អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន យកការប្រកួតជើងឯកថ្នាក់ជាតិនៅខេត្តពោធិសាត់ ដើម្បីវាស់ស្ទង់សមត្ថភាព និងសម្រួចសិទ្ធផលត្រៀមស៊ីហ្គេម នៅហ្វីលីន

អត្ថបទដោយ៖
Kien Sereyvuth

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក នូ ចំរើន បានបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នៅខេត្តពោធិសាត់ ដើម្បីវាស់ស្ទង់សមត្ថភាព និងសម្រួចសិទ្ធផល ត្រៀមស៊ីហ្គេម នៅហ្វីលីពីន ពីព្រោះខេត្តមួយនេះ មានឱកាសធាតុ ទីតាំងអំណោយផល ជាពិសេសស្ថានភាពផ្លូវប្រហាក់ប្រហែលទៅ និងកន្លែងប្រកួតកីឡាស៊ីហ្គេម ដែលអត្តពលិកទោចក្រយានកម្ពុជា ត្រូវទៅចូលរួមប្រជែងដណ្តើមមេដាយ នាខាងមុខនេះ ។

អគ្គលេខាធិការរូបនេះ អះអាងទៀតថា សហព័ន្ធសម្រេចជ្រើសរើសយកផ្លូវប្រកួតប្រហាក់ប្រហែលទៅ និងកន្លែងប្រកួតស៊ីហ្គេម ដើម្បីវាស់ស្ទង់ពីកម្រិតបច្ចេកទេស និងបំប៉នសមត្ថភាពបន្ថែម ក្នុងការត្រៀមខ្លួន ។ លោក នូ ចំរើន បានបន្ថែមថា ជាលទ្ធផលក្រោយប្រកួតពេញមួយថ្ងៃ ឃើញថា អត្តពលិកមួយចំនួន ធ្វើបានយ៉ាងល្អ ដោយប្រើថេរវេលាតិចជាងមុន បើទោះបីជាស្ថានភាពមានការលំបាក បត់បែនច្រើន និងចំណោតខ្ពស់ក៏ដោយ ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតឆ្នាំ២០១៩នេះ ជាការធ្វើតេស្តដកស្រង់បទពិសោធន៍ និងវាស់ស្ទង់សមត្ថភាពកីឡាករ  ដែលមានសិទ្ធផលខ្ពស់ ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ក្នុងខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងជាលទ្ធផលយោងសម្រាប់ជ្រើសរើសកីឡាករឆ្នើម បញ្ចូលជាកីឡាករជម្រើសជាតិសម្រាប់ឆ្នាំ២០២០ ។

ដោយឡែកអនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ឯកឧត្តម ឃឹម សុខុន បានមានប្រសាសថា ការប្រកួតជើងឯកឆ្នាំនេះ ស្ថានភាពផ្លូវប្រកួតមានចម្ងាយឆ្ងាយ ឡើងភ្នំ ពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែអត្តពលិកយើង នៅតែអាចជិះមកដល់ទីផ្តាច់ព្រ័ត្រដោយជោគជ័យ កត្តាទាំងនេះបានបង្ហាញថា កីឡាករ កីឡាការិនីមានកម្លាំងកាយ និងកម្លាំងចិត្តខ្ពស់ ជំរុញធ្វើឲ្យវិស័យកីឡាទោចក្រយានកម្ពុជា កាន់តែមានរីកចំរើនទៅមុខ ។ អនុប្រធានសហព័ន្ធរូបនេះ ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីអោយខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីឈានឆ្ពោះទៅប្រកួតប្រជែងដណ្តើមយកមេដាយពីការប្រកួតកម្រិតអន្តរជាតិមកជូនកម្ពុជា ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ រៀបចំដោយ សហព័ន្ធខ្មែរកីឡាទោចក្រយាន ក្រោមការឧបត្ថម្ភ ក្រសួងអប់រំយុវជន និងកីឡា សហការ ខេត្តពោធិ៍សាត់ និងការឧបត្ថម្ភបន្ថែមពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ការប្រកួតនេះ ចែកចេញជា០៥ វិញ្ញាសាមាន៖១. កង់គួកបុរស ថ្នាល អាយុក្រោម១៨ឆ្នាំ (ចម្ងាយ ៨០គីឡូម៉ែត្រ) ២. កង់គួកបុរស ឈុតធំ អាយុចាប់ពី១៨ឆ្នាំឡើង (ចម្ងាយ ១២០គីឡូម៉ែត្រ)៣. កង់គួកបុរស (Master) (ចម្ងាយ៨០គីឡូម៉ែត្រ)៤. កង់គួកនារី ទូទៅ (ចម្ងាយ៨០គីឡូម៉ែត្រ)៥. កង់ដៃត្រង់ ទូទៅ (ចម្ងាយ៤០គីឡូម៉ែត្រ) កីឡាករ ការិនី មកពី១៧ ក្លិប សមាគម សរុបចំនួន៖ ៧១នាក់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner