ក្រុមជម្រើសជាតិ ប្រដាល់សកល ទទួលបានការលើកទឹកចិត្ត មុនចេញ ទៅបោះជំរំហ្វឹកហត់ និងប្រកួតនៅថៃ
ក្រុមកីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជាទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំសហព័ន្ធ មុនចេញទៅបោះជំរំហ្វឹកហាត់ និងប្រកួតនៅ ខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបញ្ជាក់ថា នៅក្នុងវិធីថ្ងៃទី២៤មីនានេះ គឺដើម្បីពិនិត្យឯកសារសំខាន់ៗ សម្រាប់ចូលរួមប្រកួត និងធ្វើដំណើរ ក៏ដូចជាណែនាំពីនីតិវិធីហោះហើរ និងប្រកួត និងផ្តាំផ្ញើការសួរសុខទុក្ខ និងអនុសាសន៍របស់ថ្នាក់ដឹកនាំសហព័ន្ធ។
ឆ្លៀតក្នុងឱកាសនេះ លោកអគ្គលេខាធិការក៏បានផ្តល់ជូននូវសម្ភារហ្វឹកហាត់ រួមមានស្បែកជើងរត់ អាវយឺតហ្វឹកហាត់ និងកាតាប និងបានពាំនាំយកថវិកាឧបត្ថម្ភលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំសហព័ន្ធដល់ក្រុមប្រតិភូទាំង ៤នាក់ រួមមាន៖ ១.ថវិកាឧបត្ថម្ភរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានកិត្តិយស ចំនួន ៣០ម៉ឺនរៀល ក្នុង១នាក់ សរុប ១លាន២សែនរៀល។ ២.ថវិកាឧបត្ថម្ភ លោក តាវ ម៉េងហួរ អនុប្រធានកិត្តិយស ចំនួន ៤០ម៉ឺនរៀល ក្នុង១នាក់ សរុប ១លាន៦សែនរៀល។ ៣.ថវិកាផ្ទាល់ខ្លួនរបស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ ចំនួន ៣០ម៉ឺនរៀល ក្នុង១នាក់ សរុប ១លាន២សែនរៀល។
ថវិកាឧបត្ថម្ភក្នុងម្នាក់ៗទទួលបាន ១លានរៀល ស្របពេលដែលលោក ខេស៊ី បាណេត ក៏បានឧបត្ថម្ភថវិកា ១,៤៥០ ដុល្លារអាម៉េរិក សម្រាប់ការចំណាយបង់ថ្លៃទិដ្ឋាការ ទិញធានារ៉ាប់រង ថ្លៃធ្វើតេស្ត PCR និងពិនិត្យសុខភាព។
ដោយឡែក សហព័ន្ធក៏បានស្នើសុំប្រាក់ហោប៉ៅពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ក្រុមប្រតិភូផងដែរ ហើយប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួងឯកភាព នោះប្រតិភូទាំង ០៤រូប នឹងទទួលបានប្រាក់ហោប៉ៅ ៨០ម៉ឺនរៀល ក្នុងម្នាក់ៗបន្ថែមទៀត។
គួរបញ្ជាក់ជា ប្រតិភូកីឡាប្រដាល់សកលកម្ពុជាទាំង៤នាក់ គឺគ្រូបង្វឹកម្នាក់ និងកីឡាករ៣នាក់ គឺសៅ រង្សី ប្រភេទទម្ងន់ ៥៧ គ.ក្រ ទូច ដេវីត ប្រភេទទម្ងន់ ៦៣ គ.ក្រ និងវី សុភ័ស ប្រភេទទម្ងន់ ៦៩ គ.ក្រ ដោយត្រូវហ្វឹកហាត់ពីថ្ងៃទី២៦-៣១ ខែមីនា ហើយចាប់ផ្តើមប្រកួតពីថ្ងៃទី១-១០ ខែមេសា ២០២២៕ចាន់ វិចិត្រ








