សម្ដេចតេជោ លើកទឹកចិត្តឱ្យព្រះអម្ចាស់រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត ជំរុញកិច្ចសហប្រតិបត្តិការលើរាល់សក្ដានុពល ដែលយើងមាន និងជំរុញការអនុវត្ត ឱ្យទទួលបានជោគជ័យ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ព្រះអម្ចាស់ រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត ជំរុញកិច្ចសហប្រតិបត្តិការលើរាល់សក្ដានុពលដែលយើងមាន ជាពិសេស វិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងជំរុញការអនុវត្តឱ្យទទួលបានជោគជ័យ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ។
ក្នុងឱកាសនេះ ព្រះអង្គម្ចាស់ ហ្វាសាល់ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីព្រះមហាក្សត្រ និងព្រះរាជទាយាទជូនសម្ដេចតេជោ ហើយក៏បានគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺតាមការណែនាំដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរផង និងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង តាមរយៈកិច្ចពិភាក្សាជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រទេសយើងទាំងពីរ មានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការដូចជា វិស័យទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ កសិកម្ម ។ល។ ក្នុងន័យនេះ ព្រះអម្ចាស់សូមគោរពសុំការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយព្រះអម្ចាស់ ហើយក៏បានស្វាគមន៍ និងលើកទឹកចិត្តឱ្យព្រះអង្គម្ចាស់ ហ្វាសាល់ ជំរុញកិច្ចសហប្រតិបត្តិការលើរាល់សក្ដានុពលដែលយើងមាន ជាពិសេស វិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម រៀបចំផែនការសកម្មភាព និងជំរុញការអនុវត្ត ឲ្យទទួលបានជោគជ័យ ។
សូមជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដឹកនាំគណៈប្រតិភូ យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ ហ្វាសាល់ មកកាន់កម្ពុជា នឹងពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃដែលមានស្រាប់រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រជាជាតិទាំងពីរ ៕ ដោយ វណ្ណលុក






