ឯកឧត្តម លេង វី ជម្រុញដល់អភិបាលរងខេត្តថ្មី បន្តខិតខំអភិវឌ្ឍន៍ខេត្តឱ្យរីកចម្រើនទៅមុខជាលំដាប់ និងដឹងពីសុខទុក្ខរបស់ប្រជាជន

ខេត្តកណ្តាល ៖ ថ្លែងក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រុញដល់អភិបាលរងខេត្តថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឱ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានឱ្យបានជាប្រចាំ ត្រូវដឹងពីសុខទុក្ខរបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានអោយបានទាន់ពេលវេលា។

ឯកឧត្តម លេង វី បន្តថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឱ្យល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ ឱ្យបានល្អតាមរយៈកាផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបឱ្យបានបញ្ហាគ្រឿងញៀន ។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តឱ្យកាន់តែមនការអភិវឌ្ឍន៍ជាបន្តទៀតស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និង ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្តឱ្យទទួលបានជោគជ័យថែមទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំង ឯកឧត្តម ប្រាក់ សារ៉ាត មានឋានន្តរស័ក្កឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ជំនួស ឯកឧត្តម គីម រិទ្ធី ឋានន្តរស័ក្កឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលរងខេត្តកណ្តាល ឱ្យមកកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner