ឯកឧត្តម ណុប ចាន់ណារិន្ទ ដឹកនាំប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍អធិការកិច្ច បន្ទាប់ពីក្រុមការងារបានបញ្ចប់បេសកកម្មនៅខេត្តកណ្តាល បាត់ដំបង និងខេត្តកំពង់ចាម ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច

ភ្នំពេញ៖ ក្រុមការងារនាយកដ្ឋានអធិការកិច្ចទី២ ចំណុះឲ្យអគ្គនាយកដ្ឋានអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ចប់បេសកកម្មការងារ លើការធ្វើអធិការកិច្ចការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំ ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងការផ្តល់សេវាសាធារណៈ នៅថ្នាក់រដ្ឋបាលខេត្ត ក្រុង ស្រុកនួន៣ រួមមានខេត្តកណ្តាល កំពង់ចាម និងខេត្តបាត់ដំបង ប្រកបដោយជោគជ័យ កាលពីចុងខែមករា ឆ្នាំ២០២២ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្នុងគ្រាដែលឯកឧត្តម បានដឹកនាំប្រជុំត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍ នៃការចុះធ្វើអធិការកិច្ច នៅទីស្តីការក្រសួងថា៖ បន្ទាប់ពីទទួលបានលិខិតបញ្ជាបេសកកម្មពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រួចមក គណៈប្រតិភូចំនួនបីក្រុមបានចុះ ពិនិត្យលើវឌ្ឍនភាពការងារឆ្នាំ២០២០ ទៅតាមគោលដៅភារកិច្ចរៀងៗខ្លួន និងមានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រហូតដល់បញ្ចប់បេសកកម្ម ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បន្តថា ដើម្បីប្រសិទ្ធិភាពលើការងារ ប្រតិភូនៃក្រុមការងារអធិការកិច្ច បានធ្វើជាសេចក្តីព្រាងកំណត់ហេតុ និងជាសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារ ពិសេសធ្វើការពិនិត្យនូវចំណុចខ្វះខាតមួយចំនួនដែលបានរកឃើញ ដើម្បីសុំការអនុញ្ញាតពិនិត្យសម្រេចពីថ្នាក់ដឹកនាំក្រសួង ធ្វើជាលិខិតណែនាំ កែលំអ បញ្ជូនទៅតាមអង្គភាពពាក់ព័ន្ធ ។

សូមបញ្ជាក់ថា៖ នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ួង ម៉េងឈាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តម អ៊ុត ថុន អគ្គនាយករង និងលោក នាក់ សុខា ប្រធាននាយកដ្ឋានអធិការកិច្ចទី២ ព្រមទាំងសហការីមួយចំនួនទៀត ៕ ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner