ប្រេសិតចិនប្រចាំយូអិន ៖ ការដាក់ទណ្ឌកម្មនឹងមិនអាចជួយដោះស្រាយវិបត្តិអ៊ុយក្រែនបានឡើយ

ប៉េកាំង៖ អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក ហ្សាង ជុន (Zhang Jun) នៅថ្ងៃចន្ទថ្លែងថា ការប្រើប្រាស់ទណ្ឌកម្មដោយចេតនា នឹងមិនអាចជួយដោះស្រាយជម្លោះក្នុងប្រទេសអ៊ុយក្រែនបាននោះទេ ប៉ុន្តែគ្រាន់តែជាការបង្កើតបញ្ហាថ្មីៗប៉ុណ្ណោះ។

លោក ហ្សាង បានថ្លែងនៅឯវេទិការសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការកើនឡើងនៃទណ្ឌកម្មបានប៉ះពាល់យ៉ាងធ្ងន់ធ្ងររួចហើយ ហើយនឹងបន្តប៉ះពាល់ដល់ហិរញ្ញវត្ថុសកលលោក ថាមពល អាហារ ការដឹកជញ្ជូន ខ្សែសង្វាក់ផ្គត់ផ្គង់ និងវិស័យផ្សេងៗទៀត ដែលរារាំងដល់សេដ្ឋកិច្ចពិភពលោកដែលផុយស្រួយរួចទៅហើយ ចំពេលមានការរាតត្បាតនៃជំងឺកូវីដ១៩។

លោក ហ្សាង បន្ថែមថា ទណ្ឌកម្មនេះ នឹងជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយថា ចិនជាថ្មីម្តងទៀតអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូតកាន់តែខ្លាំងឡើងដោយសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង ហើយនាំបញ្ហាអ៊ុយក្រែនត្រឡប់ទៅរកដំណោះស្រាយនយោបាយភ្លាមៗ។

លោក ហ្សាង បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងពង្រឹងទំនាក់ទំនង និងការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ និងបន្តតួនាទីស្ថាបនារបស់ខ្លួន ក្នុងការលើកកម្ពស់កិច្ចសន្ទនាដើម្បីសន្តិភាព។ ដោយកត់សម្គាល់ថា រុស្ស៊ី និងអ៊ុយក្រែនបានបើកការចរចាដោយផ្ទាល់ជាច្រើនជុំ ហើយបានបង្ហាញឆន្ទៈក្នុងការបន្តការចរចាបន្ថែមទៀតនោះ លោក ហ្សាង បានបន្ថែមថា សហគមន៍អន្តរជាតិត្រូវតែជួយរក្សានូវសន្ទុះវិជ្ជមាន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner