ប្រធានាធិបតីអ៊ុយក្រែនស្នើឱ្យជប៉ុនបង្កើនសម្ពាធទណ្ឌកម្មលើរុស្ស៊ី
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធបានជំរុញឱ្យរដ្ឋាភិបាលជប៉ុនបង្កើនសម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មពាណិជ្ជកម្ម។
ថ្លែងទៅកាន់សមាជិកសភាជប៉ុន តាមរយៈដំណរភ្ជាប់វីដេអូអនឡាញ ក្នុងកាយវិការដែលមិនធ្លាប់មានចំពោះមេដឹកនាំបរទេស លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន សម្រាប់ការដឹកនាំក្នុងចំណោមប្រជាជាតិអាស៊ី ដើម្បីធ្វើការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការដាក់ទណ្ឌកម្ម។
នាឱកាសនោះដែរ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបញ្ជាក់ដូច្នេះថា ការដាក់ទណ្ឌកម្មពាណិជ្ជកម្មលើរុស្ស៊ី គឺជារឿងចាំបាច់… វាចាំបាច់ក្នុងការដកក្រុមហ៊ុនចេញពីទីផ្សាររុស្ស៊ី ដើម្បីបិទខ្ទប់ចរន្តសាច់ប្រាក់ហូរចូលទៅក្នុងដៃកងទ័ពរុស្ស៊ី ។
ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា បាននិយាយថា លោកគ្រោងនឹងបង្ហាញវិធានការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន ក៏ដូចជាពង្រឹងការដាក់ទណ្ឌកម្មរបស់ទីក្រុងតូក្យូប្រឆាំងនឹងរុស្ស៊ី នៅក្នុងកិច្ចប្រជុំ G7 នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ៕ ប្រភព៖ Reuters ប្រែសម្រួលដោយ៖ ឈឹម ទីណា



