ប្រជាពលរដ្ឋភូមិរកាកំបុត និងភូមិក្បូនប្រកបមុខរបរដុតក្រឡានលក់ អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅបានល្អប្រសើរ
សៀមរាប ៖ បើយើងធ្វើដំណើរពីខេត្តសៀមរាប ទៅភ្នំពេញ ពីភ្នំពេញ ទៅសៀមរាបនោះ យើងនឹងបានឃើញប្រជាពលរដ្ឋរស់នៅភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រកបមុខរបរដុតក្រឡានលក់តាមដងផ្លូវជាតិលេខ៦ ។


អស់រយ:ពេលជាច្រើនឆ្នាំកន្លងមក យើងឃើញថា ការប្រកបមុខរបរបែបនេះ មិនអាចធ្វើឲ្យពួកគាត់ចំណាកស្រុកទៅរកការងារឆ្ងាយពីក្រុមគ្រួសាររបស់ពួកគាត់បានឡើយ ការដុតក្រឡាន ដើម្បីលក់ឲ្យភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់នៅទីនោះ អាចរកបានប្រាក់ចំណូលទ្រទ្រង់ជីវភាពការរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃ យ៉ាងល្អប្រសើរ ពេលខ្លះ ពួកគាត់ក៏អាចរកប្រាក់បានរហូតដល់ទៅ ១លានរៀលក៏មានដែរ ក្នុងមួយថ្ងៃៗ។

អ្នកស្រី យិន លេង ជាអ្នកប្រកបមុខរបរលក់ក្រឡាននៅភូមិរកាកំបុត បានបង្ហាញថា ការប្រកបមុខរបរលក់ដូរក្រឡាន គឺគាត់លក់អស់រយ:ពេលជិត ១០ឆ្នាំមកហើយ ការរកស៊ីបែបនេះ ប្រាក់ចំណូលវាមិនទៀងទាត់ទេ ជួនថ្ងៃណាក៏បានតិច ជួនថ្ងៃណាក៏បានច្រើន ថ្ងៃដែលយើងលក់បានច្រើនជាងគេ គឺជាថ្ងៃបុណ្យទានមានមនុស្សច្រើនបានធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក ពួកគាត់បានទិញក្រឡានផ្ញើបងប្អូនជាដើម ។ ថ្ងៃធម្មតា យើងអាចលក់បានប្រាក់ចាប់ពីរ ១០ម៉ឺនរៀល ២០ម៉ឺនរៀល ឬក៏លើសពីនេះ ដោយឡែក ថ្ងៃបុណ្យទានវិញ យើងអាចលក់បានដល់ទៅ ១លានរៀលជាង ។
អ្នកស្រី បន្តថា ក្រឡានដែលយើងដុតលក់ឲ្យភ្ញៀវ គឺក្រឡានដែលមានរស់ជាតិឆ្ងាញ់ ឈ្ងុយ ថ្មីៗ ក្តៅៗ ហើយក៏មិនមានក្រឡានសល់ដែរ ។ គ្រឿងផ្សំរបស់ក្រឡាននោះមានអង្ករដំណើប ខ្ទិះដូង ឬសាច់ដូង សណ្តែកក្រហម អំបិល ស្ករ តែប៉ុណ្ណោះ យើងផ្សំរួចហើយ យើងគ្រាន់តែយកវាមកច្រកបញ្ចូលក្នុងបំពង់ឬស្សីហើយដាក់ទឹកល្មមៗ ហើយយើងយកវាទៅដុតជាការស្រេច។


កញ្ញា សុភា អ្នកលក់ក្រឡាននៅភូមិក្បួន បានលើកឡើងស្រដៀងៗ គ្នាថា ចំពោះអ្នកទិញក្រឡានភាគច្រើនគឺអ្នកមកពីភ្នំពេញនិងតាមបណ្តាខេត្តនានា ដែលបានធ្វើដំណើរមកលេងនៅខេត្តសៀមរាប ហើយក៏ឆ្លៀតទិញក្រឡានផ្ញើបងប្អូន ព្រោះល្បីថា ក្រឡានសៀមរាបឈ្ងុយឆ្ងាញ់។

កញ្ញា បានបញ្ជាក់ទៀតថា ក្រឡានរបស់យើង គឺយើងលក់តម្លៃតាមដើមតូច ដើមធំ ចំពោះដើមតូចតម្លៃ ២៥០០រៀល ដើមធំ ៣៥០០រៀល ការលក់នេះ មិនទៀងទេ ថ្ងៃខ្លះយើងលក់បាន ៥០ដើម ថ្ងៃខ្លះ លក់បាន ១០០ដើមជាង កាលពីមិនទាន់មានជម្ងឺកូវិដ.១៩ យើងលក់ដាច់ច្រើនគួរសមដែរ ប៉ុន្តែឥឡូវនេះ មិនសូវមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងខេត្តច្រើនៗដូចមុនៗទេ ដូច្នេះការលក់ដូរក៏ថយចុះដែរ ៕ ដោយ ស៊ាន សុផាត