អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើមន្រ្តីពាក់ព័ន្ធបង្កើនសមត្ថភាពទប់ស្កាត់ការនាំចូលសារធាតុគីមីផ្សំគ្រឿងញៀនពីក្រៅប្រទេស
នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់មន្រ្តីពាក់ព័ន្ធទាំងអស់ បង្កើនសមត្ថភាពទប់ស្កាត់ សារគីមីផ្សុំគ្រឿងញៀន ដែលនាំចូលពីក្រៅប្រទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់ សុខុមាលភាពសង្គម និងប្រទេសជាតិ។
ការស្នើបែបនេះ របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធគ្រប់គ្រង់ទំនក់ទំនងឧប្បត្តិវហេតុសារធាតុគីមីផ្សុំ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសាន់វ៉េ។
នាឱកាសនោះដែរ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ក៏បានណែនាំទៅដល់មន្រ្តី និងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះបទល្មើសផលិតគ្រឿងញៀន ជាពិសេសជនបរទេស ព្រោះមេខ្លោងជួញដូរគ្រឿង និងអង្គការចាត់តាំងក្នុង និងក្រៅប្រទេស ដែលផ្ដល់ឱកាសដល់ក្រុមឧក្រិដ្ឋជន មានលទ្ធភាពនាំចូលសារធាតុគីមីផ្សុំ និងទីតាំងផលិតគ្រឿងញៀន ខណៈថ្មីៗសមត្ថកិច្ចបានបង្រាបបានគ្រឿងញៀនរាប់រយគីឡូ និងសារធាតុគីមីផ្សុំរាប់តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។
មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានក្រើនរំលឹក ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការត្រួតពិនិត្យនៅតាមច្រកចេញចូល ជើងគោក ជើងទឹក និងជើងអាកាស ព្រមទាំងគោលដៅសំខាន់ៗដទៃផ្សេងទៀត ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ ការបង្ការ និងការបង្ក្រាបបទល្មើសគ្រឿងញៀន និងការនាំចូលសារធាតុគីមី ឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
បើតាមលោក Fernando Romero Conteras អ្នកសម្របសម្រួលកម្មវិធី GRIDS បានបង្ហាញការមើលឃើញថា ប្រទេសកម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ពីស្ថានភាពប្រែប្រួលជាអវិជ្ជមានប្រកបដោយហានិភ័យខ្ពស់បណ្ដាមកពីគ្រឿងញៀន។ បញ្ហានេះគឺដោយសារតែការកើនឡើងឥតឈប់ឈរនៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀននៅលើពិភពលោក និងក្នុងតំបន់។
លោក Fernando Romero Conteras បានបន្តថា ជាក់ស្ដែងទោះបីចំនួនករណីគ្រឿងញៀនសមត្ថកិច្ចបង្ក្រាបបានមានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនរាប់រយតោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗ ដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រជាដើម។
គួរជម្រាបថា ពេញមួយឆ្នាំ២០២១ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ៦ ២៤២ករណី ដោយឃាត់មនុស្សចំនួន ១៣ ៧៦៥នាក់ (ស្រី៨០២នាក់) ក្នុងនោះមានជនបរទេស ៣៦២នាក់ (ស្រី៤៥នាក់ មាន១៣សញ្ជាតិ)។
ក្នុងចំណោមករណីដែលបង្ក្រាបបានទាំងអស់នោះ មានករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ចំនួន ៤,៤១៥ករណី ដោយឃាត់មនុស្ស ៨,៥៤៩នាក់ (ស្រី ៥៧៣នាក់), ករណីប្រើប្រាស់ចំនួន ១,៧៩២ករណី ដោយឃាត់មនុស្ស ៥ ២០៧នាក់ (ស្រី ២២៤នាក់) និងអនុវត្ដន៍ដីកា ៤៩០ដីកា ឃាត់មនុស្ស ៤៤៥នាក់ (ស្រី ១៨នាក់)។
សារធាតុញៀនគ្រប់ប្រភេទដែលសមត្ថកិច្ចរឹបអូសបានចំនួនជាង ៤,៤៣៥គីឡូក្រាម និងកញ្ឆា ៥២,២១៤ដើម, កញ្ឆាសួតជាង ១៤១គីឡូក្រាម, សម្ភារចាប់យកមាន រថយន្ដ ១២៤គ្រឿង, ម៉ូតូ ១,៦៤៧គ្រឿង, ទូរស័ព្ទ ៥,៨៥៣គ្រឿង, ជញ្ជីង ៣៣៦គ្រឿង, អាវុធខ្លី៤១ដើម, អាវុធវែង ៤២ដើម៕