អាជ្ញាធរជាតិអប្សរា ដាំដើមឈើ ១ម៉ឺនដើម នៅក្នុងរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន TotalEnergies រួមគ្នាដាំដើមឈើចំនួនជាង ១០ ០០០ដើម នៅមុខបរិវេណប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ កាលពីចុងសប្តាហ៌នេះ ដើម្បីថែរក្សាទេសភាពវប្បធម៌ បង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ ហើយក៏បង្កើតជាជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង។
ពិធីដាំដើមឈើស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងលោកស្រី Dinah KUMAR ប្រធានគ្រប់គ្រងក្រុមហ៊ុនតូតាល់អេនើជីនៅកម្ពុជា ព្រមទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកប្រមាណ ២០០នាក់។
លោកជំទាវបណ្ឌិតសភាចារ្យមានប្រសាសន៍នៅក្នុងពិធីដាំកូនឈើនោះថា តំបន់អង្គរជាកេរ្តិ៍មត៌កដូនតាខ្មែររាប់ជំនាន់មកហើយ ពោលគឺប្រាសាទតែងតែនៅជាមួយមនុស្ស នៅជាមួយព្រៃព្រឹក្សា និងទឹក។ អ្វីដែលយើងធ្វើនៅថ្ងៃនេះគឺជាផ្នែកមួយក្នុងការថែរក្សាមត៌កវប្បធម៌របស់យើង។
លោកជំទាវមានប្រសាសន៍ទៀតថា មិនចំពោះតែប្រាសាទទេ សូម្បីតែនៅតាមវត្តអារាមនានាគឺព្រះសង្ឃ តែងមានផ្តល់ឱវាទឱ្យពុទ្ធបរិស័ទ្ធដាំដើមឈើ ពីព្រោះដើមឈើបានផ្តល់នូវប្រយោជន៍ជាច្រើនដល់មនុស្ស។
បច្ចុប្បន្ននេះ នៅតំបន់អង្គរ ក្រៅពីការជួយការពារប្រាសាទ ការដាំកូនឈើរឹតតែមានសារៈសំខាន់ថែមទៀតចំពោះបរិស្ថាន ដែលជាការចូលរួមឱ្យសម្រេចគោលនយោបាយ “ហ្សេរ៉ូកាបោន” ក្នុងពេលដែលពិភពលោកកំពុងមានបញ្ហាប្រែប្រួលអាកាសធាតុ។
លោកជំទាវបណ្ឌិតសភាចារ្យក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Total Energies ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា រួមគ្នាដាំដើមឈើ ធ្វើឱ្យមានភាពស្រស់បំព្រងនៅរមណីយដ្ឋានអង្គរ ដែលអាចបន្សល់ទុក ស្នាដៃល្អសម្រាប់កូនចៅជំនាន់ក្រោយ។
សូមបញ្ជាក់ថាក្រុមហ៊ុន Total Energies បានចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិអប្សរា លើគម្រោងដាំ និងថែទាំដើមឈើ (Angkor TotalEnergy Park) សម្រាប់រយៈពេល៥ឆ្នាំ(២០២១-២០២៦)៕ស្រីរុំ