងឆ្នាំ២០២១នេះ យើងឃើញថាតម្លៃទីផ្សារស្ម័គ្រចិត្តនេះឡើងរហូតទៅដល់ជាង ១០-១៣ដុល្លា ក្នុងមួយឥណទានកាបូន។

យន្តការទីផ្សារឥណទានកាបូននេះមានសារៈសំខាន់ណាស់ ដោយសារតែវាបានបង្កើតយន្តការមួយក្នុងការលើកកម្ពស់ និងលើកទឹកចិត្តទៅសល់ការវិវត្តន៍នៃបច្ចេកវិទ្យា ការវិវត្តន៍ធុរកិច្ចនៅលើសកលលោក។ មានន័យថា សម្រាប់អ្នកដែលគេចង់ធ្វើឱ្យមានប្រសិទ្ធភាព បង្កើនប្រសិទ្ធផលនៃផលិតកម្មរបស់គេ គេអាចយកជម្រើសមួយដើម្បីកាត់បន្ថយនូវការប្រើប្រាស់ថាមពល ឬកាត់បន្ថយនូវការភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ល។ អញ្ចឹងកាលណាការខឹតខំកាត់បន្ថយគឺ ជាការឆ្លើយតបបានផលមកវិញគឺ អាចលក់ឥណទានការបូនរបស់ខ្លួនពីក្រុមហ៊ុន។ សម្រាប់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ វាជាយន្តការនៃការលើកទឹកចិត្តមួយដែលមានសារៈសំខាន់ណាស់ ដោយសារវាបានជួយទៅដល់កិច្ចខិតខំប្រឹងប្រែងទៅដល់ការការពារព្រៃឈើ ពីព្រោះនៅកម្ពុជាយើង យើងច្រើនអនុវត្តគម្រោងឥណទានការបូននេះ ឈរលើគម្រោងដែលកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ដែលបណ្ដាលមកពីការបាត់បង់ព្រៃឈើ ដែលភាសាយើងប្រើកន្លងមកនេះ គឺ REDD+។ អញ្ចឹងការបង្កើនូវយន្តការទីផ្សារនេះ វាមានសារៈសំខាន់ ពីព្រោះវាជួយទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ទៅដល់ការរៀបចំខ្លួនក្នុងការប្រើប្រាស់ថាមពលអគ្គិសនី។

សំណួរទី ៣៖ អ្វីទៅជាដំណើរការ ឬនីតិវិធីនៃការលក់ឥណទានកាបូន?

យន្តការនៃការលក់ឥណទានកាបូននេះ គឺត្រូវមានអ្នកលក់និងអ្នកទិញ។ អ្នកលក់គឺជាអ្នកដែលធ្វើគម្រោង រៀបចំគម្រោង អាចជាគម្រោងរបស់រដ្ឋាភិបាល អាចជាគម្រោងសហការរវាងរដ្ឋាភិបាលនិងវិស័យឯកជន ឬគម្រោងផ្សេងៗ។ គាត់អាចធ្វើទៅលើផលិតកម្មរបស់គាត់ដើម្បីកាត់បន្ថយនូវការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ឬមួយក៏ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី។ល។ ឬក៏គម្រោងក្នុងការគ្រប់គ្រងព្រៃឈើ។ រីឯអ្នកទិញអាចជាក្រុមហ៊ុន រដ្ឋាភិបាលនៃប្រទេសណាមួយ ឬមួយក៏វិស័យឯកជន ដែលភាគច្រើនជាក្រុមហ៊ុន ពីព្រោះគាត់មានផែនការកាតបន្ថយការសាយភាយនៃឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ ហើយគម្រោងហ្នឹងត្រូវតែគោរពទៅតាមគោលការណ៍លក្ខខណ្ឌ ទៅតាមនីតិវិធីរបស់ភាគីទីបីដែលទទួលស្គាល់ដោយកម្រិតសកល ហើយមានការចុះបញ្ជីត្រឹមត្រូវ។

សំណួរទី ៤៖ នៅក្នុងប្រទេសកម្ពុជា តើទីតាំង និងតំបន់ណាខ្លះដែលសម្បូរទៅដោយឥណទានការបូន ដែលអាចយកទៅប្រើប្រាស់ និងចរាចរនៅក្នុងទីផ្សារបាន?

នៅប្រទេសកម្ពុជាយើង ឥណទានកាបូន ឬគម្រោងដែលយើងអនុវត្តទៅលើកាបូននេះ ភាគច្រើនយើងធ្វើនៅតំបន់ការពារធម្មជាតិ គឺយើងអភិរក្សព្រៃឈើ។ ដូចជាករណី WCS នេះយើងធ្វើនៅកែវសីមា នៅមណ្ឌលគិរី និងមួយផ្នែកទៀតនៅក្រចេះដែលជាប់ព្រំប្រទល់គ្នានេះ។ អញ្ចឹងយើងធ្វើការអភិរក្សព្រៃឈើ ដើម្បីយកឥណទានកាបូនសម្រាប់លក់នៅលើទីផ្សារ។

សំណួរទី ៥៖ ពីឆ្នាំ២០១៦ ដល់ ២០២០ កម្ពុជាបានលក់ឥណទានកាបូនបានតម្លៃជាង ១០លានដុល្លាអាមេរិក នៅក្នុងទីផ្សារស្ម័គ្រចិត្ត ដែលទិន្នន័យនេះបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំមុខក្នុងការលក់ឥណទានការបូន។ តើកាលានុវត្តភាពអ្វីខ្លះដែលកម្ពុជាទទួលបានពីការលក់កាបូនទាំងនេះ? តើថវិការដែលទទួលបានពីការលក់ឥណទានកាបូនទាំងនោះត្រូវយកទៅណា ហើយយកទៅធ្វើអ្វីខ្លះ?

ចំពោះការលក់កន្លងមកនេះ ខ្ញុំសូមជម្រាបជូននូវឱកាសពីរដែលទទួលបានពីការលក់នេះ។ ទីមួយ គឺផលប្រយោជន៍ដោយផ្ទាល់ ដែលវាអាចមានថវិការបន្ថែមសម្រាប់ការងារបរិស្ថាន ការងារព្រៃឈើ ដែលក្រសួងបរិស្ថានតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា អាចយកទៅគាំទ្រសកម្មភាពកិច្ចការងារគាំពាទៅលើវិស័យបរិស្ថាន ការអប់រំបរិស្ថាន ឬការងារអភិរក្សព្រៃឈើសត្វព្រៃនៅតំបន់ផ្សេងៗទៀត។ វាក៏ជាការបង្ហាញមួយឱ្យពិភពលោកឃើញ ថាកម្ពុជាពិតជាអាចធ្វើបានក្នុងក្របខណ្ឌនៃគម្រោងកាត់បន្ថយនូវការបាត់បង់ព្រៃឈើ ហើយក៏បានចូលរួមចំណែកក្នុងការគាំទ្រតាមរយៈការបែងចែកនូវផលប្រយោជន៍ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ព្រមទាំងជនជាតិដើមភាគតិចដែលបាននឹងកំពុងរស់នៅ និងពឹងអាស្រ័យទៅលើធនធានព្រៃឈើនៅក្នុងតំបន់នៃគម្រោង គឺគាត់អាចយកទៅអនុវត្តជាប្រព័ន្ធទឹកស្អាត មណ្ឌលសុខភាព សាលប្រជុំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការដាក់លូរំដោះទឹក។ល។ ឬក៏ការអនុវត្តនូវគម្រោងកសិកម្ម ឬមួយក៏បង្កើនផលិតកម្មកែច្នៃអនុផលព្រៃឈើដូចជាការឬស្សីមកកែច្នៃ ដើម្បីធ្វើផលិតផលផ្សេងៗ។ វាក៏ជាឱកាសមួយក្នុងការការពារព្រៃឈើឱ្យបានគង់វង្សដែរ ដែលទាំងអស់នេះគឺជាផលប្រយោជន៍ផ្ទាល់។ ទីពីរ គឺផលប្រយោជន៍ដោយប្រយោល តាមរយៈគម្រោងនេះវាបានបង្ហាញឱ្យឃើញថាការងារអភិរក្សព្រៃឈើនេះ វាពិតជាយន្តការមួយដែលអាចប្រមូលនូវប្រាក់ចំណូលបាន។ មានន័យថា ពីដើមគេតែងនិយាយថាទាល់តែឈើនឹងវាដេកទើបបានផលប្រយោជន៍ជាសាច់ប្រាក់ ប៉ុន្តែនៅក្នុងករណីយើងធ្វើគម្រោង REDD+ នេះ បើទោះបីជាឈើឈរក៏យើងអាចបង្កើតនូវយន្តការដើម្បីបង្កើតនូវប្រាក់ចំណូល ដែលនេះវាគឺជារឿងមួយដែលអស្ចារ្យសម្រាប់កម្ពុជាក្នុងការបង្ហាញ និងការតាំងចិត្តអំពីការធ្វើបានរបស់កម្ពុជានៅក្នុងពិភពលោក។ សម្រាបផលប្រយោជន៍ប្រយោលមួយទៀតគឺទាក់ទងទៅនឹងការបង្ហាញអំពីគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជម្រុញទៅលើការងារអភិរក្សធនធានជីវចម្រុះ និងព្រៃឈើនៅកម្ពុជា។

សំណួរទី ៦៖ បច្ចុប្បន្ន តើរាជរដ្ឋាភិបាលកម្ពុជាមានផែនការអនាគតទៅលើទីផ្សារឥណទានកាបូននេះដែរឬទេ?

បើយើងក្រឡេកមើលនៅក្នុងវិស័យព្រៃឈើ រាជរដ្ឋាភិបាលកម្ពុជាមានផែនការយុទ្ធសាស្រ្តទាក់ទងទៅនឹងការកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្ដាលមកពីការបាត់បង់ព្រៃឈើ REDD+ Strategy Plan មាននិយាយច្បាស់អំពីរបៀបគ្រប់គ្រងអភិរក្សធនធានព្រៃឈើ ហើយឥណទានកាបូននេះគឺជាសសរស្ដម្ភមួយដ៏សំខាន់ ដែលបានចែងយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តកន្លងមកនេះ។ ហើយនៅក្នុងរបាយការណ៍ NDC ដែលរដ្ឋាភិបាលកម្ពុជាបានផ្ញើជូនទៅអង្គការសហប្រជាជាតិ ក៏បានបង្ហាញអំពីយន្តការសំខាន់ៗក្នុងការធ្វើយ៉ាងណាឱ្យមានថវិការក្នុងការទប់ស្កាត់នូវការបាត់បង់ព្រៃឈើ ឬមួយក៏ការសាយភាយនូវឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសនេះគឺ មានការកំណត់នូវថវិការនូវការតាំងចិត្តអនុវត្តលើគោលនយោបាយរបស់រដ្ឋាភិបាល។ ដូច្នេះ យើងឃើញថាកម្ពុជាមានការតាំងចិត្តខ្ពស់ ហើយក៏ជាឱកាសមួយបង្ហាញអំពីសក្ដានុពលនៅលើទីផ្សារឥណទានកាបូនរបស់ខ្លួនដែលបានធ្វើកន្លងមកជោគជ័យ ដែលនៅក្នុងកម្រិតតំបន់កម្ពុជាគឺជាប្រទេសទីមួយហើយនៅក្នុងអាស៊ានមានតែកម្ពុជា និងឥណ្ឌូនេស៊ីដែលធ្វើទៅលើយន្តការនេះ។ តាមរយៈភាពជោគជ័យនៃការអនុវត្តគម្រោងកន្លងមក និងការតាំងចិត្តគោលនយោបាយជាផែនការយុទ្ធសាស្រ្ត ខ្ញុំឃើញថាកម្ពុជាពិតជាមានពន្លឺមួយ និងគោលនយោបាយមួយដែលមានចក្ខុវិស័យច្បាស់លាស់មួយក្នុងការធ្វើការងារនេះក្នុងពេលខាងមុខជាមួយនឹងអន្តរជាតិ។

************

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត កែន សេរីរដ្ឋា នាយកកម្មវិធីនៃអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំនៅកម្ពុជា (WCS)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner