ក្រុមហ៊ុន ទ្រូម៉ាន់នី និងធនាគារ ហត្ថា សហការគ្នាផ្តល់ជូនសេវាបង់សងប្រាក់កម្ចីកាន់តែងាយស្រួល និងមានប្រសិទ្ធភាពដល់អតិថិជន

ភ្នំពេញ៖ គ្រឹះស្ថានហិរញ្ញវត្ថុដែលមានឈ្មោះល្បីល្បាយរបស់កម្ពុជាចំនួនពីរ គឺក្រុមហ៊ុន ទ្រូម៉ាន់នី និងធនាគារ ហត្ថា បានសហការគ្នាផ្តល់ជូនសេវាបង់សងប្រាក់កម្ចីកាន់តែងាយស្រួល និងមានប្រសិទ្ធភាពដល់អតិថិជនរបស់ខ្លួន។ ភាពជាដៃគូនេះត្រូវបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់មួយនាពេលថ្មីៗនេះ។

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅក្នុងតំបន់ និងជាផ្នែកមួយនៃ ក្រុមហ៊ុន អាសិន ម៉ាន់នី (Ascend Money) ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ស៊ីភី គ្រុប (CP Group) និងក្រុមហ៊ុន អាន់ ហ្វាយនិនសល (Ant Financial) របស់ក្រុមហ៊ុន អាលីបាបា (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។

ធនាគារ ហត្ថា ជាធនាគារ ដែលមានបណ្តាញប្រតិបត្តិការ ទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។ ហើយ គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំ ជាងគេលំដាប់ទី៥ នៅប្រទេសថៃ ក្នុងលក្ខខណ្ឌផលប័ត្រឥណទាន និង ប្រាក់បញ្ញើ។

ឥឡូវនេះ គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរកំពុងធ្វើការងាររួមគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនខ្លួន។ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាបង់សងប្រាក់កម្ចីកាន់តែរហ័ស ងាយស្រួល និងមានប្រសិទ្ធភាពដល់អ្នកខ្ចីប្រាក់របស់ធនាគារ ហត្ថា នៅទូទាំងប្រទេស។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ ហត្ថា មានប្រសាសន៍ថា ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការកោតសរសើរ និងការគាំទ្រដោយធនាគារ ក្រុងស្រ៊ី ដែលជាធនាគារដ៏ល្បីឈ្មោះមួយនៅក្នុងតំបន់ ធនាគារ ហត្ថា ពិតជាមានមោទនភាពដែលអាចផ្តល់សេវាថ្មីនេះដើម្បីជាប្រយោជន៍ដល់អតិថិជនរបស់ខ្លួន ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី នៅកម្ពុជា។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំពិតជាជឿជាក់ថា តាមរយៈភាពជាដៃគូនេះ យើងអាចផ្តល់ដំណោះស្រាយហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនរបស់យើង។ សំខាន់ជាងនេះ វាក៏នឹងក្លាយទៅជាផ្នែកមួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងបង្កើនលទ្ធភាពជូនអតិថិជន ឱ្យទទួលបាននូវសេវាហិរញ្ញវត្ថុលឿនរហ័ស និងមានសុត្ថិភាពខ្ពស់នៅទូទាំងប្រទេសផងដែរ។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី៖ «ក្រុមហ៊ុន ទ្រូម៉ាន់នី តែងតែស្វែងរកមធ្យោបាយថ្មីៗដើម្បីជួយដល់អតិថិជនរបស់យើង ព្រមទាំងក្រុមហ៊ុនជាដៃគូនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងស្រុក។ ដូចក្រុមហ៊ុន ទ្រូម៉ាន់នី ដែរ ធនាគារ ហត្ថា មានកំណត់ត្រានិងប្រវត្តិដ៏ល្អ។ យើងមានក្តីរីករាយដែលអាចផ្តល់សេវាតម្លៃបន្ថែមទាំងនេះទៅកាន់អតិថិជនរបស់ធនាគារ ហត្ថា»។ ក្នុងការធ្វើការងាររួមគ្នានេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងជួយធនាគារ ហត្ថា ឱ្យពង្រីកវិសាលភាពរបស់ខ្លួនដើម្បីផ្តល់ភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់អតិថិជន៕ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner