ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាមីយ៉ាន់ម៉ា ជាមួយប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាជាមួយ លោកជំទាវបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាស៊ាន-អង្គការសហប្រជាជាតិ ក៏ដូចជា រវាងប្រេសិតពិសេសទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១។ នេះគឺជាជំនួបលើកទីពីរ បន្ទាប់ពីជំនួបលើកទី១ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចាប់ផ្តើមកិច្ចពិភាក្សាដោយជម្រាបជូនដៃគូសន្ទនា របស់ឯកឧត្តម អំពីសកម្មភាព ការប្រឈមនានា និងលទ្ធផលនៃជំនួបរបស់ឯកឧត្តមជាមួយភាគី ពាក់ព័ន្ធជាច្រើនក្នុងអំឡុងពេលទស្សនកិច្ចជាលើកដំបូងរបស់ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ២១-២៣ ខែមីនា ឆ្នាំ២០២២ ដោយផ្តោតជាសំខាន់ទៅលើអាទិភាពបន្ទាន់ចំនួន៣ រួមមាន ដំណើរឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា សម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ និងការកសាង ជំនឿទុកចិត្ត និងបង្កើតបរិយាកាសដើម្បីចាប់ផ្តើមកិច្ចសន្ទនាមួយប្រកបដោយបរិយាប័ន្ន និងស្ថាបនា ក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមត្រូវបានទទួល ស្វាគមន៍ជាទូទៅ និងត្រូវបានចាត់ទុកថាជាដំណើរឆ្ពោះទៅមុខដ៏សំខាន់នៅក្នុងការអនុវត្តកិច្ចព្រមព្រៀង ជា ឯក ច្ឆន្ទ៥ចំណុចរបស់អាស៊ាន ដោយគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលពីរថ្ងៃនៃដំណើរទស្សនកិច្ច ឯកឧត្តមទទួលបានការយល់ដឹងពាក់ព័ន្ធជាច្រើន សម្រាប់ដំណើរឆ្ពោះទៅមុខក្នុងការបញ្ចប់អំពើហិង្សា ក្នុងការយល់ដឹងបន្ថែមទៀតអំពីហេតុផលនៅពីក្រោយភាពមិនដូចគ្នានៃ ទស្សនៈ និងជំហរ ក្នុងចំណោមភាគីពាក់ព័ន្ធ ក៏ដូចជា តម្រូវការដើម្បីដោះស្រាយឧបសគ្គនានា ក្នុង ការចែកចាយជំនួយមនុស្សធម៌។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរអំពីបញ្ហាប្រឈមនានា ដោយគូសបញ្ជាក់ថា តួអង្គនយោបាយខុសៗគ្នានៃប្រទេសមីយ៉ាន់ម៉ា នៅមិនទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចពិភាក្សានោះទេ និងនៅតែមានការតាំងចិត្តយ៉ាងមុតមាំក្នុងការបន្តការតស៊ូរបស់ពួកគេ នៅគ្រប់ទម្រង់ ជាពិសេសតាមរយៈការតស៊ូប្រដាប់អាវុធ។ ឯកឧត្ដមបានបន្តទៀតថា វាច្បាស់ណាស់ ថា គ្មានដំណោះស្រាយភ្លាមៗចំពោះបញ្ហាដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេស សង្គម និងនៅក្នុងសតិអារម្មណ៍របស់ប្រជាជនមីយ៉ាន់ម៉ា នោះទេ។
ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូន លោកជំទាវ បណ្ឌិត Heyzer អំពីជំហានចំនួន៣នៃការងារ នាពេលបន្ទាប់របស់ឯកឧត្តម ក្នុងនាមជាប្រេសិតពិសេស។ ទីមួយ ការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់អំពីជំនួយមនុស្សធម៌ដែលគ្រោងនឹងរៀបចំនៅដើមខែឧសភា ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ ជាមួយភាគីផ្សេងៗលើរបៀបក្នុងការចែកចាយជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពឱ្យទៅដល់ ប្រជាជនដែលត្រូវការជំនួយបំផុតដោយគ្មានការរើសអើង។ ឯកឧត្តមបានបន្តថា ជំហានទីពីរ គឺអំពីគម្រោងរៀបចំជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង និង ទីបី អំពីដំណើរទស្សនកិច្ចជាលើកទី២របស់ ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Heyzer បានពិភាក្សាគ្នាយ៉ាងវែងអំពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីជំនួយមនុស្សធម៌ និងការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីធានាដំណើរការផ្តល់ជំនួយដោយរលូន និងសុវត្ថិភាព។ ក្នុងន័យនេះ ជំទាវបណ្ឌិតប្រេសិតពិសេសអង្គការសហប្រជាជាតិបានធានាចំពោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អំពីការគាំទ្រ និងការចូលរួមយ៉ាងពេញលេញរបស់អង្គការសហប្រជាជាតិ។ ប្រេសិតពិសេសទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីតួនាទីរបស់ប្រទេសមួយចំនួនក្នុងតំបន់ និងសហគមន៍អន្តរជាតិទាំងមូល ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។
ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ប្រេសិតទាំងពីរបានឯកភាពធ្វើការរួមគ្នាក្នុងការជួយប្រទេសមីយ៉ាន់ម៉ាឱ្យរួចផុតពីវិបត្តិនេះ តាមរយៈកិច្ចព្រមព្រៀង ជា ឯក ច្ឆន្ទ៥ចំណុចរបស់អាស៊ាន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងប្រេសិតអង្គការសហប្រជាជាតិ ក៏បានពិភាក្សាគ្នាផងដែរអំពីទម្រង់សហប្រតិបត្តិការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដែលត្រូវអនុវត្តដោយអាស៊ាន និងអង្គការសហប្រជាជាតិ និងដោយប្រេសិតពិសេសទាំងពីរ ក្នុងដំណើរការជាជំហានៗ ដោយចាប់ផ្តើមពីការចែកចាយជំនួយមនុស្សធម៌ទៅ។

លោកជំទាវបណ្ឌិត Heyzer បានទទួលស្គាល់នូវការលំបាកនានាដែលកម្ពុជាកំពុងប្រឈមក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការបើកផ្លូវសម្រាប់ដំណើរការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា៕ ដោយ សួង ពិសិដ្ឋ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner