រដ្ឋមន្ត្រីក្រសួងការងារ និងអង្គការ ILO ជួបពិភាក្សាដោយផ្តោតលើការវិវត្តវិស័យការងារ និងការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Takanobu Teramoto ប្រធានប្រតិភូបេសកកម្មដោយផ្ទាល់ និងប្រតិភូបេសកកម្មដោយផ្ទាល់របស់អង្គការអន្តរជាតិខាងការងារ(ILO) ចូលជួបសម្តែងការ និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្នុងជំនួបនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងពីបេសកកម្មនេះពិតជាមានសារៈសំខាន់ មិនមែនសម្រាប់តែអង្គការអន្តរជាតិខាងការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជាផងដែរ ព្រោះវាគឺជាឱកាសដែលក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធដែលរួមមានទាំងតំណាងអង្គការវិជ្ជាជីវៈ និងដៃគូសង្គមបានជួប និងសន្ទនាដោយផ្ទាល់ជាមួយគណៈប្រតិភូ ដើម្បីបង្ហាញអំពីការវិវត្តវិស័យការងារ ជាពិសេសការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានជម្រាបជូនគណៈប្រតិភូថា ការគោរពសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈត្រូវបានធានា និងលើកម្ពស់នៅព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាផ្សារភ្ជាប់ការគោរពលក្ខខណ្ឌការងារជាមួយពាណិជ្ជកម្មអន្តរជាតិ។ យ៉ាងណាមិញ អនុលោមតាមអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ ច្បាប់ស្តីពីសហជីពនៃព្រះរាជាណាចក្រកម្ពុជាផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញទៅកម្មករនិយោជិត និងនិយោជកក្នុងការបង្កើត និងអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី គ្មានការបង្ខិតបង្ខំ និងគំរាមកំហែង ។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនទាន់ដែលមាន ហើយក៏នឹងមិនអនុញ្ញាតឱ្យមានករណីដែលកម្មករនិយោជិត ឬថ្នាក់ដឹកនាំសហជីពត្រូវបានចាប់ខ្លួន ឬធ្វើទុកបុកម្នេញដោយសារសកម្មភាពស្របច្បាប់របស់ខ្លួនក្នុងការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈឡើយ ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈការជួបពិភាក្សាជាមួយមន្ត្រីបច្ចេកទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាក់ព័ន្ធ តំណាងអង្គការវិជ្ជាជីវៈ និងដៃគូសង្គម នាពេលបន្ទាប់នេះ គណៈប្រតិភូនឹងទទួលបាននូវព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងយកទៅពិចារណា និងវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យ ឈរលើមូលដ្ឋានច្បាប់ និងបទប្បញត្តិជាតិ និងអន្តរជាតិជាធរមាន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរង់ចំាទទួលយកនូវអនុសាសន៍របស់បេសកកម្មដោយផ្ទាល់នេះ ដើម្បីកែលម្អលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ថានាឱកាសនោះ លោក Takanobu Teramoto ប្រធានប្រតិភូបានលើកឡើងពីកិចុ្ចប្រជុំពិភាក្សា និងប្រឹក្សាយោបល់គ្នាទៅវិញទៅមក រវាងគណៈប្រតិភូ ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការយល់គ្នាកាន់តែប្រសើរ ដែលគណៈប្រតិភូមានលទ្ធភាពធ្វើសេចក្តីសន្និដ្ឋាន ឲ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ពាក់ព័ន្ធទៅនឹងទំនាក់ទំនងវិជ្ជាជីវៈ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមតាមច្បាប់ការងារ និងបទដ្ឋានអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន កាន់តែមានភាពល្អប្រសើរបន្តទៀត ៕ ដោយ ៖ ម៉ាដេប៉ូ






