រដ្ឋបាលខេត្តកំពង់ចាម រៀបចំក្រុមគ្រូពេទ្យចល័ត ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមភូមិ និងមណ្ឌលសុខភាព
រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំក្រុមគ្រូពេទ្យចល័ត ចុះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ នៅតាមភូមិនិងមណ្ឌលសុខភាព។ នេះបើតាមការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ឃុំកងតាណឹង ស្រុកកងមាស។
រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំក្រុមគ្រូពេទ្យចល័ត ចុះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ នៅតាមភូមិនិងមណ្ឌលសុខភាព។ នេះបើតាមការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ឃុំកងតាណឹង ស្រុកកងមាស។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គិតគូពីសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា និងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ តាមរយៈការកៀរគរ និងស្វែងរក វ៉ាក់សាំងចាក់ជូនដល់ប្រជាជនដោយឥតគិតថ្លៃ សំដៅបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ជូនដល់ប្រជាជនកម្ពុជា ក្នុងនោះប្រជាជនខេត្តកំពង់ចាម បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ចំនួន ៨៤៣,៩២៩នាក់ ស្មើនឹង ៩០.១៩% នៃផែនការ ៩៣៥,៦៧៤នាក់ និងប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចាក់ដូសទី៣ ចំនួន ៣៣៧,១៩៧ នាក់ និងដូសទី៤ ចំនួន ៩,៧០៦នាក់។
បន្ថែមពីនេះ រដ្ឋបាលខេត្ត បានរៀបចំក្រុមគ្រូពេទ្យចល័ត ចុះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ នៅតាមភូមិ និងមណ្ឌលសុខភាពថែមទៀតផង។ បច្ចុប្បន្ននេះ យើងបាននឹងកំពុងបន្តចាក់វ៉ាក់សាំងដូសមូលដ្ឋាន ជូនដល់កុមារ អាយុចាប់ពី០៣ឆ្នាំ ដល់អាយុ ០៥ឆ្នាំ នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព។
លោកអភិបាលខេត្តបានបញ្ជាក់ថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបង្កផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច បង្កផលប៉ះពាល់ដល់ការអភិវឌ្ឍ និងប៉ះពាល់ដល់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ។ ផ្តើមចេញពីកត្តានេះ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងរក្សាលំនឹងជីវភាពដល់ប្រជាពលរដ្ឋដែលមានស្ថានភាពខ្វះខាត ក្នុងអំឡុងពេលប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ គាំពារសង្គម ដែលជាលទ្ធផលក្នុងខេត្តកំពង់ចាម កម្មការិនីដែលសម្រាលកូន មានចំនួន ៤,៩១២នាក់ និងត្រូវទទួលបានថវិកាគោលនយោបាយគាំពារសង្គម ពីរាជរដ្ឋាភិបាល សរុបចំនួន ១,៩៧៣,២០០,០០០ រៀល។
ដោយឡែក ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដោយបានចុះឈ្មោះអ្នកទទួលផលសរុបចំនួន ៦,៦២០នាក់ ក្នុងនោះ ស្ត្រីមានផ្ទៃពោះ ៤,៩៣៨នាក់ និងជាកុមារ ១,៦៨២នាក់ និងអ្នកទទួលផលបានមកអនុវត្តលក្ខខណ្ឌ នៅតាមមណ្ឌលសុខភាព ចំនួន ៤៤,៥៥២ករណី និងសម្រាលកូន ៥,៦៧១នាក់ ស្មើនឹងទឹកប្រាក់សរុប ២,៩៥០,៥៦០,០០០ រៀល និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ មកដល់ជុំទី៨ លើកទី១ (ខែមករា) ឆ្នាំ២០២២ នេះ បានផ្ទៀងផ្ទាត់ និងបើកផ្តល់ប្រាក់ជូនគ្រួសារក្រីក្រ សរុប ៤៧,៩១៩គ្រួសារ ស្មើនឹងទឹកប្រាក់ ១៥២,២១៩,៤០០,០០០ រៀល (ប្រហែលជា ៣៧លានដុល្លារអាមេរិក)៕