លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ យុវជនជាទំពាំងស្នងឬស្សី និងជាអក្នបន្តវេនទទួលខុសត្រូវ ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្សជានិច្ចនិរន្តរ៍
លោកជំទាវកិត្តិសង្គហបណ្ឌិត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យប្រជាពលរដ្ឋគ្រប់រូប ពិសេស យុវជន ត្រូវមានមនសិការស្នេហាជាតិ និងស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិ ត្រូវរក្សាឲ្យជាប់ក្នុងស្មារតីនិងសកម្មភាពរបស់ខ្លួន ដែលជាទំពាំងស្នងឬស្សី និងជាអក្នបន្តវេនទទួលខុសត្រូវ ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិទាំងនេះឱ្យបានគង់វង្សជានិច្ចនិរន្តរ៍ ។


លោកជំទាវថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាព្រឹក ថ្ងៃព្រហស្បតិ៍ ១ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ សាលសន្និសីទចតុម្មុខ ។


ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះការងារវប្បធម៌ដែលជាដួងព្រលឹង ជាអត្តសញ្ញាណ ជាកិត្យានុភាព និងជាមោទនភាពរបស់ជាតិ។ ទោះបីរងការរំខានពីការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ យ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យវប្បធម៌ ដោយក្នុងនោះទិវាវប្បធម៌ជាតិមិន ដែលត្រូវបានអាក់ខានក្នុងការរៀបចំម្ដងណាឡើយ ហើយរាជរដ្ឋាភិបលក៏បានសារាចរ ណែនាំ ស្តីពី ការរៀបចំ ទិវា វប្បធម៌ ជាតិ ចុះថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២២ ផងដែរ ។


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អនុសាសន៍ ជូនដល់ពិធី មានដូចតទៅ៖
ទី១. ពាក់ព័ន្ធនឹងធនធានសម្រាប់បំពេញការងារ ពិសេសថវិការដ្ឋ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវប្រើប្រាស់ធនធានប្រកបដោយភាពសន្សំសំចៃខ្ពស់ ដោយក្នុងនោះត្រូវពង្រឹងការអនុវត្តចំណាយតែលើការងារណាដែលចាំបាច់។
ទី២. ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ អាចប្រកបដោយចីរភាពទៅបានគឺអាស្រ័យដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានមរតកវប្បធម៌ស្ថិតនៅ។
ទី៣. ស្របពេលដែលកម្ពុជាបានចូលជារដ្ឋភាគី នៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្តនិងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នីតិបុគ្គល និងរូបវ័ន្តបុគ្គលទាំងអស់ ពិសេសប្រជាពលរដ្ឋខ្មែរដែលចូលចិត្តបង្កើតមាតិកា នៅលើប្រព័ន្ធបណ្ដាញសង្គម ដើម្បីទទួលបានការគាំទ្រ ឬដើម្បីគោលដៅផលប្រយោជន៍ផ្ទាល់ខ្លួនផ្សេងៗ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការយកស្នាដៃរបស់អ្នកដទៃ ឬរបស់ជាតិដទៃមកប្រែសម្រួល កែច្នៃ ឬប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិ ឬម្ចាស់ប្រទេស។


ទី៤. ត្រូវបន្តកែលម្អកម្មវិធីសិក្សា របៀបបង្រៀន និងរៀន ពិសេសចំពោះមុខវិជ្ជាដែលប្រឈមនឹងការបាត់បង់ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ និងសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ដើម្បីបង្កើនគុណភាព និងបរិមាណមូលធនមនុស្សនៅក្នុងវិស័យសិល្បៈវប្បធម៌។ ទន្ទឹមគ្នានេះ ក៏ត្រូវពិនិត្យលទ្ធភាពបើកឱ្យដំណើរការឡើងវិញនូវសាលាវិចិត្រសិល្បៈដែលមានស្រាប់ និងពង្រីកវគ្គបណ្ដុះបណ្ដាលជំនាញសិល្បៈវប្បធម៌ ពិសេសវគ្គបណ្ដុះបណ្ដាលខ្លីៗ ដល់យុវជនដែលកំពុងមានភាពសកម្មខ្លាំងក្នុងការបង្កើតមាតិកាសិល្បៈវប្បធម៌នៅលើប្រព័ន្ធបណ្ដាញសង្គម។
ទី៥. ត្រូវសិក្សាអំពីកាលានុវត្តភាពថ្មីៗ ដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌កម្ពុជា ដូចជា ឥរិយាបថរបស់ប្រជាជនខ្មែរលើការថត Pre-Wedding នៅតាមបុរាណដ្ឋានវប្បធម៌ ពិសេសនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដោយជំរុញ និងសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយនិងការរៀបចំស្លៀកពាក់ និងរៀបចំអាកប្បកិរិយាឱ្យបានសមរម្យ និងត្រឹមត្រូវតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ។
ទី៦. ខ្ញុំសូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងសប្បុរសជនទាំងនៅក្នុងនិងក្រៅប្រទេសទាំងអស់ សូមចូលរួមឱ្យបានកាន់តែសកម្មឡើងថែមទៀត តាមរយៈការបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន ដើម្បីជួយអភិរក្សប្រាសាទបុរាណខ្មែរ សំណង់បុរាណ ក៏ដូចជាគម្រោងវប្បធម៌ផ្សេងៗដទៃទៀត។
ទី៧. ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មីអូមីក្រង់ បាននិងកំពុងរីករាលដាលនៅក្នុង សហគមន៍យើងជាថ្មីម្ដងទៀត ខ្ញុំស្នើតួអង្គក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣កុំ និង ៣ការពារ និងអនុវត្ត ស្ដង់ដារប្រតិបត្តិ(SOP) ដែលបានដាក់ចេញ ឱ្យបានដិតដល់ ទោះបីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទទួលបានជោគជ័យ គ្របដណ្តប់ទូទាំងប្រទេស ក៏ដោយ ។ យើងមិនត្រូវមានការធ្វេសប្រហែសជាដាច់ខាត ចំពោះបញ្ហានេះ ៕ ថេត វិចិត្រ
