ឯកឧត្តម ស សុខា ស្នើឲ្យកីឡាករ កីឡាការិនីគោរពវិន័យ និងពង្រឹងសិទ្ធផល បច្ចេកទេសអោយល្អប្រសើរត្រៀមស៊ីហ្គេម នៅវៀតណាម

ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសហព័ន្ធកីឡាជាតិនានា នាល្ងាចម្សិលមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ដើម្បីត្រៀមលក្ខណៈសម្បត្តិរៀបចំប្រតិភូកីឡាកម្ពុជាចូលរួមស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២។

ឯកឧត្ដម ស សុខា គូសបញ្ជាក់ថា ការប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់របស់កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារពីជំងឺកូវីដ-១៩ ត្រៀមចូលរួមប្រកួត កីឡាស៊ីហ្គេម ឆាប់ៗខាងមុខនេះឲ្យទទួលបានលទ្ធផលល្អ។ ជាពិសេសនៅក្នុងឱកាសទៅលេងស្រុកកំណើត ពេលបុណ្យចូលឆ្នាំ ឯកឧត្តមស្នើឲ្យឯកឧត្ដម លោកជំទាវតំណាងសហព័ន្ធ ឬក្រសួងពាក់ព័ន្ធ ក៏ដូចជាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាសូមពិនិត្យលើការដើរហើររបស់កីឡាករជម្រើសជាតិឲ្យបានខ្ពស់បំផុត ។ ឯកឧត្តម បានលើកឡើងនូវតួនាទី ភារកិច្ចរបស់អនុគណៈកម្មការបច្ចេកទេស មានតួនាទីយ៉ាងសំខាន់ ក្នុងការត្រួតពិនិត្យ វាយតម្លៃទៅលើប្រភេទកីឡា វិញ្ញាសា និងសមាសភាព គុណផលកីឡា និងវិន័យកីឡាករ-កីឡាការិនី ត្រៀមស៊ីហ្គេម នៅវៀតណាម ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការអូឡាំពិកកម្ពុជាលើកឡើងថា នៅក្នុងកិច្ចប្រជុំអនឡាញកន្លងមក គឺម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម មានការលំបាកច្រើន ក្នុងដំណាក់កាលរីករាលដាលខ្លាំងនៃកូវីដ-១៩ ជាពិសេស ភាគីវៀតណាមបានស្នើសុំឲ្យបណ្តាប្រទេសទាំងអស់ មានការអត់ធ្មត់ខ្ពស់ និងជួយគ្នាក្នុងស្មារតីសាមគ្គីភាពឲ្យបានល្អប្រសើរ។ ឯកឧត្តមអគ្គលេខាធិការ ក៏ចាត់ទុកថា ស៊ីហ្គេម នៅវៀតណាម គឺព្រឹត្តិការណ៍យុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការឆ្ពោះមកធ្វើម្ចាស់ផ្ទះបន្តវេន លើកទី៣២ នាឆ្នាំ២០២៣ ។ ឯកឧត្តម ស្នើឲ្យសហព័ន្ធកីឡាជាតិនានា ពិនិត្យលើ Technical Handbook ដែលជាការកំណត់បច្ចេកទេស ក៏ដូចជាកាលបរិច្ឆេត នៃការប្រកួតវិញ្ញាសានីមួយៗ ដើម្បីងាយស្រួលក្នុងការប្រជែងមេដាយ ស៊ីហ្គេម ឆ្នាំ២០២២នេះ ឲ្យមានភាពច្បាស់លាស់។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជម្រាបជូនថា តាមគម្រោង ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម គ្រោងចាប់ផ្ដើមនៅថ្ងៃទី១២ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ជូនប្រតិភូកីឡាកម្ពុជា សរុប ៥៩៤នាក់ ក្នុងនោះមាន ៣០ប្រភេទកីឡា ស្ថិតក្នុងការប្រមូលផ្តុំក្រុមជម្រើសជាតិ សរុប៥៧៣នាក់ មានកីឡាករចំនួន ២៨៣នាក់ កីឡាការិនីចំនួន១៦៩នាក់ គ្រូបង្វឹកចំនួន ៨២នាក់ អាជ្ញាកណ្តាល ៨នាក់ និង អ្នកដឹនាំក្រុមចំនួន ៣១នាក់៕
ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner