AVIVoice Ep64: ការទូតយុវជន និងការតភ្ជាប់ប្រជាជននិងប្រជាជនក្នុងក្របខណ្ឌអាស៊ាន

នាពេលបច្ចុប្បន្ននេះ គេបានសង្កេតឃើញពីតួនាទីដ៏គួរឱ្យកត់សម្គាល់របស់យុវជន ដែលកំពុងតែមានភាពសកម្មនៅក្នុងការចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយអំពីការទូតយុវជន ក៏ដូចជាប្រមូលផ្ដុំឱ្យមានការចូលរួមឱ្យកាន់តែច្រើនពីវត្តមានរបស់យុវជនទាំងអស់នៅក្នុងសហគមន៍អាស៊ាន ក្នុងគោលបំណងលើកកម្ពស់កិច្ចការអាស៊ានផ្ទាល់តែម្ដង។ ការទូតយុវជន គឺជាឧបករណ៍ស្នូលមួយនៅក្នុងបរិបទការទូតបច្ចុប្បន្ន ដើម្បីតភ្ជាប់សហគមន៍មួយទៅសហគមន៍មួយ និងតភ្ជាប់ការទូតនៅក្នុងសហគមន៍ទាំងមូលឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។ ក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ឆាយ បានពន្យល់អំពីនិយមន័យ និងតួនាទីដ៏សំខាន់របស់ការទូតយុវជននៅក្នុងសហគមន៍អាស៊ាន ក៏ដូចជាតួនាទីរបស់យុវជនកម្ពុជាក្នុងការចូលរួមផ្សព្វផ្សាយពីកិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

សំណួរទី ១៖ តើអ្វីទៅជាការទូតយុវជន?

ខ្ញុំសូមបញ្ជាក់ផងដែរថា យើងមិនទាន់មានជានិយមន័យមួយដែលប្រើរួម ដូចជាទ្រីស្ដីមួយនៅក្នុងទំនាក់ទំនងអន្តរជាតិនៅឡើយទេ។ ការទូតយុវជន ជាពាក្យដែលគេប្រើប្រាស់ក្នុងន័យ ផ្ដល់តម្លៃទៅដល់តួនាទីរបស់យុវជនក្នុងការចូលរួមក្នុងវិស័យការទូត មានន័យថាការប្រើប្រាស់យុវជនជាឧបករណ៍ការទូតមួយដើម្បីជម្រុញនូវទំនាក់ទំនងការទូត គឺការតភ្ជាប់ទៅវិញទៅមករវាងប្រទេសនឹងប្រទេស។ ប៉ុន្តែវាមិនមែនជាទស្សនៈទានច្បាស់លាស់មួយ ឬក៏ជាទ្រីស្ដីមួយដែលគេបង្កើតឡើងនៅក្នុងមុខវិជ្ជាទំនាក់ទំនងអន្តរជាតិ ដូចជាទ្រីស្ដីផ្សេងៗដែលមានចែងពីមុនមកនោះទេ។ វាជាពាក្យមួយដែលគេនិយមប្រើ ដើម្បីឱ្យតម្លៃទៅលើតួនាទីនៃការចូលរួមរបស់យុវជនក្នុងវិស័យពាក់ព័ន្ធការទូត។ នៅក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់ម្ដងទៀត នៅពេលដែលគំនិតផ្ដួចផ្ដើមផ្សេងៗរបស់យុវជន ក៏ដូចជាចលនាយុវជនដែលកើតមានឡើងនៅក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យយុវជនទាំងអស់នោះ ចាប់ផ្ដើមនឹកឃើញការទូតយុវជនដែលពួកគាត់សង្ឃឹមថាការចូលរួមរបស់ពួកគាត់នឹងជួយជម្រុញទៅជាផលប្រយោជន៍អ្វីម្យ៉ាងសម្រាប់ប្រទេសរបស់ខ្លួន ក៏ដូចជាផលប្រយោជន៍សម្រាប់សហគមន៍សម្រាប់អាស៊ានទាំងមូលផងដែរ។ ហើយនៅក្នុងគំនិតផ្ដួចផ្ដើមរបស់យុវជនទាំងអស់នោះ វាមិនមែនផ្ដោតសំខាន់ ក៏ដូចជាមិនមែនកំណត់តែលើវិស័យទំនាក់ទំនងអន្ដរជាតិទេ តែក៏វាមានផ្ដោតសំខាន់ទៅលើវិស័យផ្សេងៗដូចជា ការចូលរួមរបស់យុវជនក្នុងការបង្កើតឱ្យមានការយល់ដឹងទាក់ទង បញ្ហាបម្រែបម្រួលអាកាសធាតុ បរិស្ថាន នយោបាយសន្ដិសុខ ក៏ដូចជាបញ្ហាសេដ្ឋកិច្ច ទាក់ទងជាមួយនឹងសហគ្រិនភាពផ្សេងៗជាដើម។

សំណួរទី ២៖ តើការទូតយុវជនដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងកិច្ចការអាស៊ាន? ហើយវាបានផ្ដល់នូវផលប្រយោជន៍អ្វីខ្លះទៅដល់ប្រជាជននៅក្នុងតំបន់អាស៊ាន?

ដើម្បីស្វែងយល់អំពីផលប្រយោជន៍ដែល ការទូតយុវជនផ្ដល់ទៅឱ្យការងាររបស់អាស៊ាន យើងត្រូវយល់ ពីបរិបទអាស៊ានជាមុនសិន។ អញ្ចឹងខ្ញុំសូមបកស្រាយអំពីបរិបទអាស៊ាន ទើបខ្ញុំទាញចូលទៅដល់ផលប្រយោជន៍របស់ការទូតយុវជន ក៏ដូចជាតូនាទីរបស់យុវជន ដើរតួយ៉ាងណានៅក្នុងកិច្ចការអាស៊ាន​នេះ។ អាស៊ានជាអង្គការដែលបង្កើតឡើងដំបូងជា Top-Down Approach ក៏ដូចជា Top-Down Organisation បានន័យថាគឺបង្កើតឡើងដោយរដ្ឋនិងរដ្ឋ។ គោលដៅដំបូងរបស់អាស៊ានគឺដើម្បីជំរុញ ទំនាក់ទំនងល្អរវាងរដ្ឋ​ និង រដ្ឋ នៅក្នុង តំបន់អាស៊ីអាគ្នេយន៍ ក៏ដូចជាគេហៅថានៅក្នុងតំណាក់កាលនយោបាយមួយដែលមេដឹកនាំនយោបាយរួមដៃគ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃរបបកុម្មុយនីស្ត តាំងពីសម័យសង្រ្គាមត្រជាក់។ ប៉ុន្ដែរហូតដែលពេលការវិវត្តន៍របស់អាស៊ាន ៣០ ៤០ ឆ្នាំទៅ៥០ ឆ្នាំ អាស៊ានគឺមានការផ្លាស់ប្ដូរជាច្រើនជាពិសេសលើការផ្លាស់ប្ដូរមិនមែនផ្ដោតសំខាន់លើវិស័យនយោបាយក៏ដូចជាមានរួមបញ្ចូលនូវផ្នែកមួយចំនួនទាំងទងទៅនឹងមនោគមវិទ្យានយោបាយនោះទេ​ តែវាក៏ដូចជាការបង្ដើតឡើងនូវគោលគំនិត ផ្ដួចផ្ដើមសម្រាប់សមាហរណនកម្មអាស៊ាន ជាមួយនឹងចក្ខុវិស័យនៅក្នុងសហគមអាស៊ានតាំងពីឆ្នាំ ២០០៣​ ដែលយើងមានឯកសារទាំងអស់នេះមក មានន័យថា​ អាស៊ានចាប់ផ្ដើមមើលលើគ្រប់ជ្រុងជ្រោយឡើងវិញ​ ក្នុងតំបន់ក៏ដូចជា ក្នុងការកសាងសហគមអាស៊ាន។ ដូច្នេះហើយ ដើម្បីយល់ដឹងពីតួនាទីយុវជននេះ ខ្ញុំសូមផ្ដល់និយមន័យបន្ដិច ទៅលើសមាហរណកម្មអាស៊ាននេះ។ ASEAN Regionalism នេះគឺនិយមន័យនេះ យើងអាចនិយាយបានថាវាជាតំណាក់កាល បានន័យថាជាដំណើររបស់អាស៊ានទាំងមូល តំណាក់កាលមួយដែលអាស៊ានព្យាយាមបង្កើត គេហៅកសាងសហគមរួមមួយ ដែលក្នុងសហគមមួយនោះរដ្ឋដែលជាសមាជិក ក្នុងសហគមនោះបង្កើតបានជាទំនាក់ទំនងដោយសន្ដិវិធី Peaceful Interaction ទំនាក់ទំនងតាមបែបសន្ដិវិធីដើម្បីរួមដៃគ្នាបង្កើត ប្រយោជន៍រួមមួយសម្រាប់សហគមមួយនេះ ក៏ដូចជាព្យាយាមបង្កើតជាអត្តសញ្ញាណតំបន់មួយរួម។​ ពាក្យថាអត្តសញ្ញាណតំបន់មួយរួមនេះ បើយើងមើលលើនិយមន័យ ASEAN Regionalism ដែលខ្ញុំបានរៀបរាប់នេះ វាជាដំណើរការមួយដែលវែង ហើយមានភាពស្មុគស្មាញ សម្រាប់អាស៊ានដើម្បីបង្កើតសហគមមួយដែលអ្នកទាំងអស់គ្នានេះ យល់ស្របទៅនឹងផលប្រយោជន៍រួម ក៏ដូចជាយកស្របទៅនឹងអត្តសញ្ញាណមួយសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែធាតុពិតជាក់ស្ដែង ហេតុអ្វីបានជាយើងធ្វើបែបនេះ ពីព្រោះអាស៊ានជាតំបន់មួយដែលមានភាពចម្រុះតាំងពីវប្បធម៌ វប្បធម៌នយោបាយ វប្បធម៌សាសនា ប្រពៃណីក៏ដោយនៅក្នុងរដ្ឋនីមួយៗដែលយើងមិនចង់បាត់បង់នូវអត្តសញ្ញាណរបស់ប្រទេសនីមួយៗទេ ប៉ុន្តែយើងស្វែងរកអត្តសញ្ញាណមួយណាដែលយើងអាចរួមគ្នាបាន ទទួលស្គាល់ទាំងអស់គ្នា។ អញ្ចឹងបានន័យថា ការបង្កើតអត្តសញ្ញាណរួមមួយនៅក្នុងតំបន់អាស៊ាន ជារឿងស្មុគស្មាញមួយ ហើយក៏ជារឿងមិនអាចសម្រេចបានក្នុងរយៈពេលខ្លីដែរ តែវាជាដំណើរវែង។ ដូច្នេះហើយ ការបង្កើតអត្តសញ្ញាណរួមមួយដើម្បីឱ្យសហគមន៍អាស៊ានជោគជ័យ គឺខ្ញុំចង់ទាញចូលនូវតួនាទីសំខាន់របស់ការទូតយុវជន ដែលជាឧបករណ៍មួយដែលខ្ញុំគិតថា មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើតអត្តសញ្ញាណរួម ដែលខ្ញុំបានទាញចូលក្នុងនិយមន័យនៃ ASEAN Regionalism មុននេះ។ ពីព្រោះនៅពេលដែលយើងបង្កើត អត្តសញ្ញាណតំបន់ (Regional Identity) យើងត្រូវការការផ្លាស់ប្ដូរប្រជាជននិងប្រជាជន (People-to-people Exchange) ប៉ុន្តែយើងត្រូវមើលទៅលើក្រុមមនុស្សណាដែលមានភាពសកម្ម ដែលគួរតែទទួលបានការអប់រំខ្ពស់គឺយើងមើលទៅលើភាគរយរបស់យុវជន ដែលប្រជាជន៦០០លាននាក់ជាងនៅក្នុងតំបន់អាស៊ាន ប្រជាជនដែលស្ថិតនៅក្នុងក្រុមយុវជនមានដល់ទៅ ២៧០លាននាក់ទៅហើយក្នុងចំណោមប្រជាជនសរុប។ អញ្ចឹងហើយ យុវជនគឺដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្ដូរពីយុវជនទៅយុវជន ដើម្បីបង្កើតនូវការយល់ដឹងរួម កាលណាយើងជម្រុញឱ្យមានការយល់ដឹងរួម ជម្រុញឱ្យមានកិច្ចពិភាក្សាសន្ទនាបែបវប្បធម៌ ដើម្បីស្វែងយល់អំពីភាពខុសគ្នាកន្លែងណាខ្លះ ទើបយើងអាចដើរទៅដល់ចំណុចរួមមួយ ដែលយើងអាចទទួលយកបានទាំងអស់គ្នា ហើយនេះគឺជាមូលហេតុដែលយើងប្រើពាក្យថាសំខាន់ទៅលើការទូតយុវជននៅក្នុងកិច្ចការអាស៊ាន។

សំណួរបន្ថែមពីលើនេះថាវាមានផលប្រយោជន៍អ្វីសម្រាប់ប្រជាជនអាស៊ាន? ខ្ញុំចាំនូវការរៀបរាប់អំពីសគមន៍អាស៊ាន ដែលយើងចង់បង្កើតជាសហគមន៍កាលុវត្តភាពសម្រាប់អ្នកទាំងអស់គ្នា មានន័យថាប្រជាជនអាស៊ានទាំងអស់ត្រូវទទួលបាននូវកាលានុវត្តភាពស្មើៗគ្នា។ សហគមន៍មួយដែលប្រកបដោយបរិយាប័ន្ន បានន័យថាទាល់តែប្រជាជនអាចទទួលយកនូវកាលានុវត្តភាពល្អៗ ដែលបានពីគំនិតផ្ដួចផ្ដើមអាស៊ានស្មើៗគ្នា។ អញ្ចឹងហើយ នៅពេលដែលយើងបង្កើតឱ្យមានការទូតយុវជន គឺយើងត្រូវតែជម្រុញឱ្យមានការផ្លាស់ប្ដូរយុវជន ហើយយុវជនដែលកំពុងតែសិក្សា និងធ្វើការក៏ដោយគឺ គាត់មានឱកាសក្នុងការជួបទំនាក់ទំនងគ្នាកាន់តែច្រើន ទីមួយគឺឱកាស ទីពីរគឺការលើកកម្ពស់ការយល់ដឹង ការបង្កើនទំនាញអភិវឌ្ឍន៍ផ្ទាល់ខ្លួនសម្រាប់វិស័យសិក្សាក៏ដោយ សម្រាប់វិស័យការងារក៏ដោយ បានន័យថាយើងចូលរួមធ្វើឱ្យចន្លោះជំនាញ (Skill Gap) នៅក្នុងតំបន់អាស៊ានកាន់តែតូច។ ឯទីបីគឺការជម្រុញឱ្យមានសង្គមមួយប្រកបដោយបរិយាប័ន្ន មនុស្សទាំងអស់សុទ្ធតែទទួលបានការយល់ដឹងដូចគ្នា កាលានុវត្តភាពដូចគ្នាដែលផ្ដល់ដោយគំនិតផ្ដួចផ្ដើមរបស់អាស៊ាន។ ទាំងអស់នេះជាបីចំនុចដែលខ្ញុំចង់លើកឡើងចំពោះផលប្រយោជន៍ដែលទទួលបានសម្រាប់ប្រជាជនអាស៊ាន។

សំណួរទី ៣៖ តើតួនាទីការទូតយុវជន មានសារៈសំខាន់យ៉ាងណាក្នុងការពង្រឹង និងរួមចំណែកដល់ការតភ្ជាប់សហគមន៍អាស៊ានទាំងមូល?

បើយើងនិយាយអំពីការតភ្ជាប់អាស៊ាន យើងប្រាកដជានឹកឃើញទៅដល់ Master Plan on ASEAN Connectivity ដែលជាឯកសារមួយដ៏សំខាន់ ក៏ដូចជាយើងមានផែនការមេដើម្បីតភ្ជាប់អាស៊ាន។ ជាច្រើនឆ្នាំមកនេះ អាស៊ានបានផ្ដោតសំខាន់ទៅលើការតភ្ជាប់ ហើយនៅពេលដែលយើងមាន Master Plan on ASEAN Connectivity ផ្ដោតទៅលើបីសសរស្ដម្ភ ដែលរួមមាន Physical Infrastructure, Institutional Infrastructure and People-to-people Connectivity។ អញ្ចឹងបើយើងមើលទៅវាជួយដល់ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដែលគោលដៅចង់បង្កើនចំនួនសិស្សានុសិស្សនៅក្នុងតំបន់អាស៊ាន ក៏ដូចជាលើកកម្ពស់ការផ្លាស់ប្ដូរសិក្សា ការផ្លាស់ប្ដូររបស់យុវជន និងកំណែនប្រជាជននៅក្នុងតំបន់អាស៊ានឱ្យកាន់តែសកម្មជាងមុន។ ក្នុងការផ្លាស់ប្ដូរ យើងនឹងមានឱកាសស្វែងយល់ពីគ្នាទៅវិញទៅមក ពីព្រោះយើងដឹងហើយថាយុវជនជាមេដឹកនាំនៅថ្ងៃអនាគត អញ្ចឹងក្នុងពេលបច្ចុប្បន្នគឺគាត់ចាំបាច់ត្រូវតែមានជំនាញមួយណាជាក់លាក់សម្រាប់ខ្លួនគាត់ ដើម្បីឱ្យគាត់ត្រៀមខ្លួនទៅថ្ងៃអនាគត ក៏ដូចជារួចរាល់ក្នុងការប្រឈមមុខផ្សេងៗ និងមានភាពរឹងមាំនិងបត់បែន។ ដើម្បីឱ្យមានភាពបត់បែនបាន គឺត្រូវការឱ្យមានការផ្លាស់ប្ដូរក្នុងតំបន់អាស៊ានឱ្យមានការស្វែងយល់ពីគ្នាឱ្យកាន់តែច្បាស់។ ប្រសិនជាយើងជម្រុញកម្មវិធីបែបនេះ គាត់នឹងមានឱកាសទាក់ទងជាមួយគ្នា គាត់នឹងចូលរួមក្នុងការបង្កើនជំនាញជាក់លាក់របស់គាត់។ ខ្ញុំលើកឧទាហរណ៍ សម្រាប់ខ្ញុំផ្ទាល់ពេលដែលខ្ញុំសិក្សានៅសកលវិទ្យាល័យ យើងមានកម្មវិធីច្រើនសម្រាប់សិស្សអាស៊ានដូចជាសន្និសិតធំៗនៅប្រទេសថៃ និងនៅប្រទេសឥណ្ឌូនេស៊ីជាដើម ហើយក៏មានកម្មវិធីផ្ទាល់ពីលេខាធិការដ្ឋានរបស់អាស៊ានផងដែរ។ គំនិតផ្ដួចផ្ដើមទាំងអស៊នេះជម្រុញឱ្យមានការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្សចេញពីសកលវិទ្យាល័យអាស៊ាន ដើម្បីជួបគ្នាពិភាក្សាពីបញ្ហា និងផ្ដល់យោបល់ដែលចេញពីសម្លេងយុវជន ហើយក្រៅពីនេះ យើងទទួលបានអ្វីត្រឡប់មកវិញពីកម្មវិធីទាំងនោះដូចគ្នា។ ទាំងអស់នេះហើយហៅថា ការប្រើប្រាស់ឡើងវិញនូវ Skill Gaps បានន័យថា សិស្សនៅក្នុងសាកលវិទ្យាល័យអាស៊ានទាំងអស់មិនប្រាកដថាពួកគាត់ចេះស្មើគ្នានោះទេ ពីប្រព័ន្ធសិក្សានៅប្រទេសសិង្ហបុរី ប្រៀបធៀបនឹងប្រព័ន្ធសិក្សានៅប្រទេសសមាជិកផ្សេងទៀតដូចជាឡាវ កម្ពុជា វៀតណាម ម៉ាឡេស៊ីជាដើម គឺមានភាពខុសៗគ្នា ប៉ុន្តែយើងអាចផ្លាស់ប្ដូរហើយយើងអាចរៀនសូត្យពីគ្នា ដើម្បីចូលរួមអភិវឌ្ឍន៍ជំនាញរបស់យុវជនទាំងអស់ឱ្យមានភាពស្មើគ្នា។ អញ្ចឹងហើយនៅថ្ងៃអនាគត People-to-people Connectivityបានសម្រេចបានហើយក៏ធ្វើឱ្យសហគមន៍ទាំងមូលពោរពេញទៅដោយយុវជន ដែលមានសក្ដានុពលក្នុងការប្រឈមមុខបញ្ហាផ្សេងៗដែលកើតមានឡើងនៅថ្ងៃអនាគត មានន័យថាតំបន់អាស៊ានមានការអភិវឌ្ឍន៍ច្រើន ដូចជាពន្លឿននូវការអភិវឌ្ឍន៍តំបន់អាស៊ានឱ្យបានលឿនជាងមុន។ ទាំងអស់នេះជាសារៈសំខាន់ថាពួកគាត់នឹងចូលរួមយ៉ាងដូចម្ដេចក្នុងការតភ្ជាប់ក្នុងតំបន់អាស៊ាននេះ។

សំណួរទី ៤៖ តើយុវជនគួរតែដើរតួនាទី និងអាចធ្វើអ្វីបានខ្លះនាពេលបច្ចុប្បន្ននិងអនាគត ដើម្បីចូលរួមបន្ថែមទៀតដល់ការលើកកម្ពស់ការទូតយុវជន និងកសាងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំជាងមុន?

ការចូលរួមរបស់យុវជនមានភាពសំខាន់ខ្លាំង ហើយសួរថាតើយើងមានប៉ុន្មានផ្លូវដែលជម្រុញឱ្យមានការចូលរួមកាន់តែសកម្មរបស់យុវជន។ វិធីសាស្រ្តគឺមិនមានភាពស្មុគស្មាញទេ ប៉ុន្តែយើងត្រូវមើលទៅលើវិធីសាស្រ្តមួយណាដែលមានឥទ្ធិពលខ្លាំង។ ខ្ញុំយល់ឃើញថា យុវជនខ្លះពុំទាន់ប្រញាប់ប្រញាល់ក្នុងការទាញយកភាពជោគជ័យធំៗ ដែលវាអាចធ្វើឱ្យយើងបាត់បង់នូវឱ្យកាសតាមផ្លូវ។ មានន័យថា ពួកគាត់ចូលរួមដោយសកម្ម ប៉ុន្តែគាត់មិនប្រញាប់ប្រញាល់ពេកក្នុងការឈោងចាប់យកភាពជោគជ័យធំៗ ដែលមិនអាចទៅរួចនៅក្នុងពេលខ្លី។ អញ្ចឹងការចូលរួមដោយវិធីសាស្រ្តឆ្លាត គឺការចូលរួមដោយគិតថាខ្លួនឯងនឹងទទួលយកបានអ្វីមួយពីកម្មវិធីទាំងអស់នោះ។ ទីមួយ បច្ចុប្បន្នយើងមាននូវគំនិតផ្ដួចផ្ដើមរបស់យុវជនច្រើននៅក្នុងតំបន់អាស៊ាន ហើយយុវជនកម្ពុជាសម័យបច្ចុប្បន្នក៏គាត់មានភាពសកម្មក្នុងការជម្រុញឱ្យមានការយល់ដឹងអំពីអាស៊ាន ហើយយុទ្ធនាការបង្កើតឱ្យមានការយល់ដឹងអំពីអាស៊ាន ក៏វាជាចំណែកមួយសំខាន់ក្នុងការលើកកម្ពស់ការទូតយុវជនក្នុងអាស៊ាន ក៏ដូចជាក្នុងការលើកកម្ពស់សង្គមរួមមួយរបស់សហគមន៍អាស៊ានផងដែរ។ ប៉ុន្តែយើងត្រូវដឹងថាអ្នកណាជាអ្នកចូលរួម អ្នកណាជាអ្នកបញ្ចេញនូវគំនិតផ្ដួចផ្ដើមទាំងអស់នេះ ហើយយើងត្រូវការការចូលរួមពីអ្នកណា គឺយុវជនផ្ទាល់តែម្ដង។ អញ្ចឹងវិធីនេះគឺគាត់អាចចូលរួម ហើយទាញយកនូវអ្វីដែលសំខាន់សម្រាប់គាត់ត្រឡប់មកវិញបានទៀត។ បើយើងក្រឡេកទៅមើលអតីកាល យើងពុំទាន់មានពាក្យថាការទូតយុវជននៅឡើយទេ គឺយើងមានត្រឹមតែយុទ្ធសាស្រ្ត Top-Down គឺមេដឹកនាំសម្រេចអ្វីយើងត្រូវអនុវត្តទៅតាមអ្វីដែលមេដឹកនាំបានសម្រេច ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមឱ្យតម្លៃទៅលើយុទ្ធសាស្រ្ត Bottom-Up វាបានដើរតួនាទីបំពេញតម្រូវឱ្យគ្នាទៅវិញទៅមក។ យុទ្ធសាស្រ្ត Bottom-Up នេះគឺតួនាទីរបស់យុវជនមានសារៈសំខាន់ ប្រសិនបើមិនមានតួនាទីយុវជនដើរតួសំខាន់ទេ យើងក៏មិនអាចមានយុទ្ធសាស្រ្ត Bottom-Up ដើម្បីជោគជ័យសម្រាប់សហគមន៍អាស៊ាននេះដែរ។ ទីពីរ យុវជនគួរតែសិក្សាឱ្យបានច្រើនអំពីអាស៊ាន