រដ្ឋាភិបាលថៃ បានដាក់ស្នើគម្រោងស្ពានដីគោកថៃ “Thai Land Bridge” សម្រាប់ជាច្រករបៀងដឹកជញ្ជូនពាណិជ្ជកម្មរបស់ប្រទេសថៃ
រដ្ឋាភិបាលថៃ បានដាក់ស្នើគម្រោងស្ពានដីគោកថៃ “Thai Land Bridge” សម្រាប់ជាច្រករបៀងដឹកជញ្ជូនពាណិជ្ជកម្មរបស់ប្រទេសថៃ ដោយតភ្ជាប់ពីសមុទ្រអង់ដាម៉ង់ នៅខេត្ត Ranong ទៅឈូងសមុទ្រថៃ នៅខេត្ត Chumphon និងជំនួសឱ្យផែនការជីកព្រែកក្រា (Kra Canal) របស់ខ្លួនលើឧបទ្វីបម៉ាឡេ។
គម្រោងនេះ ក៏សាងសង់កំពង់ផែដែលអាចឱ្យកប៉ាល់ដឹកទំនិញធំៗចូលចត ហើយនឹងត្រូវតភ្ជាប់ដោយប្រព័ន្ធគមនាគមន៍ទាំងផ្លូវដែក ផ្លូវថ្នល់ហាយវេ និងបំពង់បង្ហូរប្រេង ហើយតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗ នឹងត្រូវបានសាងសង់ជុំវិញកំពង់ផែទាំងនោះ ដើម្បីទាក់ទាញការវិនិយោគពីបរទេស។
លោក Pornsak Kaewthavor ប្រធានសភាពាណិជ្ជកម្មខេត្ត Ranong បាននិយាយថា៖ “កំពង់ផែនឹងផ្តល់ជូននូវផ្លូវពាណិជ្ជកម្មថ្មីមួយ ដែលតភ្ជាប់ប្រទេសថៃទៅកាន់ជប៉ុន ចិន និងភាគខាងកើតនៃវៀតណាម និងទៅកាន់ប្រទេសឥណ្ឌា មជ្ឈិមបូព៌ា និងអឺរ៉ុបនៅភាគខាងលិច”។
តាមរយៈប្រតិបត្តិការរួមបញ្ចូលគ្នានៃកំពង់ផែភាគខាងកើត និងខាងលិច ដែលជាថ្នាំងដឹកជញ្ជូនតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក-ឥណ្ឌា ថៃអាចក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជាសិង្ហបុរីនៅថ្ងៃអនាគត។
ប្រភព៖ Bangkok Post