អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សមួយចំនួនពាក់ព័ន្ធការរារាំង បំភិតបំភ័យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សនយោបាយមួយចំនួនពាក់ព័ន្ធការរារាំង បំភិតបំភ័យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ពីសំណាក់បុគ្គលមួយចំនួន គឺគណបក្សនយោបាយមានសិទ្ធិប្តឹងទៅនឹងមន្ត្រីបោះឆ្នោត ដើម្បីឱ្យផ្តន្ទាទោសតាមជំពូក១៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១០ ខែមីនានេះថា ជាការពិត នៅក្នុងដំណើរការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺតែងជួបប្រទះនូវបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងការលំបាកគណបក្សមួយចំនួនក្នុងការរៀបចំឯកសារ។ ជាពិសេសគឺឯកសារដែលមានការបញ្ជាក់ពីអាជ្ញាធរឃុំសង្កាត់។ ប៉ុន្តែយ៉ាងណាក៏ដោយចំណុចនេះ គឺគណបក្សនយោបាយដែលជួបផ្ទាល់មានសិទ្ធិប្តឹងទៅនឹងមន្ត្រីបោះឆ្នោត ដើម្បីឱ្យផ្តន្ទាទោសតាមជំពូក១៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា “យន្តការ នៃការប្តឹងនេះ ប្រសិនបើប្តឹងមន្ត្រីបោះឆ្នោត គឺត្រូវប្តឹងនៅថ្នាក់លើមួយថ្នាក់ ហើយគណបក្សនយោបាយអាចប្តឹងទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ហើយបណ្តឹងនេះ អាចបញ្ចប់នៅគ.ជ.ប ដែលជាសមត្ថកិច្ចដោះស្រាយបណ្តឹងងក្រោយបិទផ្លូវតវ៉ា។ ប៉ុន្តែក្នុងករណីប្តឹងចំពោះបុគ្គលមិនមែនជាមន្ត្រីបោះឆ្នោតគណបក្សដែលជួបប្រឈមបញ្ហាលំបាកដោយសារបុគ្គលនោះ មានសិទ្ធិប្តឹងចំពោះការរំលោភលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយពិសេសផ្អែកទៅលើជំពូក១៤ នៃច្បាប់នេះត្រូវដាក់ពាក្យបណ្តឹងទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។ នេះគឺជាការប្តឹងចំពោះបទរារាំងមិនឱ្យឈរឈ្មោះជាបេក្ខជន ឬក៏បំភិតបំភ័យ ឫក៏គំរាមកំហែងបេក្ខជន”។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា គ្រប់ដំណាក់ការនៃការរៀបចំការបោះឆ្នោតមានទាំងការចុះបញ្ជីឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផល នៃការបោះឆ្នោត សុទ្ធតែមានបែបបទនីតិវិធីនៃការដាក់បណ្តឹងតាមដំណាក់កាលនីមួយៗ ហើយការដែលគ្រាន់តែលើកឡើងរបស់គណបក្សនយោបាយមួយចំនួនថា មានការគំរាមកំហែង គឺមិនទាន់គ្រប់គ្រាន់ទេ។ គ.ជ.ប មិនអាចចំណាត់ការទេ ប៉ុន្តែនៅក្នុងករណីមានបណ្តឹងពាក់ព័ន្ធនឹងការប្រព្រឹត្តល្មើសនេះ គឺគណបក្សនយោបាយ ត្រូវប្តឹងទៅតាមវិធានការដូចបានបញ្ជាក់ជូនខាងលើនេះ។
សូមជម្រាបថា ការដាក់ពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅតាមបណ្ដាគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត(គឃ.សប) រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ គឺមានគណបក្សនយោបាយចំនួន១៧ បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជន៕
ដោយ៖ពលជ័យ