និងបង្កើនការយល់ដឹង ពីព្រោះប្រសិនបើយើងអត់យលើពីអាស៊ានទេគឺប្រាកដជាដើរទៅមុខមិនរួចទេ។ ប្រសិនបើយើងចង់ទាញយកកាលានុវត្តភាពផ្សេងៗនៅក្នុងតំបន់អាស៊ាន គឺយើងត្រូវដឹងពីអាស៊ាន។ ហើយខ្ញុំចង់ផ្លាស់ប្ដូរការគិតរបស់យុវជនមួយចំនួននៅក្នុងប្រទេសកម្ពុជាយើង នៅពេលដែលនិយាយដល់អាស៊ានគាត់គិតថាទាល់តែសិស្សដែលសិក្សាពីទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្រ្តនយោបាយទើបតែគួរយល់ដឹងពីអាស៊ាន ប៉ុន្តែធាតុពិនមិនមែនទេ។ នៅពេលដែលខ្ញុំចូលរួមកម្មវិធីមួយចំនួន គឺគេព្យាយាមបង្កើនការយល់ដឹងហ្នឹងមិនមែនគេយកសិស្សដែលរៀនទាក់ទងនឹងជំនាញទំនាក់ទំនងអន្តរជាតិតែមួយមុខទេ ព្រោះអាស៊ានក៏មានការផ្ដោតសំខាន់លើគ្រប់ជ្រុងជ្រោយដែរ។ អញ្ចឹងទាំងសិស្សមកពីវិទ្យាសាស្រ្តពិតក៏ដោយ និងវិទ្យាសាស្រ្តសង្គមក៏ដោយសុទ្ធតែមានចន្លោះមួយ ដែលយើងអាចចូលរួមស្វែងយល់អំពីការកសាងសហគមន៍អាស៊ាន ដូច្នេះខ្ញុំចង់ផ្លាស់ប្ដូរគំនិតនេះដែលគិតថាមានតែសិស្សផ្នែកទំនាក់ទំនងអន្តរជាតិ ដែលគាត់គួរតែសកម្មក្នុងកិច្ចការអាស៊ាន។ ធាតុពិតយើងត្រូវការធាតុចូលពីគ្រប់ជំនាញ គ្រប់យុវជនដែលមានសាវតាខុសៗគ្នា។ បច្ចុប្បន្នយើងឃើញមាន គំនិតផ្ដួចផ្ដើមច្រើនដែរ​នៅក្នុងប្រទេសកម្ពុជាដែលគាត់ព្យាយាមដាស់ស្មារតីយុវជនដែលប្រើប្រាស់វេទិការប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីឱ្យយុវជនចាប់ផ្ដើមបង្វែអារម្មណ៍មកសិក្សាអំពីអាស៊ាន។ ឧទាហរណ៍ល្អមួយ គឺយើងមានការលើកកម្ពស់ការយល់ដឹង ពីដំបូងឡើយគឺតាមរយៈការបញ្ចូលកម្មវិធីសិក្សាតាំងពីថ្នាក់វិទ្យាល័យរហូតដល់ថ្នាក់សាកល គ្រាន់តែថានៅមានសាលាខ្លះមិនទាន់មានការអនុវត្តពេញលេញក្នុងការបញ្ចូលកម្មវិធីសិក្សានេះ ប៉ុន្តែសាលាខ្លះគាត់អាចមានការជម្រុញបានច្រើន។ ហើយក្រៅពីកម្មវិធីសិក្សាយើងមានបង្កើតជាកម្មវិធីសម្បាយៗ ដូចជាកម្មវិធីផ្លាស់ប្ដូរការសិក្សា និង ASEAN Festival ដែលយើងធ្លាប់ធ្វើនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម។

សំណួរទី ៥៖ បើតាមការយល់ឃើញរបស់លោកក្នុងនាមជាយុវជនម្នាក់ តើការទូតយុវជនអាចរួមចំណែកអ្វីបានខ្លះដល់តួនាទីរបស់កម្ពុជាដែលជាប្រធានអាស៊ាន និងត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ានក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធនានានៅក្នុងឆ្នាំ២០២២នេះ?

កម្ពុជាដែលជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងឆ្នាំ២០២២ ជាប្រធានបទមួយដែលចាប់អារម្មណ៍យូរមកហើយ ដោយសារតែឆ្នាំនេះយើងត្រូវមានការលើកឡើងអំពីការពិភាក្សារច្រើន ប៉ុន្តែកិច្ចពិភាក្សាទាំងអស់នោះស្ថិតក្នុងកម្រិតអ្នកជំនាញការបរទេសដើម្បីសិក្សាទៅលើបញ្ហានានា ក៏ដូចជាព្យាយាមបង្កើតធាតុចូលគោលនយោបាយក្នុងការដើរតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងឆ្នាំ២០២២នេះ។ ប៉ុន្តែចំនុចមួយដែលខ្ញុំឃើញថាយើងមិនទាន់បានធ្វើពេញលេញនោះ គឺការប្រើប្រាស់ (មិនមែនក្នុងន័យអវិជ្ជមាន) យុវជនជាឧបករណ៍ការទូត ក្នុងការលើកកម្ពស់ផ្សព្វផ្សាយអំពីតួនាទីកម្ពុជាជាប្រធានប្ដូរវេនអាស៊ាន។ យើងត្រូវទទួលស្គាល់អំពីឥទ្ធិពលនៃការយល់ដឹង (Power of Awareness) ថាតើឥទ្ធិពលអ្វីដែលអាចធ្វើឱ្យការយល់ដឹងអាចកើតមានបាន ហើយយុវជនសកម្មទៅលើការលេងអ៊ីនធឺណិត ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដូច្នេះ យើងប្រើប្រាស់ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយទាំងអស់នេះ ដើម្បីឱ្យយុវជនចូលរួមបន្ថែមដោយបំផុសស្មារតីឱ្យពួកគាត់ស្វែងយល់អំពីការទូតរបស់កម្ពុជា ដែលគាត់រស់នៅក្នុងប្រទេសកម្ពុជាគាត់មានភាពចាំបាច់ក្នុងការយល់ដឹង មិនចាំបាច់ទាល់តែគាត់ជាអ្នកចូលរួមក្នុងវិស័យនេះ ទើបត្រូវតែយល់ដឹងទេ ប៉ុន្តែយុវជនជាទូទៅត្រូវតែយល់ដឹង ថាការទូតរបស់ប្រទេសយើងក្នុងឆ្នាំនេះផ្ដោតទៅលើអ្វីខ្លះ។ កិច្ចប្រជុំធំៗដែលនឹងត្រូវរៀបចំនៅក្នុងប្រទេសកម្ពុជា ការលើកកម្ពស់ឱ្យមានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីជួយផ្សព្វផ្សាយកិត្តិនាមរបស់កម្ពុជាក្នុងឆាកអន្តរជាតិ គឺតួនាទីរបស់យុវជនមានសារៈសំខាន់ក្នុងការងារទាំងអស់នេះ។ បើយើងក្រឡេកទៅមើលកាលពីកម្ពុជាធ្វើជាប្រធានអាស៊ានតាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០១២ នៅក្នុងសម័យកាលដែលមិនទាន់មានបច្ចេកវិទ្យាជឿនលឿន ដូច្នេះប្រទេសធំៗដែលមានអំណាចខាងប្រព័ន្ធផ្សព្វផ្សាយ ធ្វើការរាយការណ៍និងផ្សព្វផ្សាយនូវអ្វីដែលកើតឡើងក្នុងប្រទេសកម្ពុជា ហើយយើងនៅមានកង្វះខាននូវប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះដើម្បីឆ្លើយតបពន្យល់ពីការពិតរបស់កម្ពុជានៅឡើយ។ អញ្ចឹងហើយក្នុងឆ្នាំមានការខុសប្លែក ដោយសារបច្ចេកវិទ្យាមានការជឿនលឿន ហើយកម្ពុជាក៏អាចមានសមត្ថភាពជាងមុន បើប្រៀបធៀបជាមួយនឹងសម័យមុន។ អញ្ចឹងយើងប្រើប្រាស់នូវសមត្ថភាពដែលយើងមាន ដើម្បីជួយផ្សព្វផ្សាយអំពីកិត្តិនាមរបស់កម្ពុជា និងតួនាទីសំខាន់ពិតប្រាកដរបស់កម្ពុជាក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាន។ នេះគឺជាការចូលរួមមួយដែរ តែបើយើងក្រឡេកបន្តិចយើងគិតថាយុវជនដូចអត់មានតួនាទីសំខាន់នៅក្នុងកិច្ចប្រជុំការទូតធំដំនៅឡើយ ដោយសារគាត់មិនមែនជាអ្នកចូលរួមប្រជុំ ប៉ុន្តែមនុស្សក្រៅឆាកមានតួនាទីសំខាន់ដូចគ្នាតែនៅក្នុងវិធីផ្សេងក្នុងការផ្សព្វផ្សាយ។ ជាក់ស្ដែងយើងមើល នៅតាមបណ្ដាញសង្គមដែលមានគំនិតផ្ដួចផ្ដើមមួយចំនួនដែលគាត់បានធ្វើមាតិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media Content) ដើម្បីជួយផ្សព្វផ្សាយថានៅក្នុងថ្ងៃនេះកម្ពុជានឹងប្រជុំលើបញ្ហាអ្វីខ្លះ ដែលនេះសុទ្ធតែជាឧបករណ៍ដែលយើងផ្សព្វផ្សាយអំពីភាពជាអ្នកដឹកនាំរបស់កម្ពុជា (Cambodia Leadership) នៅក្នុងឆ្នាំនេះ ថាយើងផ្ដោតសំខាន់ទៅលើអ្វី ហើយយើងសម្រេចបានអ្វីខ្លះ។ ងាកពីការផ្ដោតតែលើបញ្ហាប្រឈម និងចំនុចអវិជ្ជមានដែលអាចកើតមានឡើង យើងអាចបង្វែរអារម្មណ៍មើលឱ្យគ្រប់ជ្រុងជ្រោយទៅលើការសម្រេចបានផងដែរ ពីព្រោះជួនកាលប្រព័ន្ធផ្សព្វផ្សាយពីខាងក្រៅអាចបង្កើតចំនុចអវិជ្ជមានច្រើនមកលើកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជា ចុះហេតុអ្វីបានជាយើងមិនអាចបង្កើតការទូតយុវជនដែលអាចផ្សព្វផ្សាយអំពីចំនុចល្អខ្លះសម្រាប់កម្ពុជា ខ្ញុំគិតថាកន្លែងនេះជាចំនុចមួយដែលអាចចូលរួមបាន។ ដូច្នេះវាអាចជួយកំណត់របៀបវារៈកិច្ចប្រជុំអាស៊ានបានដូចគ្នា សំខាន់បំផុតគឺកិត្តិនាមជាសាធារណៈរបស់យើង ដើម្បីជៀសវាងការយល់ច្រឡំណាមួយដែលមិនចាំបាច់សម្រាប់ប្រទេសយើង ក៏ដូចជាសម្រាប់សហគមន៍យើងទាំងមូលផងដែរ។

ជាចុងក្រោយខ្ញុំមានពីរចំនុច ទីមួយសម្រាប់យុវជន និងទីពីរគឺសម្រាប់ថ្នាក់ដឹកនាំផ្ទាល់តែម្ដង។ សម្រាប់យុវជន បច្ចុប្បន្នយើងមានការចូលរួមយ៉ាងសកម្មច្រើន ជាពិសេសសិស្សដែលគាត់មានបទពិសោធន៍ស្រាប់ទៅលើការចូលរួមកម្មវិធីផ្លាស់ប្ដូរផ្សេងៗ ក៏ដូចជាការចូលរួមគំនិតផ្ដួចផ្ដើផ្សេងៗដែលធ្វើលើរឿងការទូតយុវជន ទាក់ទងជាមួយនឹងការស្វែងយល់អំពីអាស៊ាន។ អញ្ចឹងសម្រាប់យុវជនដែលគាត់មិនទាន់បានស្វែងយល់ច្រើន ខ្ញុំលើកទឹកចិត្តឱ្យគាត់នៅតែស្វែងយល់ លើកទឹកចិត្តឱ្យគាត់ស្វែងយល់ថាក្នុងឆ្នាំនេះនឹងមានអ្វីកើតឡើងនៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំធំៗរបស់អាស៊ាន ការចូលរួមបង្កើតមាតិកាមួយចំនួនដែលជួយផ្សព្វផ្សាយអំពីកិត្តិនាមរបស់ប្រទេសកម្ពុជា និងភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងការដឹកនាំកិច្ចប្រជុំការទូតធំៗ ដែលខ្ញុំគិតថាវាកម្រ ពីព្រោះយើងត្រូវការរយៈពេល១០ឆ្នាំក្នុងការធ្វើម្ដង ដែលជាឱកាសមួយដែលយើងគួរតែឆោងចាប់ធ្វើអ្វីមួយដែលមានអត្ថន័យសម្រាប់សង្គមរបស់យើង។ ទីពីរ ផ្ញើពាក្យដែលខ្ញុំអាចនិយាយទៅកាន់ភាគីពាក់ព័ន្ធក៏ដូចជាក្រសួងស្ថាប័នដែលគាត់រៀបចំកិច្ចប្រជុំអាស៊ាន គួរតែផ្ដោតខ្លាំងដែរទៅលើការប្រើប្រាស់ការទូតយុវជន ដើម្បីជួយចូលរួមនៅក្នុងភាពជោគជ័យសម្រាប់ការរៀបចំកិច្ចប្រជុំអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២នេះ តាមរយៈការផ្ដល់ការទទួលស្គាល់ ការផ្ដល់ការគាំទ្រដល់ក្រុមយុវជនណាដែលគាត់មានភាពចង់ដឹងចង់លឺ និងចង់ចូលរួមជួយរៀបចំកម្មវិធីបន្ទាន់បន្សំ (Side Events) ផ្សេងៗដែលអាចជួយលើកកម្ពស់កម្មវិធីភាពជាប្រធានអាស៊ានរបស់កម្ពុជា។ ការផ្ដល់ការគាំទ្រ និងទឹកចិត្តដល់យុវជនក្នុងការចូលរួមកាន់តែសកម្មនៅក្នុងការលើកកម្ពស់កិត្តិនាមសាធារណៈរបស់កម្ពុជា ហើយក្រសួងស្ថាប័នពាក់ព័ន្ធក៏គួរតែមានកម្មវិធីបន្ទាប់បន្សំមួយណាដែលមានភាពបង្កើតថ្មី។

**********

វាគ្មិនកិត្តិយស៖ លោក លឹម ឆាយ ប្រធានគ្រប់គ្រងកម្មវិធីនយោបាយការបរទេស នៃមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំនៅកម្ពុជា (KAS Cambodia)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner