សម្តេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិច

ភ្នំពេញ៖ នៅទីបំផុតក្រសួងមហាផ្ទៃ បានសម្រេចទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំ និងការធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្សកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានធ្វើលិខិតទូលថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ថា ក្រសួងមហាផ្ទៃ បានសម្រេចទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទក្នុងការជ្រើសតាំង៖ ១.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្ស ២.សហជីវិន ឆឹង ចំរើន ជាអនុប្រធានគណបក្ស ៣.សហជីវិន ប៉ោ ប៊ុនស្រ៊ឺ ជាអនុប្រធានគណបក្ស និង៤.សហជីវិន ពៅ អៀងគ្រី ជាអនុប្រធានគណបក្ស និងសមាសភាពគណៈកម្មាធិការនាយក ព្រមទាំងការធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្សស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខន្តិកៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្ស នយោបាយ។ ទន្ទឹមនេះ គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបញ្ជូននូវជីវប្រវត្តិសង្ខេបរបស់សមាសភាពគណៈកម្មាធិការនាយកទាំងអស់ ជូនមកក្រសួងមហាផ្ទៃជាកំណត់។

សូមជម្រាបថា សមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិច បានជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះរាជបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជាផ្លូវការកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។ សមាជក៏បានសម្រេចជ្រើសតាំងអនុប្រធានបីរូប ក្នុងនោះមាន៖ លោក ឆឹង ចំរើន លោក ប៉ោ ប៊ុនស្រ៊ឺ លោក ពៅ អៀងគ្រី។ បន្ទាប់ពីសមាជវិសាមញ្ញជ្រើសតាំងជាប្រធានគណបក្សហ៊្ចុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានប្តេជ្ញាថា ព្រះអង្គនឹងការពារគណបក្សហ៊្វុនស៊ិនប៉ិចឱ្យបានគង់វង្សជាអមតៈ ដង្ហែតាមមាគ៌ារបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ រោត្តម រណឫទ្ធិ នៅគោលនយោបាយបង្រួបបង្រួមជាតិផ្សះផ្សាជាតិ និងឯកភាពជាតិ និងខិតខំប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុមិយម រណឫទ្ធិនិយម ដើម្បីឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជោគជ័យសាជាថ្មី។ សមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិច ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ ការធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខន្តិក:គណបក្ស និងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្ស គឺដើម្បីត្រៀមរៀបចំខ្លួនរបស់គណបក្សមួយនេះក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២នេះ និងបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner