កាកបាទក្រហមកម្ពុជាសាខាខណ្ឌឫស្សីកែវ បន្តយកអំណោយចែកជូនចាស់ជរា និងជនពិការងាយរងគ្រោះចំនួន៣៥គ្រួសារ នៅសង្កាត់ទួលសង្កែទី១
ភ្នំពេញ៖ ជាថ្មីម្ដងទៀតហើយ លោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបន្តដឹកនាំមន្ត្រីអាជ្ញាធរសង្កាត់-ភូមិ ដើម្បីចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហម ជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់ប្រជាពលរដ្ឋចាស់ជរា និងជនពិការងាយរងគ្រោះ មកពីតាមបណ្ដាភូមិចំនួន៦ ស្មើនិង៣៥គ្រួសារ ស្ថិតនៅសង្កាត់ទួលសង្កែទី១។
ក្នុងឱកាសផ្ដល់អំណោយមនុស្សធម៌នេះ លោក ជា ពិសី បានលើកឡើងថា ដោយមានការយកចិតទុកដាក់ ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា គឺសម្ដេចទាំងទ្វេរតែងតែបានណែនាំជានិច្ចឲ្យក្រុមការងារកាកបាទក្រហមកម្ពុជា គ្រប់ជាន់ថ្នាក់គិតគូរពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះនូវទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយនោះឡើយ។
កន្លងមកក្នុងសកម្មភាពមនុស្សធម៌នេះ លោក ជា ពិសី តែងតែក្រើនរំលឹកឲ្យបង-ប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ កុំជឿតាមការឃោសនា ញ៉ុះញ៉ុង បំផុសបំផុលពីជនបោកប្រាស់មួយចំនួន ដែលអូសទាញបបួលទៅធ្វើបាតុកម្មផ្ដេសផ្ដាសខុសច្បាប់ ដែលអាចប្រឈមទោសទណ្ឌ ហើយអ្នកដែលយើងត្រូវជឿ និងផ្ដល់សេចក្ដីទុកចិត្ត នោះគឺជាអាជ្ញាធរមូលដ្ឋាន។
សូមជម្រាបថា ចំពោះអំណោយមនុស្សធម៌ ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ នាំយកមកចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម, ទឹកសុីអុីវ២យួរ, ទឹកត្រី២យួរ, (គ្រឿងឧបភោគបរិភោគ១កញ្ចប់) និងថវិកាចំនួន៣មុឺនរៀលស្មើៗគ្នា៕ធ.ដ
ដោយ ហាស់ កំសាន្ដ