ក្រុមបាល់ទាត់ខេត្តកំពង់ចាម គឺជាបេក្ខភាពចុងក្រោយគេបន្តទៅវគ្គ ៨ក្រុម ពានរង្វាន់ បាល់ទាត់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រដូវកាលទី១

ក្រុមបាល់ទាត់ខេត្តកំពង់ចាម ដែលមានប្រជាប្រិយភាព មានអ្នកគាំទ្រច្រើន និងសម្បូរដោយកីឡាករមានទេពកោសល្យ សិតសឹងតែយុវជនក្នុងភូមិរកា ឃុំសំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយយកឈ្នះក្រុមយុវជន២ធ្នូត្នោត ក្នុងលទ្ធផល ៤ទល់០ នៅវគ្គ១៦ក្រុម ពានរង្វាន់បាល់ទាត់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត រដូវកាលទី១ ឆ្នាំ២០២២ កាលពីល្ងាចថ្ងៃទី១៥ ខែមីនាម្សិលមិញ នាទីលានបាល់ទាត់ស្ថិតនៅភូមិពោធិរោងលើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លទ្ធផល៤គ្រាប់របស់ក្រុមបាល់ទាត់ខេត្តកំពង់ចាម រកបានដោយកីឡាករ ចាន់ ថាអាឡាហ្វីន , អ៊ន់ សីហា , សុខ ម៉ាន់សូត្រ និងកីឡាករ យ៉ា ទើត ម្នាក់មួយគ្រាប់ ខណៈក្រុមយុវជន២ធ្នូត្នោត មិនអាចរកគ្រាប់បាននោះទេ ។ ជ័យជំនះនេះបានធ្វើក្រុមមានមូលដ្ឋាន នៅខេត្តកំពង់ចោម ក្លាយជាបេក្ខភាពចុងក្រោយគេឈានទៅវគ្គ៨ក្រុម ក្នុងចំណោម៧ក្រុមផ្សេងៗទៀត រួមមាន ក្រុមយុវជនសន្តិភាពពោធិរោងលើ , ក្រុមយុវជនឥន្រ្ទី១០០ហិចតា ខេត្តរតនៈគីរី , ក្រុមយុវជនរស្មីសន្តិភាពពង្រ១ , ក្រុម យុវជននាគកំណាចសាច់សូរ , ក្រុមយុវជនសាលាអន្តរជាតិ រ៉ះម៉ាស់ , ក្រុមយុវជនមហាហង្សឈើទាលភ្លោះ , និងក្រុមកីឡាបាល់ទាត់ត្រពាំងថ្ម ។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រដូវកាលទី១ ឆ្នាំ២០២០ មាន៣២ក្រុមចូលរួម ការប្រកួតធ្វើតាមរូបមន្តចាញ់ធ្លាក់ រហូតដល់វគ្គផ្តាច់ព្រ័ត្រ រកជើងឯកតែម្តង ។ លោក នៅ សារី ស្ថាបនិកពានរង្វាន់នេះ បានបញ្ជាក់ថា ការបង្កើតពាននេះ ធ្វើឡើងក្នុងគោលបំណង ក្រោមដំបូលសន្តិភាព ជាមួយនឹងការអបអរ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃអនាគត ជាពិសេសចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់តាមភូមិ ឃុំ ស្រុក ស្របតាមអនុសាស្រ្តដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន « ប្រជាពលរដ្ឋម្នាក់គប្បីលេងកីឡាអោយបានមួយមុខប្រចាំជីវិត » និងផ្តល់ឪកាសអោយយុវជនលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាពផងដែរ ។

សូមបញ្ជាក់ថា ប្រកួតបាល់ទាត់ ពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រដូវកាលទី១ ឆ្នាំ២០២០ វគ្ក៨ក្រុមចុងក្រោយ ក្រុម សាលារ៉ះម៉ាស់ ត្រូវប៉ះ ក្រុមយុវជនមហាហង្សឈើទាលភ្លោះ , ក្រុម ក្រុមយុវជនសន្តិភាពពោធិរោងលើ ប៉ះ ក្រុមយុវជនឥន្រ្ទី១០០ហិចតា ខេត្តរតនៈគីរី , ក្រុមយុវជនរស្មីសន្តិភាពពង្រ១ និងក្រុមយុវជនណាកកំណាចសាច់សូរ និងក្រុមកីឡាបាល់ទាត់ត្រពាំងថ្ម ប៉ះ ក្រុមបាល់ទាត់ខេត្តកំពង់ចាម ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner