ឯកឧត្តម ហ៊ុន ម៉ាណែត សូមឱ្យប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ បន្តកិច្ចការបម្រើជាតិ និងប្រជាជន។
ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។
ឯកឧត្តម ហ៊ុន ម៉ាណែត សូមឱ្យប្រជាពលរដ្ឋជឿទុកចិត្ត និងគាំទ្រសមិទ្ធផល និងគោលនយោបាយរបស់គណបក្សក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាសប្រកបដោយនិរន្តរភាពនៃសន្តិភាព ស្ថិរភាព និងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសលើឆាកអន្តរជាតិ។ ទាំងនេះ គឺជាកិច្ចតបស្នងគុណចំពោះការជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយមានការចូលរួមចំណែករបស់សមាជិក សមាជិកាក្រោមស្មារតីសាមគ្គីភាពជាធ្លុងមួយ ហើយនេះក៏ជានិមិត្តរូបមួយនៃដំណើរការសា្តរប្រទេសឡើងវិញដោយគណបក្សប្រជាជនកម្ពុជា ដែលកាលដើមទ្បើយនៅក្រោយថ្ងៃជ័យម្នះលើរបបប៉ុល ពត គឺបានចាប់ផ្តើមកសាងប្រទេសពីបាតដៃទទេ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយ សមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈកាលដឹកនាំប្រទេសជាង៤០ឆ្នាំមកនេះ ហើយក៏នៅតែ បន្តខិតខំអភិវឌ្ឍជាមួយនឹងការបោះជំហានទៅមុខឥតឈប់ឈរ ដោយមានការចូលរួមយ៉ាងសស្រោកសស្រាំពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីវឌ្ឍនភាពកាន់តែប្រសើរទ្បើងថែមទៀត។ តួយ៉ាងដូចជាខេត្តព្រះវិហារនេះស្រាប់ ដែលមានការអភិវឌ្ឍប្រែមុខមាត់ពីទីកោះលើដីដោយសារមិនមានខ្សែផ្លូវគមនាគមន៍តភ្ជាប់ ប៉ុន្តែឥឡូវគឺពោរពេញដោយហេដ្ឋារចនាសម្ព័ន្ធរីកដុះដាល និងមានប្រព័ន្ធផ្លូវខ្វាត់ខ្វែង ហើយបានក្លាយទៅជាតំបន់អភិវឌ្ឍនទាំងវិស័យកសិកម្ម និងទេសចរណ៍ធានាបាននូវភាពសុខុដុរម្យនា និងជីវភាពថ្កើងថ្កានរបស់ប្រជាពលរដ្ឋ៕
ដោយ:ពលជ័យ