ចិន ប្រកាសផ្តល់ជំនួយមនុស្សធម៌ឱ្យអ៊ុយក្រែន ខណៈសរសើរទំនាក់ទំនងល្អជាមួយរុស្ស៊ីថា រឹងមាំដូចថ្ម»
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានឲ្យដឹងថា កាកបាទក្រហមរបស់ប្រទេសចិន នឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេស អ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលលោកបានកោតសរសើរចំណងមិត្តភាពរវាងចិន និងរស្ស៊ីថារឹងមាំដូចថ្ម។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។
ចិនបានបដិសេដមិនថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ហើយក៏មិនហៅវាថាជាការឈ្លានពាននោះដែរ និងបានស្នើឱ្យខាងលិច គោរពតាមកង្វល់សុវត្ថិភាពស្របច្បាប់របស់រុស្ស៊ី។
ក្នុងសន្និសីទសារព័ត៌មានខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាចិន លោក វ៉ាង យី បានបញ្ជាក់ថា «បញ្ហារបស់អ៊ុយក្រែនមានភាពស្មុគស្មាញ និងមិនមែន ទើបតែកើតឡើងត្រឹមតែរយៈពេល ១យប់នោះទេ។ ការដោះស្រាយបញ្ហាស្មុគស្មាញ គឺទាមទារឲ្យមានភាពស្ងប់ស្ងាត់ និងសមហេតុផល ជាជាងការបន្ថែមប្រេងទៅលើភ្លើងដែលកំពុងឆេះ»។
លោកបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយវិបត្តិមនុស្សធម៌ ហើយកាកបាទក្រហមរបស់ចិននឹងផ្តល់ជំនួយ មនុស្សធម៌ដល់អ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