បំបៅកូនដោយទឹកដោះម្តាយ គឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អភិវឌ្ឍន៏ធនធាន មនុស្ស និងសេដ្ឋកិច្ចជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ទិវាជាតិអាហារូបត្ថម្ភលើកទី៦ ក្រោមប្រធានបទ ”បំបៅកូនដោយទឹកដោះម្តាយ គឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អភិវឌ្ឍន៏ធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ” ត្រូវបានប្រារព្វធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យ កសិកម្ម និងជនបទ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ឥស្សរជនឆ្នើម ថ្នាក់ជាតិនៃផែនការសកម្មភាពរួមនៃអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ និងជាប្រធានកកបាទក្រហមកម្ពុជា  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកជំទាវ អ៊ឹង គុន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, និងតំណាងក្រសួង មន្ទីរពាក់ព័ន្ឋ, អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៏នានា ចូលរួមផងដែរ។
បន្ទាប់ពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឡើងអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្លែងក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី៦ ក្រោមប្រធានបទ ”បំបៅកូនដោយទឹកដោះម្តាយ គឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អភិវឌ្ឍន៏ធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ” រួចមក, លោកគ្រីស្ទៀន ប៊ឺហ្គឺ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ឋអាល្លឺម៉ង់ប្រចាំកម្ពុជា តំណាងបណ្តាញអង្គការសហប្រជាជាតិ បណ្តាញប្រទេសផ្តល់ជំនួយ និងបណ្តាញសម្ព័នអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភនៅកម្ពុជា និងលោកស្រី ហ្រ្វាន់សេស្កា អឺដេលម៉ាន់ តំណាងប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក ក្នុងនាមបណ្តាញ SUN UN បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដែលបានធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហរូបត្ថម្ភនៅកម្ពុជា ដោយមានកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងស្ថាប័នពាក់ព័ន្ឋ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៏នានាចាប់តាំងពីឆ្នាំ២០០០មកម្លេះ។ ប៉ុន្តែកង្វះអាហារូបត្ថម្ភ និងភាពក្រិសក្រិនរបស់កុមារ នៅមានអត្រាខ្ពស់នៅឡើយ ស្របពេលដែលកុមារធាត់លើសទម្ងន់ក៏មានការកើនឡើងផងដែរ ដែលទាមទារនូវកិច្ចអន្តរាគមន៏ពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ទៅលើសន្តិសុខស្បៀង របបអាហារ ទឹកស្អាត និងអនាម័យ      បរិស្ថាន។ល។  ពិសេសត្រូវយកចិត្តទុកដាក់ក្នុងរយៈពេល១០០០ថ្ងៃដំបូងនៃជីវិតរបស់កុមារ ដោយលើកកម្ពស់ការ    ផលិតអាហារដែលមានសារធាតុចម្រុះ ប្រកបដោយសុវត្ថិភាព និងគុណភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៏ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយឲ្យក្រសួង ស្ថាប័នពាក់ព័ន្ឋ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៏ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋចូលរួមធ្វើឲ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភដល់ស្រ្តី និងកុមារ ពិសេសជម្រុញលើកទឹកចិត្តឲ្យមានការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ចាប់ពីទារកទើបកើត រហូតដល់អាយុ៦ខែ ដើម្បីកុមារមានសុខភាពល្អ។ ឯកឧត្តមបន្តថា ក្នុងរយៈពេល២ទស្សវត្សរ៏ចុងក្រោយនេះ កម្ពុជា សម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សំគាល់ ក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភស្ត្រីក្នុងវ័យបន្តពូជ មាតា ទារក និងកុមារតូច។ អត្រាមរណភាពមាតា បានថយចុះពី៤៤២ករណី ក្នុង១០ម៉ឺនកំណើតនៅក្នុងឆ្នាំ២០០៥ មកនៅត្រឹម ១៧០ករណី នៅឆ្នាំ២០១៤។ អត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ បានថយចុះពី៨៣ករណី ក្នុង១០០០កំណើតនៅឆ្នាំ២០០០ មកនៅត្រឹម៣៥ករណីនៅឆ្នាំ២០១៤។ រីឯអត្រាកុមារក្រិសក្រិន ត្រូវបានកាត់បន្ថយពី៥០% នៅឆ្នាំ២០០០ មកនៅត្រឹម៣២% នៅឆ្នំា២០១៤, កុមារមានទម្ងន់ទាបជាអាយុត្រូវបានកាត់បន្ថយពី៣៩% នៅឆ្នាំ២០០០ មកត្រឹម២៤% នៅឆ្នាំ២០១៤។ ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់កុមារអាយុចាប់ពី ០-៦ ខែ បានកើនឡើងពី១១% នៅឆ្នាំ២០០០ ដល់៧៣,៥% នៅឆ្នាំ២០១០ និងមកនៅត្រឹម៦៥% នៅឆ្នាំ២០១៤។ ការបន្តបំបៅកូនដោយទឹកដោះម្តាយរហូតដល់កូនអាយុ១២ខែ បានធ្លាក់ចុះពី៨៣% មកនៅត្រឹម ៨០% នៅឆ្នាំ២០១៤។ ជាមួយគ្នានោះ, ការបំបៅកូនដោយទឹកដោះគោដែលត្រូវបានហាមឃាត់ដោយអនុក្រិតលេខ ១៣៣ អនក្រ.បក ស្តីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ មានការកើនឡើយយ៉ាងឆាប់រហ័សពី១១,៨% នៅឆ្នាំ២០០៥ ដល់៣១% នៅឆ្នាំ២០១៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់បន្តកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដើម្បីរួមគ្នាកាត់បន្ថយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ និងសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៏ដោយចីរភាពឆ្នាំ២០៣០ “ដោយមិនទុកនរណាម្នាក់មានបញ្ហាកង្វះស្បៀង និងរងគ្រោះពីបញ្ហាអាហារូបត្ថម្ភ” ពិសេស “បញ្ចប់ភាពស្រេកឃ្លាន សម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព” និងគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាពដ៏ទៃទៀត៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner