កម្ពុជា ចូលរួមជាសហស្ថាបនិក នៃសេចក្តីសំរេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន
ភ្នំពេញ ៖ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសំរេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ ។
នៅក្នុងកិច្ចប្រជុំនោះ កម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាព យោធា ដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។
យើងមានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការ គ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ជាមួយនឹងការយោគយល់ដល់ការបារម្ភនៃសន្តិសុខដែលពាក់ព័ន្ធ កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាព នយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត ៕ ដោយ សួង ពិសិដ្ឋ

