សម្តេចក្រឡាហោមអញ្ជើញពិនិត្យដំណើរការសាងសង់អគារថ្មីទីស្តីការក្រសួងមហាផ្ទៃលើទីតាំងចាស់

ភ្នំពេញ៖នារសៀលព្រហស្បតិ៍ទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារថ្មីទីស្ដីការក្រសួងមហាផ្ទៃ ស្ថិតលើទីតាំងចាស់ តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

អគារថ្មីនេះបានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីព្រឹកថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ផ្ទាល់។ អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មាន កម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ ចំណតរថយន្ត ចំនួន ៣៣០គ្រឿង ។ ដំបូលអគារមានកម្ពស់ ៦៣ម៉ែត្រ គិតត្រឹម ដំបូលក្បឿង ៩២ម៉ែត្រគិតដល់ចុងបុស្បបុកតូច និង១១៨ម៉ែត្រ គិតដល់ចុងបុស្បបុកធំ ។

យោងតាមប្លង់ស្ថាបត្យកម្ម អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ជា ប្រភេទ ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿង ស្រកា លេញ មានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្ត កំពូល ប្រាំ និងអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ ព្រម ទាំង គិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាពសក្តិសមជាទីកន្លែងបំពេញការងារបែបសម័យទំនើបថ្មី ។

តាមគម្រោង ដំណើរការសាងសង់អគារថ្មីនេះ គ្រោងនឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០២៣ ខណៈបច្ចុប្បន្នសាងសង់បានប្រមាណ ២០ ភាគរយ ដោយគ្រោងចំណាយថវិកាប្រមាណ៦០លានដុល្លារ អាមេរិក ៕ដោយ៖រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner