អគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលីបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា

ភ្នំពេញ៖ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាកាលពីរសៀលថ្ងៃទី២ខែមីនា បានទទូលស្វាគមន៍គណៈប្រតិភូអូស្រ្តាលីដឹកនាំដោយឯកឧត្តម Reece P Kershaw AMPអគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី និងឯកឧត្តមPablo Kang ឯកអគ្គទូត អូស្រ្តាលីប្រចាំនៅ កម្ពុជាបាន អញ្ជើញមកបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជាដើម្បីស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ និងជួយឧបត្ថម្ភផ្នែក បច្ចេកទេសលើការបណ្តុះបណ្តាលកងកម្លាំងនគរបាល ។

នៅក្នុងឱកាសនោះឯកឧត្តម សេង ផល្លី បានលើកឡើងអំពីកិច្ច សហប្រតិបត្តិការអន្តរជាតិដ៍ល្អរវាងប្រទេសអូស្រ្តាលីនិងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការល្អរវាងនគរបាល សហព័ន្ធអូស្រ្តាលីនិងបណ្ឌិត្យសភានគរបាលកម្ពុជា។

ជាមួយគ្នានេះដែរឯកឧត្តមបានលើកឡើងអំពីវឌ្ឍនភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលបច្ចប្បន្ននេះ ដោយសារតែមានការ ឧបត្ថម្ភគាំទ្រថវិកា និងសម្ភារៈពីសំណាករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ឈ្លាសវៃបំផុតរបស់សម្តេច តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និង ការដឹកនាំបញ្ជាដោយផ្ទាល់របស់សម្តច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិនិងមន្រ្តីទាំងអស់របស់ បណ្ឌិត្យ សភា ព្រមទាំងការជួយឧបត្ថម្ភពីសប្បុរសនានាផងដែរ។

ក្រោយពីបានពិភាក្សាការងារ ភាគីអូស្រ្តាលី មានការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការបន្តសហការជិតស្និទ្ធជាមួយបណ្ឌិត្យសភានគរបាកម្ពុជានាពេលអនាគតនិងបានឯកភាពជួយបណ្តុះបណ្តាលគ្រូបន្តវេនចំនួន៣វគ្គសម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ២០២៤។ក្នុងនោះ៖
១ .វគ្គ បណ្តុះបណ្តាល ភាសាអង្គគ្លេសសម្រាប់គ្រូបង្គោល
២.វគ្គបណ្តុះបណ្តាលស៊ើបអង្កេតពាក់ព័ន្ធអំពើហឹង្សាយេនឌ័រសម្រាប់គ្រូបង្គោល និង៣. វគ្គបណ្តុះបណ្តាលអភិវឌ្ឍភាពជាអ្នក ដឹកនាំគ្រូ បង្គោល។

ក្នុងឱកាសនោះគណៈប្រតិភូបានអញ្ជើញធ្វើដំណើរទស្សនកិច្ចដោយផ្ទាល់នូវសមិទ្ធផលនានានិងទីតាំងហ្វឹកហាត់នានា ក្នុងបរិវេណ បណ្ឌិត្យសភានគរបាលកម្ពុជា៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner