ស្នាក់ការគណបក្សប្រជាជនឃុំចំនួន៣ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
កំពង់ចាម៖ ស្នាក់ការគណបក្សប្រជាជន ឃុំចំនួន៣ មាន ឃុំក្រឡា, ឃុំហាន់ជ័យ ,និងឃុំវិហារធំ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ឯកឧត្តម វេង សាខុន បានលើកយកប្រធានបទចំនួន៤ មកណែនាំដល់ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះឃុំ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកកំពង់សៀម រួមមាន៖
១- ត្រូវពង្រឹង និងយកចិត្តទុកដាក់ការងារដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវអនុវត្តន៍ឲ្យ ស្របតាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀង ក្នុងស្ថានភាពដែលយើងបាននិងកំពុងប្រឈមនិងវិបត្តិជំងឺឆ្លង កូវីដ-១៩។
២- ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ។
៣- យុទ្ធនាការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់សម្រាប់អាណត្តិទី៥ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ យើងត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញនូវបញ្ជីឈ្មោះសមាជិក ការចុះឈ្មោះ ស្លាកគណបក្ស រូបថតថ្នាក់ដឹកនាំគណបក្ស និងត្រូវត្រៀមលក្ខណឲ្យបានគ្រប់គ្រាន់សម្រាប់យុទ្ធនាការនេះ។
៤- អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវភូមិឃុំមានសុវត្ថិភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺត្រូវរក្សាចលនាចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីក្តាប់ឲ្យបាននូវបញ្ហា និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយត្រូវសហការដោះស្រាយឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យមូលដ្ឋានយើងមានការរីកចម្រើនរុងរឿង។
ឯកឧត្តម វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលនាថ្ងៃនេះ គឺអគារស្នាក់ការគណបក្សថ្មីទាំង៣ ដែលនឹងត្រូវដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ ។ ឯកឧត្តម បានថ្លែងអំណរគុណ ដល់ឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះឃុំ និងសប្បុរសជន អាជ្ញាធរមូលដ្ឋាន ដែលបានសហការគ្នា និងលះបង់គ្រប់យ៉ាង និងធនធានថវិកាផ្ទាល់ខ្លួនរួមគ្នាកសាងស្នាក់ការនេះឡើង ។ ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារបានផ្តាំផ្ញើឲ្យអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ សូមជួយថែរក្សា ការពារស្នាក់ការនេះឲ្យបានគង់វង្សល្អ ដើម្បីទុកប្រើប្រាស់ជាពហុប្រយោជន៍តាមការចាំបាច់ទាំងពេលបច្ចុប្បន្ន និងអនាគត ៕ ( ប្រភព៖ ក្រសួងកសិកម្ម ) ដោយ៖ ជា សេឌី





