ក្រុមការងារក្រសួងទេសចរណ៍ចុះពិនិត្យការរៀបចំទីតាំង ដើម្បីទទួលប្រតិភូក្រុមប្រឹក្សាកីឡា Sea games នៅព្រលានយន្តហោះអន្តរជាតិសៀមរាប
នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយ ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការ សហការជាមួយរដ្ឋបាលខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចុះពិនិត្យការរៀបចំទទួលប្រតិភូកីឡាក្រុមប្រឹក្សាកីឡា Sea games ដោយផ្តោតទៅលើការរៀបចំលំហូរធ្វើដំណើរ ការតុបតែងបដាផ្សព្វផ្សាយ និងកិច្ចស្វាគមន៍ជាដើម។
ក្រុមប្រឹក្សាកីឡា Sea games ដែលតំណាងប្រទេសចំនួន១០របស់អាស៊ាន និងប្រទេសទីម័រនឹងរៀបចំកិច្ចប្រជុំអំពីការរៀបចំព្រឹត្តិការណ៍កីឡា Sea games នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ក្រៅពីប្រជុំ ប្រតិភូក្រុមប្រឹក្សាកីឡា Sea games នឹងអញ្ជើញទៅស្សនានៅតាមប្រាសាទនានារបស់កម្ពុជាផងដែរ។
ឯកឧត្តម សុខ សង្វារ បញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ខាងមុខនេះ កម្ពុជាបានត្រៀមលក្ខណសម្បត្តិជាច្រើន ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ ព្រោះនេះជាលើកទី១ហើយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តមបន្ថែមថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះ មិនមែនសំដៅលើជោគជ័យនៃការប្រកួតតែម្យ៉ាងទេ តែនេះជាឱកាសផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជាទៅកាន់បណ្តាប្រទេសនៅអាស៊ាន ក៏ដូចជាប្រទេសនានាលើពិភពលោកផងដែរ៕ចាន់ វិចិត្រ





