ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំលឹកអ្នករៀបចំកម្មវិធីនានាឱ្យកាត់បន្ថយអ្នកចូលរួម ដើម្បីជាវិធានការបង្ការ ទប់ស្កាត់ការ ឆ្លងរាល ដាលនៃមេរោគកូវីដ-១៩
ភ្នំពេញ៖ ជាថ្មីម្តងទៀតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានរំលឹកដល់អ្នករៀបចំការជួបជុំមនុស្ស ឱ្យធ្វើការកាត់បន្ថយអ្នកចូលរួម ដើម្បីជាវិធានការ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ។ នេះបើ តាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការ អនុវត្ត វិធានការ ប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ “អូមីក្រុង” កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា សូម លើកទឹកចិត្តដល់ប្រជាជនទូទៅ និងអ្នករៀបចំការ ជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកម្សាន្ត ឱ្យធ្វើការកាត់បន្ថយចំនួនអ្នកចូលរួមក្នុង កម្មវិធីនានាឱ្យនៅ កម្រិតអប្បបរមា ដើម្បីធានាបាននូវការអនុវត្តវិធានគម្លាត សុវត្ថិភាពបុគ្គល និងសង្គម ស្របតាមស្ថានភាពជាក់ស្តែង នៃទីតាំងកម្មវិធីនីមួយៗ។
ទន្ទឹមនេះ, អ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាព សង្គម នានា ក៏ដូចជាអ្នកចូលរួមកម្មវិធីទាំងអស់ ត្រូវបានលើក ទឹកចិត្តឱ្យប្រើប្រាស់ឧបករណ៍តេស្តរហ័សរក មេរោគ កូរីដ-១៩ និងការត្រួតពិនិត្យលើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មុនចូលរួមកម្មវិធីនានា ដើម្បីជាវិធានការ បង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ។
គួររំលឹកថា នៅកម្ពុជាកាលពីថ្ងៃទី ១៦ ខែកុម្ភៈកន្លងទៅ គេបានរក ករណីឆ្លងថ្មី ៤៤៤នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)និងករណីជាសះស្បើយ ២៨០នាក់៕
ដោយៈ វណ្ណលុក