បុរស ២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តតាកុមា បុកម៉ូតូអូសជាច្រើនម៉ែត្រ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរស ២នាក់ បានស្លាប់បាត់បង់ជីវិតម្នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ពេលដែលបញ្ជូនដល់មន្ទីពេទ្យ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីកន្លែងធ្វើការក្នុងគោលបំណងទៅកន្លែងស្នាក់នៅត្រូវរថយន្ត តាកុមាមួយគ្រឿង បុកចំពេញទំហឹងអូសជាច្រើនម៉ែត្រ រួចព្យាយាមបើករត់ដល់ ខណ្ឌដង្កោ ត្រូវបាន សមត្ថកិច្ចដេញចាប់បាន បង្កការភ្ញាក់ផ្អើលកើតឡើងកាលពី វេលាម៉ោង ៩និង ៣០នាទី យប់ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០០៤ ហៅ(ផ្លូវម៉ៃដា)កែង និងផ្លូវឌួងងៀប ត្រង់ចំណុចការ៉ាស់សាំង លឹម លង់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់)ទី១មានឈ្មោះ យិន នី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅសិប្បកម្មផលិតទឹកសុទ្ធ ផ្នែកជាងភ្លើង ស្នាក់នៅជិតកន្លែងធ្វើការ ក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុក កណ្តៀង ខេត្តពោធិ៍សាត់ ។ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបានស្លាប់មានឈ្មោះ ឃុយ ទូច ភេទប្រុស អាយុ៣២ ជនជាតិខ្មែរ មុខរបរធ្វើការសិប្បកម្មផលិត ទឹកសុទ្ធផ្នែកវ៉ៃឡាំង ស្នាក់នៅជិតកន្លែងធ្វើការមានស្រុកកំណើតនៅ ខេត្តព្រះវិហារ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវេវ ពណ៌ខ្មៅគ្មានស្លាកលេខឌុបគ្នាចេញពីកន្លែងធ្វើការ តាមបណ្តោយផ្លូវ ឌួងងៀបទឹសដៅពីត្បូងទៅជើងបំណងទៅកន្លែងស្នាក់នៅ។ ខណៈមកដល់ចំណុចកើតហេតុខាងលើជាផ្លូវបំបែកជាបួនបើកឆ្លងមិនប្រយ័ត្ន ក៏មានរថយន្តតាកុមា ពណ៌ស មួយគ្រឿងមិនចាំស្លាកលេខបើកបរដោយបុរសម្នាក់ យ៉ាងលឿនតាមបណ្តោយផ្លូវ២០០៤ (ម៉ៃដា)ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើរថយន្តក៏ជ្រុលទៅបុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតស្លាប់ពេលដែលបញ្ជូនដល់មន្ទីពេទ្យលោកសង្ឃ ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ផ្លូវជាតិលេខ២ ក្នុងខណ្ឌដង្កោត្រូវសមត្ថកិច្ច ចាប់បានបញ្ជូនឲ្យជំនាញចរាចរណ៍ក្រុងយកទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner