ស៊ីម៉ាក់ទទួលជំនួយជាង៦លានដុល្លារ បោសសំអាតគ្រាប់បែកចង្កោម នៅខេត្តចំនួន៧
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) និងលោក Rune Dale Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការរវាងអង្គការ NPA និង ស៉ីម៉ាក់ លើជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួន ៦,៣៥៥,៧២០ដុល្លារ តាមរយៈអង្គការ NPA គាំទ្រអង្គភាពស៊ីម៉ាក់ បោសសំអាតតំបន់រងផលប៉ះពាល់ គ្រាប់បែកចង្កោម រយៈពេល៤៥ខែ (១មីនា ២០២២-វិច្ឆិកា ២០២៥)។
បើតាមលោក ហេង រតនា ក្រសួងការបរទេសរដ្ឋាភិបាលអាមេរិក បានសំរេចផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៦,៣៥៥,៧២០ដុល្លារ សម្រាប់រយៈពេល៤៥ខែ (០១មីនា ២០២២ ដល់ថ្ងៃទី៣០ វិច្ឆិកា ២០២៥) ដោយផ្តល់តាមរយៈអង្គការ NPA សំរាប់គាំទ្រសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ បោសសំអាតតំបន់រងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម នៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនៈគីរី និងខេត្តមណ្ឌលគីរី។
លោក ហេង រតនា បានបញ្ជាក់ឲ្យដឹងថា បរិមាណជំនួយនេះ មានបរិមាណដូចបណ្តាឆ្នាំកន្លងមកដែរ គ្រាន់តែជំនួយលើកនេះ មានរយៈពេលវែង៤៥ខែ ដែលកន្លងមកផ្តល់រយៈពេលមួយឆ្នាំម្តងប៉ុណ្ណោះ។ ជំនួយនេះផ្តល់លទ្ធភាពឲ្យអង្គភាពស៊ីម៉ាក់ អាចពង្រាយកម្លាំងប្រតិបត្តិការចំនួនជាង២០០នាក់ និងអាចរំដោះផ្ទៃដី តំបន់គ្រាប់បែកចង្កោមជាង១៣,២០០ហិកតា។
ជាមួយនេះដែរក្រសួងការបរទេស Norway ក៏បានសំរេចផ្តល់ថវិកាខ្នាតតូចចំនួន២គំរោង គឺគំរោងរំដោះខេត្តគ្មានគ្រាប់មីន ដែលកំពុងប្រតិបត្តិការ និងគំរោងបោសសំអាតមីនតំបន់ព្រំដែនកម្ពុជា-ថៃ ដែលគំរោងទាំង២ មានថវិកាចំនួន៨៩,០៧៧ដុល្លាររយៈពេល៣ខែ៕